​នាយករដ្ឋមន្ត្រី​វៀតណាម លោក Pham Minh Chinh បាន​ប្រាប់​ភ្នាក់ងារ​អន្តោប្រវេសន៍​ឱ្យ​ពិ​ចារ​ណា​លើ​ការលើកលែង​ទិដ្ឋាការ​រយៈពេល​ពី​ ៦-១២ ខែ សម្រាប់​ប្រជាជន​មកពី​បណ្តា​ប្រទេស​អ្នកមាន​ទាំងឡាយ ដើម្បី​ជំរុញ​ការស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត VnEpress កាលពី​ថ្ងៃ​សៅរ៍​។​

​លោក Minh Chinh បាន​និយាយ​ក្នុង​សេចក្តីណែនាំ​មួយ ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​ថា វៀត​ណា​ម​ត្រូវ​ពង្រីក​បញ្ជី​នៃ​ប្រទេស ដែល​ទទួលបាន​ការលើក​លែង​ទិដ្ឋាការ​។ បច្ចុប្បន្ន មាន​ប្រទេស ចំនួន​ ១៣​ ​ដែល​ស្ថិតនៅក្នុង​បញ្ជី​នោះ រួមមាន អាល្លឺម៉ង់ បារាំង អ៊ី​តា​លី អេ​ស្ប៉ា​ញ អង់គ្លេស រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ដា​ណឺ​ម៉ាក ស៊ុយអែត ន័​រ​វែ​ស ហ្វាំ​ង​ឡង់ និង​បេឡា​រុស​។​

​នាយករដ្ឋមន្ត្រី​ដដែល ក៏បាន​ណែនាំ​ដល់ទី​ភ្នាក់ងារ​នានា ឱ្យ​ពិចារណា​លើ​ការចេញ​ទិដ្ឋាការ​រយៈពេល​វែង និង​ច្រើនដង​ពី ១២ ទៅ ​៣៦ ខែ ដើម្បី​ទាក់ទាញ​អ្នក​ចូលនិវត្តន៍​បរទេស​មា​នៗ មកពី​អឺរ៉ុប អាស៊ី​ឦសាន អាមេរិក​ខាងជើង ឥណ្ឌា និង​ប្រទេស​មជ្ឈិមបូព៌ា​មួយចំនួន​ផងដែរ​។​


​ការពិចារណា​លើ​ការលើកលែង​ទិដ្ឋាការ​នេះ ធ្វើឡើង​ក្នុង​បរិបទ​ដែល​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​​ចំនួន​ដូចជា​ថៃ និង​ម៉ាឡេស៊ី បាន​ប្រកួត​គ្នា​លើ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ជាពិសេស​ពី​ចិន ជាមួយនឹង​គោលនយោបាយ​គ្មាន​ទិដ្ឋាការ​។​

​បច្ចុប្បន្ន វៀតណាម​បាន​លើក​​លែង​ទិដ្ឋាការ​សម្រាប់​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ចំនួន ២៥ បើ​ធៀប​ម៉ាឡេស៊ី និង​សិង្ហ​បុរី មាន ១៦២ ប្រទេស រីឯ​ហ្វីលីពីន​មាន ១៥៧ ប្រទេស និង​ថៃ​មាន ៦៤ ប្រទេស​។​


​ឆ្នាំមុន វៀតណាម​ទទួលភ្ញៀវ​អន្តរជាតិ​ចំនួន ១២,៦ លាន​នាក់ ដែល​ស្មើនឹង ៧០ ភាគរយ នៃ​ចំនួន​ភ្ញៀវ​ទៅលេង​វៀតណាម​មុន​វិបត្តិ​កូ​វីដ ហើយ​ប្រទេស​ចិន ឥណ្ឌា និង​អូស្ត្រាលី គឺជា​ប្រភព​នៃ​អ្នកទេសចរ​ដ៏​ធំ​បំផុត​៕