ក្រោយ​​​ការ​ត្រួតពិនិត្យ​សមរភូមិ​ជួរមុខ​​​ រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយ​ក្រែ​ន លោក រូ​ស្ថាន យូ​ម៉េ​រ៉ូ​វ (Rustan Umerov) កាលពី​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ បាន​លើកឡើងថា ជំនួយ​យោធា​លោកខាងលិច​បាន​បញ្ជូន​ទៅដល់​អ៊ុយ​ក្រែ​ន​យឺត​ពេល ដែលជា​ហេតុ​ធ្វើឱ្យ​បង្ក​ការរាំងស្ទះ​ដល់​អ្នករៀបចំ​ផែនការ​យោធា និង​បណ្តាលឱ្យ​បាត់បង់​ជីវិត​ទាហាន​អ៊ុយ​ក្រែ​ន​ជាច្រើន​នៅក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី។ 


លោក យូ​ម៉េ​រ៉ូ​វ បាន​សង្កត់ធ្ងន់ថា កាលណា​ការបញ្ជូន​ជំនួយ​យោធា​មានការ​ពន្យារពេល នោះ​មានន័យថា​កម្លាំង​ទាហាន​អ៊ុយ​ក្រែ​ន​នឹង​ធ្លាក់ចុះ។

នៅ​ថ្ងៃ​ខួប​លើក​ទី២ នៃ​ការឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​ទឹកដី​អ៊ុយ​ក្រែ​ន សម្ព័ន្ធមិត្ត​របស់​អ៊ុយ​ក្រែ​ន​បានប្រកាស​ផ្តល់​ការគាំទ្រ​ជាថ្មី​បន្ថែម រួមទាំង​កិច្ចព្រមព្រៀង​សន្តិសុខ និង​ជំនួយ​យោធា ប៉ុន្តែ​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយ​ក្រែ​ន​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​ចាំបាច់​ដែល​លោកខាងលិច​ត្រូវ​ប្ដេជ្ញា​ដឹកជញ្ជូន​ជំនួយ​យោធា​ទាំងនោះ​ឱ្យបាន​ទាន់ពេលវេលា​ដើម្បី​ទប់​ទល់នឹង​កងកម្លាំង​រុស្ស៊ី។


លោក យូ​ម៉េ​រ៉ូ​វ​ បាន​និយាយថា ៖«សេដ្ឋកិច្ច​របស់​សត្រូវ​មាន​ទំហំ​ធំ​ណាស់​ហើយ​ពួកគេ​ប្រើប្រាស់​ថវិកា​ចំនួន ១០០ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​សម្រាប់​ចំណាយ​ក្នុង​វិស័យ​យោធា។ ដូច្នេះ ការពន្យារពេល​ក្នុងការ​ប្តេជ្ញាចិត្ត​ផ្ដល់ជំនួយ​ដល់​អ៊ុយ​ក្រែ​ន នឹង​ធ្វើឱ្យ​បាត់បង់​អាយុជីវិត​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​និង​ទឹកដី​ផងដែរ»។ 


ការលើកឡើង​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក យូ​ម៉េ​រ៉ូ​វ​ និង​ប្រមុខ​យោធា​អ៊ុយ​ក្រែ​ន លោក ស៊ី​ស្គី អូ​ឡេ​សាន់ (Oleksandr Syrskyi)បាន​ចុះទៅ​ត្រួតពិនិត្យ​នៅ​ទាហាន​ជួរមុខ ហើយ​បាន​រកឃើញថា ​មានការ​ខ្វះខាត​គ្រឿង​សព្វាវុធ​រីឯ​ការវាយប្រហារ​រប​ស់​រុស្ស៊ី​នៅ​ភាគ​ខាងកើត​នៅតែ​បន្ត។


លោក ស៊ី​ស្គី​ បាន​រាយការណ៍​ថា លោក​បានកត់សម្គាល់​ឃើញ​ថា ស្ថានភាព​កងទ័ព​អ៊ុយ​ក្រែ​ន​មានការ​លំបាក ដែល​ទាមទារ​ឲ្យ​មានការ​ត្រួតពិនិត្យ​ជាប្រចាំ ជាពិសេស​នៅ​តំបន់​ជួរមុខ។

ទន្ទឹមនឹងនេះ កងកម្លាំង​រុស្ស៊ី​បាន​នឹង​កំពុង​វាយ​រុលទៅមុខ​ភាគ​ខាងលិច​នៃ​ទីក្រុង​អាវ​ឌី​វ​កា (Avdiivka) បន្ថែមទៀត បន្ទាប់ពី​បាន​ដណ្តើម​កាន់កាប់​ទីក្រុង​នេះ​កាលពី​ប៉ុន្មាន​ថ្ងៃមុន។

