កសិករ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា​ បច្ចុប្បន្ន​កំពុងតែ​តវ៉ា​រដ្ឋាភិបាល​ឱ្យ​បង្កើន​តម្លៃ​កសិផល​ ដែល​ពួកគេ​ផលិត​បាន។ មិន​ត្រឹមតែ​កសិករ​ប៉ុណ្ណោះ​ ក្រុមសិស្ស​និស្សិត​ ដែលមាន​ឪពុកម្ដាយ​ជា​កសិករ​ក៏បាន​ចូលរួម​ក្នុងការ​តវ៉ា​នេះ​ផងដែរ។ យោង​ការ​ចេញផ្សាយ​របស់​រយទ័រ​។


​សារព័ត៌មាន​បាន​ផ្សាយ​ថា យុវជ​ន Simranjeet Singh Mathada ជា​និស្សិត​ម្នាក់​ក្នុងចំណោម​និស្សិត​រាប់ពាន់នាក់​ដែល​បាន​ក្រោក​តាំងពី​ម៉ោង៣ទៀបភ្លឺ​ក្នុង​រយៈពេល​ប្រមាណ​ជិត ២ សប្ដាហ៍​មកហើយ​ ដើម្បី​ជួយ​ការងារ​ក្នុង​សហគមន៍​មុននឹង​ធ្វើដំណើរ​ចេញទៅ​កន្លែង​តវ៉ា​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​ញូវដែលី។

និស្សិត​រូបនេះ​បានឱ្យដឹងថា៖«ការតវ៉ា​នាពេលនេះ​គឺ​ដើម្បី​ការពារ​សេដ្ឋកិច្ច​របស់​ប្រជាកសិករ​ដែល​ភាគច្រើន​មកពី​រដ្ឋ Punjab ហើយ​ពួកយើង​ប្ដេជ្ញា​នឹង​នាំយក​កំណែទម្រង់​វិស័យ​កសិកម្ម​ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​លើកស្ទួយ​ជីវភាព​របស់​ពួកគេ»។


និយាយ​ជារួម​ការតវ៉ា​នេះ​គឺ​ដើម្បី​ស្វែងរក​តម្លៃ​សម្រាប់​ទីផ្សារ​កសិផល​ដែល​ថេរ​មួយ​ដើម្បីឱ្យ​ឪពុកម្ដាយ​របស់ ​Simranjeet Singh Mathada ផ្ទាល់​ព្រមទាំង​កសិករ​រាប់លាន​នាក់​ទៀត​អាច​លក់​បន្លែ​ផ្លែឈើ​របស់ខ្លួន​ដោយ​គ្មាន​ការព្រួយបារម្ភ។


ប៉ុន្តែ​យ៉ាងណាក្ដី​ការតវ៉ា​រវាង​ក្រុម​សហជីព​កសិករ​និង​រដ្ឋាភិបាល​នាពេល​កន្លងទៅ​មានពេលខ្លះ​ក៏បាន​ឈានដល់​ការប្រើ​ហិង្សា​ផងដែរ។


ជាច្រើនលើក​ច្រើនសា​ដែល​កសិករ​ព្យាយាម​រុញ​ទម្លុះ​រនាំង​ដែល​ឃាំង​ដោយ​រដ្ឋាភិបាល​ក្នុង​គោលបំណង​បង្អាក់​ក្បូន​បាតុកម្ម​ចូលទៅ​កាន់​រាជធានី​ញូវដែលី។ជា​លទ្ធផល​ក្រុម​កសិករ​តែង​រងរបួស​ពី​ការបង្ក្រាប​របស់​ប៉ូលិស​និង​ខ្លះទៀត​រងរបួស​ដោយ​មុត​បន្លា​លួស​ដែល​រាយ​បង្ខាំង​ផ្លូវ​ជាដើម។

