អ្នក​ញៀន​គ្រឿង​ញៀន​ចំនួន​ ១៩១ នាក់​ ដែល​​ត្រូវ​សម្រាក​ព្យាបាល​ដោយ​​កំហិត​ក្នុង​មណ្ឌល​កែប្រែ​ បាន​នាំគ្នារត់​គេច​ខ្លួន​ចេញ​ពី​​​​​មជ្ឈ​មណ្ឌល​ស្តារនី​តិ​សម្បទាក្រុង​​ Soc Trang ​នៅ​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ​ បន្ទាប់​ពី​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ហិង្សា​ជាមួយ​បុគ្គលិក​សន្តិសុខ​។​​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែ​ត​ VnExpress កាល​ពី​ថ្ងៃ​អាទិត្យ​។

​​លោក ​Nguyen Thanh Binh ​ប្រធាន​មជ្ឈ​មណ្ឌល​​ បាន​រាយការណ៍​ថា​ គិត​ត្រឹម​ថ្ងៃ​អាទិត្យ​​ អាជ្ញាធរ​វៀតណាម​បាន​ចាប់​ខ្លួន​អ្នក​រត់​គេច​ខ្លួន​ប្រហែល​ ៨០ នាក់​មក​វិញ​ ខណៈ ៤​ នាក់ ​ផ្សេងទៀត ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ត្រឡប់​ពី​ផ្ទះ​។ នៅ​សល់​ជាង​ ១០០នាក់​ទៀត​ អាជ្ញាធរ​វៀតណាម​កំពុង​តាម​ចាប់​ខ្លួន​ជាបន្ត​។ ​

ប៉ុន្តែ​សារព័ត៌មាន​អនឡាញ​វៀតណាម​ Tuoi Tre News បាន​រាយការណ៍​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា​ អ្នក​ញៀ​ន​​​ថ្នាំ​ចំនួន​ ១២០ នាក់​ នុង​ចំណោម​អ្នក​ដែល​រត់​គេច​ខ្លួនទាំងនោះ​ បាន «​ស្ម័គ្រ​ចិត្ត​» វិល​ត្រឡប់​ទៅ​កាន់​មណ្ឌល​កែ​ប្រែ​វិញ​កាលពីអាទិត្យ​។ 


​ការ​រត់​គេច​ខ្លួន​ បាន​កើត​ឡើង​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ​បន្ទាប់​ពី​មាន​ជម្លោះ​រវាង​បុគ្គល​ជាង​ ២០នាក់​ ដែល​រួម​បញ្ចូល​ទាំង​​បុគ្គលិក​​សន្ដិសុខ​ និង​អ្នក​ញៀន​គ្រឿង​ញៀន​។ ជម្លោះ​បាន​កើន​ឡើង​កាន់​តែ​ធំ​ ហើយ​លុះ​ដល់​ម៉ោង​ ៥ល្ងាច​ ​​​ក្រុម​អ្នក​ញៀន​ថ្នាំ​​​បាន​វាយ​កម្ទេច​ខ្លោង​ទ្វារ​ធំ​ ហើយ​បាន​ចែក​ផ្លូវ​គ្នា​រត់​​​គេច។​ ភាព​​ចលាចល​ ​បាន​​ធ្វើ​​ឱ្យ​​អ្នក​នៅក្នុង​មណ្ឌល​កែ​ប្រែ​ផ្សេង​ទៀត​ រត់​គេច​ខ្លួន​ដែរ​។ ​

​នៅ​ពេល​នោះ​ មជ្ឈ​មណ្ឌល​កែប្រែ​ដដែល​ ​មាន​​អ្នក​ត្រូវ​កែប្រែ​ចំនួន​ ៤១៩​ នាក់​ ដែល​ភាគ​ច្រើន​ជា​បុរស​។​ ដោយ​​សារ​តែ​ការ​ចលាចល​ ឆ្មាំ ​និង​បុគ្គលិក​សន្ដិ​សុខ​មណ្ឌល​ជាង​២០​នាក់​ មិន​អាច​ទប់​ស្កាត់​ស្ថានកា​រណ៍​បានឡើយ រហូត​ដល់​បង្ក​ជា​ស្នាម​របួស​ដល់​បុគ្គលិក​មណ្ឌល​មួយ​ចំនួនទៀតផង​៕