លោក Nafe Singh Rathee ប្រធាន​​គណបក្ស​​ Indian National Lok Dal (INLD) ប្រចាំ​នៅ​រដ្ឋ Haryana និង​សហការី​ម្នាក់​ទៀត ឈ្មោះ Jaikishan ត្រូវបាន​ខ្មាន់កាំ​ភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់​​សម្លាប់​នៅ​ក្នុងទី​ប្រជុំជន​ Jhajjar កាលពី​ល្ងាច​ថ្ងៃអាទិត្យ ខណៈ​ដែល​មនុស្ស ២​ នាក់​ ផ្សេង​ទៀត​បាន​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ។


​ ​សារព័ត៌មាន ​The Statesman ​ដែល​ជា​សមាជិក​របស់បណ្តាញ​​ព័ត៌មាន​អាស៊ី ANN ​បាន​រាយការណ៍​ថា លោក Rathee និង​សមាជិក​ក្រុម ត្រូវបាន​គេ​រាយការណ៍​ថា ធ្វើដំណើរ​ក្នុង​រថយន្ត SUV ពេលនោះ​ខ្មាន់​កាំភ្លើង​ក៏​បើ​ករថយន្ត បាញ់រះ ហើយ​រត់​គេចខ្លួនបាត់។

បុរស​ទាំង៤នាក់ រួមទាំង​ប្រធានគណបក្សINLD Haryana លោក Nafe Singh Rathee ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Brahma Shakti Sanjeevani ដែល​នៅ​ជិត​នោះ ដែល​គ្រូពេទ្យ​បានប្រកាសថា ពួកគេ​ទាំង ២​ នាក់ ​​បាន​ស្លាប់បាត់​បង់ជីវិតទៅហើយ។


លោក​វេជ្ជបណ្ឌិត Manish Sharma មន្ទីរពេទ្យ Brahma Shakti Sanjeevani បាន​និយាយថា Rathee និង Jaikishan ត្រូវបាន​បាញ់​ចំក ខ្នង និង​ស្មា។ ចំណែក​បុរស ​២ នាក់​ទៀត​​ ដែល​​ត្រូវ​បញ្ជូន​ទៅ​​​ពិនិត្យ​​ដោយ​ម៉ាស៊ីនICU មាន​របួស​ដោយ​គ្រាប់កាំភ្លើង​ត្រង់​ស្មា ភ្លៅ និង​ទ្រូង​ខាងឆ្វេង។


​តាមសេចក្តីរាយការណ៍​នោះ លោក វេជ្ជបណ្ឌិត បាន​​លើក​ឡើង​ថា៖​«នៅពេល​​ល្ងាច​​មនុស្ស៤​នាក់​ដែល​ត្រូវបាន​បាញ់​ត្រូវបាន​នាំយកទៅ​មន្ទីរពេទ្យ Brahma Shakti Sanjeevani។ ក្នុងចំណោម​ពួកគេ មាន ២​នាក់​បាន​ហូរឈាម​យ៉ាងខ្លាំង ហើយ​ពេលបញ្ជូន​ទៅ​ ពួកគេបាន​ស្លាប់​ទៅ​ហើយ​»។​


ប្រតិកម្ម​ទៅនឹង​ឧបទ្ទវ​ហេតុនេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃរដ្ឋ Haryana លោក Anil Vij បាន​និយាយថា លោក​បាន​បញ្ជា​ឱ្យ​មន្ត្រី​ចាត់វិធានការ​ជាបន្ទាន់ និង​ស៊ើបអង្កេត​ឧប្បត្តិ​ហេតុនេះ ដោយសារ​ព័ត៌មានបាន​ស្រង់សម្តី​​សរសេរ​ថា៖​«…ខ្ញុំ​បានស្នើ​ឱ្យ​មន្ត្រី​ចាត់វិធានការ​ជាបន្ទាន់​ក្នុង​រឿងនេះ»។

ជាមួយគ្នានេះ អគ្គលេខាធិការ INLD លោក Abhay Singh Chautala បាន​អះអាងថា លោក Rathee ថ្មីៗនេះ​បានទាមទារ​សន្តិសុខ ប៉ុន្តែ​មិន​ត្រូវបាន​ផ្តល់ឱ្យ​ដូចគ្នា។ គាត់​បាន​ចាត់ទុក​រដ្ឋា​ភិ​បាល BJP ដឹកនាំ​ដោយ Manoharlal Khattar មាន​កំហុស​ស្មើគ្នា​ក្នុងការ​ធ្វើឃាត​របស់គាត់។

លោក Abhay Singh Chautala បាន​លើក​ឡើង​ថា៖«ប្រធាន​រដ្ឋ​របស់​គណ​បក្ស INLD និង​អតីត MLA Nafe Singh ji លែងមានទៀតហើយ។ គ្រួសារ INLD ទាំងមូល​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការវាយប្រហារ​ដ៏​កំសាក​មកលើ​គាត់។ លោក Nafe Singh ji មិន​ត្រឹមតែ​ជា​ផ្នែក​មួយ​នៃ​គណបក្ស​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ផ្នែក​​នៃ​គ្រួសារ​របស់​យើង​ដែរ គាត់​ដូចជា​បងប្រុស​របស់ខ្ញុំ។ Nafe Singh ji ថ្មីៗនេះ​បានទាមទារ​សន្តិសុខ​​ពី​​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ,​អគ្គនាយ​កប៉ូលិស (DGP)និង​ស្នងការ​ដោយ​ភ័យខ្លាច​ការវាយប្រហារ​លើរូប​​គាត់។​ នៅពេលនោះ រដ្ឋាភិបាល​បាន​លេង​នយោបាយ ហើយ​មិន​បានផ្តល់​សន្តិសុខ​តាម​ការ​ស្នើ​ឡើយ​។ តើ​រដ្ឋាភិបាល​មិនមាន​ទោស​ស្មើគ្នា​ក្នុង​រឿងនេះ​ទេឬ?»៕