ឧ​ត្ត​ម​សេនីយ៍ អូ​ឡេ​សាន់ តា​ណា​ស្គី (Oleksandr Tarnavskyi) ដែល​កំពុង​ដឹកនាំ​កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅ​តំបន់​នោះ បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា កងទ័ព​របស់លោក​បាន​ដកថយ​ចេញពី​ទីក្រុង​ឡា​ស្ថូ​គីន (Lastochkyne) ដែល​ស្ថិតនៅ​ជាយក្រុង​ភាគ​ខាងលិច​នៃ​ទីក្រុង​អាវ​ឌី​វ​កា។ យ៉ាងណាក៏ដោយ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយ​ក្រែ​ន​មួយចំនួន​បាន​អះអាងថា កងកម្លាំង​រុស្ស៊ី​បាន​គ្រប់គ្រង​ទីក្រុង​ឡា​ស្ថូ​គីន​កាលពី​ថ្ងៃ​សៅរ៍​ទាំងស្រុង​ហើយ​ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​កៀវ​នៅ​មិនទាន់​បានប្រកាស​បញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​ទេ។

គួររំឭកថា កាលពី​ដើមខែ​នេះ លោក ស៊ី​ស្គី បាន​ឡើងកាន់តំណែង​មេបញ្ជាការ​យោធា​កំពូល​របស់​អ៊ុយ​ក្រែ​ន ជំនួស​លោក វ៉ា​ឡេ​រី ហ្សា​លូ​នី (ValeriiZaluzhny)​ ដែលជា​ការផ្លាស់ប្តូរ​ដ៏​សំខាន់​នៅក្នុង​ជួរ​ថ្នាក់​អ្នកដឹកនាំ​អ៊ុយ​ក្រែ​ន ខណៈដែល​សង្គ្រាម​នៅតែ​កំពុង​បន្ត។ 

ការផ្លាស់ប្តូរ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​អ៊ុយ​ក្រែ​ន​បាន​បើក​ការ​វាយបក​ទៅកាន់​រុស្ស៊ី​បរាជ័យ​កាលពី​រដូវក្តៅ ខណៈដែល​ជំនួយ​យោធា​ពី​សភា​សហរដ្ឋអាមេរិក​ក៏មាន​ភាពមិនច្បាស់លាស់​ទៀត។ គួរ​បញ្ជាក់ថា ប្រទេស​រុស្ស៊ី​នៅតែ​បន្ត​គ្រប់គ្រង​ប្រហែល​មួយ​ភាគ​បួន​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​ដដែល។

លោក យូ​ម៉េ​រ៉ូ​វ​ បាន​សង្កត់ធ្ងន់ថា​កងក​ម្លាំ​ង​អ៊ុយ​ក្រែ​ន​កំពុង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ ដើម្បី​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​នៅ​ឆ្នាំនេះ ជាមួយនឹង​ផែនការ​យោធា​ដ៏​រឹងមាំ​មួយ​ដែល​កំពុង​ដាក់ចេញ​ឱ្យ​ដំណើរការ។ គួរ​ដឹង​ដែរ​ថា ការវាយប្រហារ​របស់​រុស្ស៊ី​នៅតែ​បន្ត​កើត​មាននៅ​តំបន់​ភាគខាងត្បូង និង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដែល​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ស្លាប់បាត់​បង់ជីវិត​ជាច្រើន​នាក់។

ជាក់ស្ដែង ថ្មីៗនេះ រុស្ស៊ី​បាន​បាញ់​គ្រាប់ផ្លោង​ទៅកាន់​ទីក្រុង​កូ​ស្ទៀ​នទី​នី​វ​កា (Kostiantynivka) បណ្ដាលឱ្យ​ស្ត្រី​ម្នាក់​រងរបួស​និង​បាន​បំផ្លាញ​ស្ថានីយ៍​រថភ្លើង​មួយ។ យោងតាម​​ប៉ូលិស​ក្នុង​តំបន់​ដែល​ដកស្រង់​ដោយ​ទូរទស្សន៍​សាធារណៈ​របស់​អ៊ុយ​ក្រែ​ន​មួយបានឱ្យដឹងថា ការវាយប្រហារ​រុស្ស៊ី​បាន​បំផ្លាញ​ព្រះវិហារ​គ្រិស្ត​អូ​ស្សូ​ដក់ អគារ​លំនៅដ្ឋាន ហាង​លក់ទំនិញ ការិយាល័យ​ប្រៃសណីយ៍ សាលារៀន និង​ការិយាល័យ​រដ្ឋាភិបាល​ទៀតផង។

រហូតមកទល់​ពេលនេះ រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ផ្លាស់ប្តូរ​វិធីសាស្ត្រ​វាយប្រហារ​ដោយ​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដើម្បី​វាយប្រហារ​នៅពេល​យប់។ ថ្មីៗនេះ អ៊ុយ​ក្រែ​ន​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​រុស្ស៊ី ផលិត​ដោយ​អ៊ីរ៉ង់​ចំនួន ១៦ គ្រឿងក្នុង​ចំណោម ១៨ គ្រឿង។

កាលពី​ថ្ងៃអាទិត្យ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​រាយការណ៍​ថា ពួកគេ​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​អ៊ុយ​ក្រែ​ន​ចំនួន ៧ គ្រឿង ប៉ុន្តែ​មិនបាន​បញ្ជាក់​អំពី​ចំនួន​អ្នកស្លាប់ ឬ​ទំហំ​ខូចខាត​នោះទេ៕