​ដោយ​ការខឹង​សម្បា​កើតចេញពី​ការ​​តវ៉ា​ជាច្រើន​សប្តាហ៍ កសិករ​បារាំង​ ១ ​ក្រុម​បាននាំគ្នា​សម្រុក​យ៉ាង​កំរោល​ចូលក្នុង​ពិព័រណ៍​កសិកម្ម​មួយ​ក្នុង​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ពេលដែល​លោក​ប្រធានាធិបតី អេ​ម៉ា​នុយ​អែល​ម៉ា​ក្រុង ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​បើក​ពិព័រណ៍​កសិកម្ម​នោះ​។​


ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​រាយការណ៍​ថា បើទោះបីជា​មានការ​រារាំង​ដោយ​ក្រុមប៉ូលិស​ក្ដី ក្រុម​កសិករ​នាំគ្នា​ស្រែក​ដោយ​ស្ដីបន្ទោស​ទៅកាន់​លោក​ប្រធានាធិបតី​បារាំង ថា​មិន​បានចេញ​សកម្មភាព​ឆ្លើយតប​គ្រប់គ្រាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​កសិករ​នៅ​ទូទាំង​ប្រទេស​។ ពួកគេ​ថែមទាំង​បណ្ដេញ​លោក​ម៉ា​ក្រុង ចេញពី​តំណែង និង​ស្ដីបន្ទោស​ទៅលើ​មន្ត្រីរាជការ​បារាំង​ដែលមាន​ជាប់​ពាក់ព័ន្ធ​ទៀតផង​។​

ការតវ៉ា​នោះ​ផងដែរ ក៏បាន​ឈានដល់​ការប៉ះទង្គិច​បន្តិចបន្តួច​ផងដែរ រវាង​ក្រុម​កសិករ និង​ប៉ូលិស​ការពារ​សណ្ដាប់ធ្នាប់ ហើយ​អ្នក​តវ៉ា​ម្នាក់​ត្រូវ​ចាប់ខ្លួន​។​


ជាមួយគ្នានេះ លោក Pascal Beteille ដែលជា​បាតុករ​ម្នាក់​ក្នុងចំណោម​កសិករ​ជាច្រើន​នាក់​ទៀត​បាន​និយាយថា គាត់​មិន​រំពឹង​អ្វី​ពី​វត្តមាន​របស់លោក ម៉ា​ក្រុង នៅក្នុង​ពិព័រណ៍​នេះ​ទេ​។ លោក​បន្តថា លោក​ម៉ា​ក្រុង​មិន​ត្រឹមតែ​មិន​ដោះស្រាយ​បញ្ហា​ឱ្យ​ក្រុម​កសិករ​ប៉ុណ្ណោះ​ទេ ថែមទាំង​ស្វាគមន៍​ពួកគេ​ដោយ​ឱ្យ​ក្រុមប៉ូលិស​ធ្វើ​សកម្មភាព​បង្ក្រាប​ការតវ៉ា​ថែម​ទៀតផង​។​


ប៉ុន្តែ​យ៉ាងណា ក្នុងការ​ចូលរួម​បើក​​ពិព័រណ៍​ដដែល​នេះ លោក​ម៉ា​ក្រុង​ក៏បាន​ជួប​ជជែក​ជាមួយ​ប្រធាន​សហជីព​កសិករ និង​បាន​និយាយ​ដោយ​ផ្ដែផ្ដាំ​ទៅកាន់​កសិករ​នៅ​ទូទាំងប្រទេស​ថា​៖«​អ្នក​នឹងមិន​អាចជួយ​អ្វី​បាន​តាមរយៈ​ការបំផ្លិច​បំផ្លាញ​ស្តង់​របស់​កសិករ​ផ្សេងទៀត​ទេ អ្នក​ក៏​មិនអាច​ជួយ​អ្វី​បាន​តាមរយៈ​ការ​បង្អាក់​ដំណើរការ​នៃ​កម្មវិធី​ពិព័រណ៍​នេះដែរ ផ្ទុយទៅវិញ​អ្នក​ទាំងអស់គ្នា​បានធ្វើឱ្យ​សាធារណជន​មានការ​ភ័យខ្លាច ដោយ​មិន​ហ៊ាន​ចូលមក​ទស្សនា​ស្តង់​របស់​យើង​ទៀតផង​»​។​


បើទោះបីជា​យ៉ាងនេះ​ក្ដី បច្ចុប្បន្ន​ការ​​តវ៉ា​មិនមែន​មានតែ​នៅក្នុង​ប្រទេស​បារាំង​តែមួយ​នោះទេ ប៉ុន្តែ​វា​កំពុងតែ​រីក​រាល​​ដាល​ទៅ​ទ្វីបអឺរ៉ុប​តែម្ដង ហើយ​ចង់​ឬ​មិន​ចង់​ប្រធានាធិបតី​បារាំង​ត្រូវតែ​ដោះ​ស្រាយ​បញ្ហា​នេះ ដើម្បី​លើកស្ទួយ​គោល​នយោបាយ​របស់ខ្លួន​ឡើងវិញ​និង​រក្សា​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​សម្រាប់​ការបោះ​ឆ្នោត​សភា​អឺរ៉ុប​នៅ​ខែមិថុនា​ខាងមុខ​។​

មូលហេតុ​ចម្បង​នាំឱ្យ​កសិករ​បារាំង​នៅ​ទូទាំងប្រទេស ក៏ដូចជា​កសិករ​នៅក្នុង​បណ្ដា​ប្រទេស​នៃ​សហគមន៍​អឺរ៉ុប​មួយចំនួន​ផ្ទុះ​ការតវ៉ា ព្រោះ​រដ្ឋាភិបាល​របស់​ពួកគេ​បាន​ដំឡើង​តម្លៃ​ប្រេង​ឥន្ធនៈ​នៅក្នុង​វិស័យ​កសិកម្ម​៕