មេដឹកនាំ​កំពូលៗ​នៃ​សហភាព​អឺរ៉ុប​ចំនួន​ ៤ ​រូប​ បានធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​ នៅក្នុង​ឱកាស​គម្រប់​ខួប​ ២ ​ឆ្នាំ​ នៃ​ការវាយប្រហារ​ប្រទេស​អ៊ុយ​ក្រែ​ន ពី​សំណាក់​ប្រទេស​រុស្ស៊ី ខណៈ​បណ្តា​ប្រទេស​លោកខាងលិច​ទាំង​នោះបាន​រក្សា​ជំហរ​របស់ខ្លួន​ក្នុង​ការជួយជ្រោមជ្រែង​អ៊ុយ​ក្រែ​ន​រហូត​រំដោះប្រទេស​មក​ជា​ប្រទេស​មាន​សេរី​​ភាព​សាជាថ្មី​ម្តងទៀត​។ នេះ​បើតាម​ការចុះផ្សាយ​ដោយ​កាសែត Aljazeera​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ​មេដឹកនាំ​កំពូលៗ​របស់​អឺរ៉ុប​ទាំងនោះ​មានដូចជា​លោកស្រី​នាយករដ្ឋមន្ត្រី​អ៊ីតា​លី GiogiaMeloni នាយករដ្ឋមន្ត្រី​កាណាដា  ​លោក Justin Trudeau នាយករដ្ឋមន្ត្រី​បែលហ្ស៊ិក លោក Alexander De Croo និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula Von Der Leyen បានធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ​និង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ប្រជាជន​អ៊ុយ​ក្រែ​ន​ដែល​ស្លាប់បាត់​បង់ជីវិត​នៅ​អំឡុង​សង្គ្រាម​រុស្ស៊ី​អ៊ុយ​ក្រែ​ន​រយៈពេល​ ២​ ​ឆ្នាំ​កន្លងមកនេះ​។​

​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula Von Der Leyen បានលើកឡើង​តាមរយៈ​បណ្តាញ​សង្គម X របស់ខ្លួន​ថា​៖ «​ច្រើនជាង​ពេលណា​ទាំង​អស់ យើង​ឈរ​យ៉ាងរឹងមាំ​ជាមួយ​អ៊ុយ​ក្រែ​ន​មិន​ថា​ហិរញ្ញវត្ថុ​សេដ្ឋកិច្ច​យោធា​រហូត​ទាល់តែ​ប្រទេសមួយ​នេះ​មាន​សេរីភាព​ឡើងវិញ​»​។​


​នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau វិញ​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា ប្រទេស​អ៊ុយ​ក្រែ​ន​ កំពុង​ប្រយុទ្ធ​ដើម្បី​អនាគត​រួម​របស់​ពួកយើង​។​ពួកគេ​កំពុងតែ​រំឭក​ទៅដល់​ពិភពលោក​ថា លទ្ធិប្រជាធិបតេយ្យ​គឺមាន​សារៈសំខាន់​ក្នុងការ​ស្លាប់ និង​គ្រប់គ្រាន់​ក្នុងការ​យកឈ្នះ​»​។​

​បើតាម​កាសែត Aljazeera លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ​វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី បាន​លើកឡើងថា​៖ «​ពួកយើង​បាន​ប្រឡូក​ចូលក្នុង​សមរភូមិ​អស់​រយៈពេល ​៧៣០ ​ថ្ងៃ​មកហើយ​ ដើម្បី​បុព្វហេតុ​ជាតិ និង​ដើម្បី​ការរស់នៅ​របស់​ពួកយើង​»​។​


