​ប្រធានា​ធិបតី​​អ៊ុយក្រែន​ លោក​ វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី (Volodymyr Zelenskiy)​ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ទាហាន​អ៊ុយក្រែន​ប្រមាណ​ ៣១ ០០០ ​នាក់​ ត្រូវ​បាន​សម្លាប់​ រាប់​ចាប់​តាំង​ពី​​រុស្ស៊ី ​បើក​ការ​ឈ្លា​ន​ពាន​ទូទាំង​ប្រទេស​តាំង​ពី​ ២ ​ឆ្នាំ​មុន​មក​។ ​

លោក​ ហ្សេលេនស្គី​ បាន​ថ្លែង​ប្រាប់​​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​កៀវ​ថា​ ​លោក​មិន​អាច​បង្ហាញ​ពី​ចំនួន​ទាហាន​រង​របួស​បាន​ទេ​ ព្រោះ​វា​នឹង​ជួយ​ដល់​ផែនការ​យោធា​របស់​រុស្ស៊ី​។​

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ទាហាន​អ៊ុយក្រែន​ ៣១ ០០០ នាក់​ ត្រូវ​បាន​សម្លាប់​ក្នុង​សង្រ្គាម​នេះ​។ មិន​មែន​ ៣០០ ០០០ នាក់​ ឬ​ ១៥០ ០០០ នាក់​ ដូច​ [ប្រធានាធិបតី​រុស្ស៊ី​ លោក​ វ្ល៉ាឌីមៀរ]​ ពូទីន និយាយ​កុ​ហក​នោះ​ទេ​។ តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​តួលេខ​​នេះ​ គឺ​ជា​ការ​ខាត​បង់​ដ៏​ធំ​មួយ​សម្រាប់​ពួក​យើង​»។ 


អ៊ុយក្រែន ​មិន​បាន​បង្ហាញ​ចំនួន​​​នៃ​ការ​ខាត​បង់​ផ្នែក​យោធា​របស់​ខ្លួន​ ចាប់​តាំង​ពី​ចុង​ឆ្នាំ​  ២០២២ មក​ ពោល​គឺ​នៅ​ពេល​ដែល​​​ជំនួយការ​ប្រធានាធិបតី​​​អ៊ុយក្រែន​​ លោក​ Mykhailo​ Podolyak ​បាន​និយាយ​​កាល​នោះ​ថា​ ទាហាន​អ៊ុយក្រែន​ ១៣ ០០០ នាក់​ ត្រូវ​បាន​សម្លាប់​ រាប់​តាំង​ពី​ការ​ឈ្លាន​ពាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​ ២៤ ខែ​កុម្ភៈ​។  ​

ការ​ស្លាប់​ និង​របួស​នៅ​សមរភូមិ​ គឺ​ជា​ប្រធាន​បទ​ដ៏​រសើប​មួយ​​ក្នុង​ប្រទេស ​ដែល​ព្យាយាម​ធ្វើ​កំណែ​ទម្រង់​ពី​របៀប​ដែល​ខ្លួន​ប្រមូល​ជន​ស៊ីវិល​ ឱ្យ​ចូល​ទៅ​បម្រើ​ទ័ព​។ ​កាល​ពី​ខែ​សីហា​ ឆ្នាំ​មុន​ កាសែត​ ញូវយ៉កថែ​មស៍​ បាន​រាយការណ៍​​ដោយ​ដក​ស្រង់​សម្តី​មន្ត្រី​សហរដ្ឋ​អាមេរិក​ថា​ ចំនួន​ទាហាន​អ៊ុយក្រែន​ដែល​ត្រូវ​បាន​សម្លាប់​ មាន​រហូត​ដល់​ ៧០ ០០០ នាក់​។ ​​


របាយ​ការណ៍​​ដដែល​​​ថា​​ ទាហាន​​រុស្ស៊ី​​ច្រើន​​ដល់​​ទៅ​ ១២០ ០០០​​​ នាក់ ​​បាន​​ស្លាប់​​ក្នុង​​អំឡុង​​​​សង្គ្រាម​ដដែល​។ ជា​ថ្មី​ម្ដង​ទៀត​​​កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​ ហ្សេលេនស្គី​ បាន​អះ​អាង​ថា​ ទាហាន​រុស្ស៊ី​ ប្រមាណ​ ១៨០ ០០០ នាក់​ ត្រូវ​បាន​សម្លាប់​។ ​

រុស្ស៊ី​​មិន​បាន​​បង្ហាញ​​ពី​​ការ​​ខាត​បង់​​ខាង​​យោធា​របស់​ខ្លួន​នោះ​ទេ​ ដោយ​​​ចាត់​​ទុក​វា​​ថា​​ជា​​ការ​​សម្ងាត់​។​ ភាគី​ទាំង ​​២​ តែង​តែ​អះ​អាង​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ពី​ចំនួន​ទាហាន​​​បាត់​បង់​ដ៏​ច្រើន​​៕