អូស្ត្រាលី​ នឹងសិក្សា​លើ​សំណើ​​មួយ​ដែល​ទើប​​ដាក់​ចេញ​​ដោយ​ក្រុមប្រឹក្សា​​ ដោយ​មាន​បំណង​បង្កើន​ចំនួន​សិស្ស​ពេញវ័យ​ដែលមាន​កម្រិត​សាកលវិទ្យាល័យ ឬ​វិជ្ជាជីវៈ រួមទាំង​ការបង្កើត​មូលនិធិ​ចំនួន ៨,៨ ​ពាន់​លាន​ដុល្លារ សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ។

ក្រុមប្រឹក្សា​ដែល​​​​ដឹកនាំ​ដោយ​រដ្ឋាភិបាល រួមទាំង​នាយក​ប្រតិបត្តិ Macquarie Group លោក Shemara Wikramanayake បានផ្តល់​អនុសាសន៍​ថា​នៅ​ឆ្នាំ២០៥០​ ភាគរយ​នៃ​ចំនួន​ប្រជាជន​​​ក្នុង​វ័យ​ធ្វើការ​របស់​ប្រទេស​ ដែលមាន​ការអប់រំ​កម្រិត​ឧ​ត្ត​មសិ​ក្សា ដូចជា​សញ្ញាបត្រ​បរិញ្ញាបត្រ ឬ​សញ្ញាប័ត្រ​ទាក់ទង​នឹង​ការងារ​គួរតែ​កើន​ឡើងដល់​យ៉ាងហោចណាស់ ៨០​ ភាគរយ​​ពី កម្រិត​បច្ចុប្បន្ន ៦០ភាគរយ។

នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Anthony Albanese បាន​ប្រាប់​ទូរទស្សន៍ Nine Network នៅ​ថ្ងៃទី២៥​ខែកុម្ភៈ​​នេះ​ថា៖«យើង​ត្រូវ​រៀបចំ​ផែនការ​សម្រាប់​ការងារ​នាពេល​អនាគត ហើយ​នោះ​មាន​ន័យ​ថា​​ផ្តល់ឱ្យ​មនុស្ស​នូវ​ជំនាញ និង​ចំណេះដឹង​ដែល​ពួកគេ​ត្រូវការ»។


ក្នុងចំណោម​កំណែទម្រង់​ចំនួន៤៧​ដែល​ត្រូវបាន​ស្នើឡើង​គឺជា​អនុសាសន៍​របស់​ក្រុមប្រឹក្សា​ដែល​ថា​មូលនិធិ​អនាគត​ឧ​ត្ត​ម​សិក្សា​ត្រូវបាន​បង្កើតឡើង​ដើម្បី​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​​អន្តេវាសិកដ្ឋាន​​របស់​និស្សិត។

មូលនិធិ​នេះ​គួរតែ​រួមបញ្ចូល​ការរួមចំណែក​ពី​សាកលវិទ្យាល័យ និង​រដ្ឋាភិបាល​ក្នុង​គោល​បំណង​​ឈានដល់​​ទឹកប្រាក់​សរុប​យ៉ាង​តិ​ចំនួន ៨,៨​ពាន់​លាន​ដុល្លារ​អាមេរិក។​ នេះ​បើ​យោងតាម​របាយការណ៍​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី២៥​ខែកុម្ភៈ។


របាយការណ៍​បាន​និយាយថា ការកែលម្អ​នឹង​គាំទ្រ​ដល់​​ការ​អប់រំ​កម្រិត​វិទ្យាល័យ​ដែលមាន​ការចុះឈ្មោះ​ចូលរៀន​ពី​និស្សិត​អន្តរជាតិ​ដែល​បង់ថ្លៃ​ជាង ៤៥ម៉ឺន​នាក់​ក្នុង​ឆ្នាំ២០២២​ ហើយ​ត្រូវបាន​រាប់បញ្ចូល​ជា​វិស័យ​នាំចេញ​ធំជាងគេ​ទី៤​របស់​អូស្ត្រាលី។

រដ្ឋមន្ត្រីក្រសួង​អប់រំ លោក Jason Clare បាន​និយាយ​នៅ​ថ្ងៃទី២៥​ ខែកុម្ភៈ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា រដ្ឋាភិបាល​របស់លោក Albanese នឹងសិក្សា​ការរកឃើញ​របស់​ក្រុម​នេះ។