​កិច្ចប្រជុំ​បណ្តា​មេដឹកនាំ​ប្រទេស​ក្រុម​ប្រទេស​ឧស្សាហកម្ម​កំពូល ហៅ​កាត់​ថា «G7» ធ្វើឡើង​នៅ​ប្រទេស​អ៊ី​តា​លី​នៅ​ឆ្នាំ​នេះហើយ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ក៏ត្រូវ​ចូលរួម​ថ្លែង​តាមរយៈ​ប្រព័ន្ធ Zoom ផងដែរ​នៅ​ថ្ងៃអាទិត្យ​នេះ​។ ការ​ថ្លែង​របស់លោក​ប្រ​ធានា​​ធិបតី​អ៊ុយ​ក្រែ​ន​នេះ​ ដើម្បី​ទទូច​ឱ្យ​បណ្តា​ក្រុម​ប្រទេស​ទាំងនោះ​បន្ត​ចូលរួម​ជួយ​អ៊ុយ​ក្រែ​ន​បន្ថែមទៀត​ក្នុងការ​ប្រយុទ្ធ​តតាំង​ជាមួយនឹង​រុស្ស៊ី​។​

​នៅក្នុង​សេចក្តីប្រកាស​របស់​បណ្តា​ប្រទេស​ក្រុម G7 បាន​បញ្ជាក់ថា​៖ «​ប្រទេស​អ៊ុយ​ក្រែ​ន​ បាន​ឈាន​ជើង​ចូល​នៅក្នុង​សង្គ្រាម​ដែល​កើតឡើង​ពី​ការ​វាយ​ប្រហារ​របស់​ប្រទេស​រុស្ស៊ី​ រហូតមកទល់​ពេលនេះ ប្រទេស​អ៊ុយ​ក្រែ​ន ​ក៏ដូចជា​ប្រជាជន​អាច​ទទួល​ជំនួយ​ពី​សំណាក់​បណ្តា​ប្រទេស G7 ជា​ដរាប​ដើម្បី​បុព្វ​ហេតុ​ជាតិ និង​បូរណភាព​ទឹកដី​របស់ខ្លួន​ពី​ការឈ្លានពាន​របស់​មហា​អំណាច​រុស្ស៊ី​»​។​

​នៅក្នុង​សេចក្តីប្រកាស​ដដែល​បានឱ្យដឹងថា ​បណ្តា​ក្រុម​ប្រទេស G7 នឹង​ខិតខំ​ស្វែងរក​មធ្យោបាយ​ដើម្បី​ធ្វើឱ្យ​ទីក្រុង​ម៉ូស្គូ​ ចំណាយ​លើ​ការខូចខាត​ទាំងឡាយ​របស់​អ៊ុយ​ក្រែ​ន​។​

​បណ្តា​ក្រុម​ប្រទេស​ទាំងនេះ​នឹង​ខិតខំ​ស្វែងរក​មធ្យោបាយ​កាត់ផ្តាច់​ប្រភព​ចំណូល​របស់​រុស្ស៊ី​ក្នុង​ការយកមក​ផ្គត់ផ្គង់​ក្នុង​សង្គ្រាម​ផងដែរ​។​

​សហភាព​អឺរ៉ុប​បាន​ក្លាយជា​អ្នកផ្គត់ផ្គង់​ធំ​បំផុត​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន រហូតមកដល់​ដើមឆ្នាំ​ទី​​៣​​ នៃ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ដោយសារតែ​សហរដ្ឋអាមេរិក​ដែលជា​អ្នកផ្គត់ផ្គង់​ធំ​បំផុត​ក្នុង​ ២ ​ឆ្នាំកន្លងមក បាន​ជាប់គាំង​ក្នុងការ​អនុម័ត​ជំនួយ​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋអាមេរិក ចូ បៃ​ដិ​ន តែងតែ​ខិត​ខំ​ចង់​ទម្លាក់​ជំនួយ​យោធា​មានតម្លៃ​ប្រមាណ ​៦០​ ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន​សម្រាប់​ឆ្នាំ ​២០២៤​ នេះ ប៉ុន្តែ​សភាតំណាងរាស្ត្រ​អាមេរិក​ដែលមាន​សិទ្ធិ​អនុម័ត​លើ​ការចំណាយ​របស់​រដ្ឋ​តែង​ច្រានចោល​សំណើ​នោះ​៕