និស្សិត​ដដែល​រូបនេះ​បាន​បន្ត​បញ្ជាក់ទៀតថា​នៅ​រាល់​ការតវ៉ា​គឺ​ពួកគេ​តែងតែ​ត្រូវ​ប្រឈមមុខ​នឹង​ប៉ូលិស​ជានិច្ច។មានពេលខ្លះ​ក្រុមនិស្សិត​និង​ក្រុម​កសិករ​បាននាំគ្នា​ពា​ក់វែន​តា​ហែល​ទឹក​ដើម្បី​ទម្លុះ​ចូលក្នុង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដែល​បាញ់​ដោយ​មន្ត្រី​អាជ្ញាធរ​ទៀតផង។

បើទោះបីជា​ជួបនឹង​ឧបសគ្គ​យ៉ាងណាក្ដី​ Simranjeet Singh Mathada និង​និស្សិត​ផ្សេងទៀត​បាន​ប្ដេជ្ញា​បន្ត​ការតវ៉ា​បែបនេះ​រហូត​ទទួលបាន​ដំណោះស្រាយ​ដែល​ស័ក្តិសម​ណាមួយ។សម្រាប់​ក្រុមនិស្សិត​មុខរបរ​កសិកម្ម​នេះហើយ​ដែល​បាន​ជួយ​ទំនុកបម្រុង​ពួកគេ​ឱ្យទទួល​បានការ​អប់រំ​មួយ​សមប្រកប​ក្នុងពេល​បច្ចុប្បន្ន​ហើយ​ប្រសិនបើ​ទីផ្សារ​កសិផល​ឪពុកម្ដាយ​របស់​ពួកគេ​ជួប​បញ្ហា​វា​ក៏​នឹង​ប៉ះពាល់​ដល់​ការសិក្សា​របស់​ពួកគេ​ផងដែរ។

បាតុកម្ម​ដែល​កំពុង​រីកសាយ​ភាយ​ធំឡើងៗនិង​ការបង្ក្រាប​ដែល​ឈានដល់​ហិង្សា​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​នាពេលនេះ​ក៏​ត្រូវបាន​សាធារណជន​រិះគន់​យ៉ាង​ចាស់ដៃ​ផងដែរ។ដោយ​ការឆ្លើយតប​បែបនេះ​គឺជា​ការ​សបញ្ជាក់​ឱ្យឃើញ​កាន់តែច្បាស់​ពី​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ឥណ្ឌា​ទាំងមូល។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ក៏​ទំនង​នឹង​ក្លាយជា​ហេតុផល​សំខាន់​មួយ​ក្នុងការ​សម្រេចចិត្ត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាណ​ត្ត​ថ្មី​នាពេលឆាប់ៗខាងមុខ។

​ការតវ៉ា​នេះ​កើតឡើង​ប៉ុន្មាន​ខែ​នៅមុន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ខណៈដែល​គណបក្ស​របស់​លោកនាយក​រដ្ឋមន្ត្រី Narendra Modiកំពុង​ស្វែងរក​សំឡេង​សម្រាប់​អាណត្តិ​ទី៣របស់ខ្លួន។

កាលពី​សប្តាហ៍​មុន​ លោក ​Modi ក៏បាន​និយាយ​ដែរ​ថា​រដ្ឋាភិបាល​របស់​លោក​កំពុង​ស្វែងរក​ដំណោះស្រាយ​ជូន​កសិករ​ឱ្យ​ប្រសើរ​ជាង​មុន។ប៉ុន្តែ​ទំនុកចិត្ត​របស់​ប្រជាជន​ដែលជា​ម្ចាស់​សំឡេងឆ្នោត​ហាក់ដូចជា​ធ្លាក់ចុះ​បន្តិច​ហើយ​ក្រោយ​ពេលដែល​លោក​Modiមិនអាច​រក្សា​ការសន្យា​របស់ខ្លួន​ក្នុងការ​កែទម្រង់​វិស័យ​កសិកម្ម​នេះ​តាំងតែ​ពី​ឆ្នាំ២០១៤មកម្ល៉េះ៕