​ប្រទេស​ហុង​គ្រី​​ ដែល​ជា​ឆ្អឺង​ទទឹង​ក​ចុង​ក្រោយ​របស់​ប្រទេស​ស៊ុយអែត ​​​ក្នុងការ​​​ប៉ង​ក្លាយ​ជា​សមាជិក​ពេញសិទ្ធិ​​នៃ​អង្គការ​សម្ព័ន្ធ​មិត្ត​យោធា​ណា​​តូ ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្តល់​សច្ចាប័ន​លើ​ការចូល​ជា​សមាជិក​ណា​តូ​របស់​ស៊ុយអែត​នៅ​ថ្ងៃ​ចន្ទនេះ ដែលលទ្ធផល​នឹង​ត្រូវ​ប្រកាស​​នៅ​ល្ងាច​ថ្ងៃចន្ទម៉ោង​នៅអឺរ៉ុប។

​អស់រយៈពេល​ជិត​២ឆ្នាំ​មកហើយ​ ដេល​ប្រទេស​​ស៊ុយអែត ​​និងកាល​នោះ​មាន​ហ្វំាង​ឡង់​ផង បាន​ដាក់​ពាក្យស្នើ​ចូល​ជាសមាជិក​របស់​អង្គការ​ណាតូដោយ​បោះបង់​ជំហរ​​អព្យាក្រឹតដែល​ប្រទេស​ទាំង២​ប្រកាន់​យក​អស់​ជាច្រើនទសវត្សរ៍ បន្ទាប់​ពី​​មើល​ឃើញ​ប្រទេស​រុស្ស៊ី​ឈ្លាន​ពាន​ចូល​​អ៊ុយក្រែន​​​ក្បែ​រខាងខ្លួន។

ក្នុងចំណោម​ប្រទេស​ទាំង​៣០​​​របស់​អង្គការ​ណាតូ កាល​ដាក់​ពាក្យ​ចូល​ដំបូង ២៩​ប្រទេស​រួម​ទាំង​តួកគី​​ដ៏សែន​រឹងត្អឹង​​ជំទាស់​បេក្ខភាព​​ស៊ុយអែត​ បាន​ផ្តល់សច្ចាប័ន​​​​អស់ហើយ នៅ​ឡើយ​តែ​ហុងគ្រី​មួយ​គត់​រហូត​ដល់​ពេល​នេះ។


​ការ​ផ្តល់​សច្ចាប័ន​នៅ​ថ្ងៃចន្ទនេះ​អាច​ជា​បំបាត់​ឧបសគ្គ​ចុងក្រោយ ​ហើយ​ស៊ុយអែត​អាច​បោះ​ជំហាន​ជា​​ប្រវត្តិសាស្ត្រ​​ចូល​សម្ព័ន្ធ​មិត្ត​យោធា​ណាតូ ដែល​បោះបង់​ឋានៈ​ជា​ប្រទេស​​​អព្យាក្រឹត​ដែល​ខ្លួន​​​បាន​ឆ្លងកាត់​សង្គ្រាមលោកលើកទី២ និង​ជម្លោះ​ដែល​កំពុង​ឆេះ​នៃ​សង្គ្រាមត្រជាក់។

ការបោះឆ្នោត​របស់​សភា​ហុង​គ្រី ដែល​ត្រូវបាន​រំពឹងថា​នឹង​ឆ្លងកាត់​យ៉ាង​រលូន​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់ ​នាយករដ្ឋមន្ត្រី​ស៊ុយអែត Ulf Kristersson កាលពី​ថ្ងៃ​សុក្រ​មុន​ក្នុងអំឡុង​ពេលដែល​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អាវុធ​នឹង​បញ្ចប់​ការពន្យារពេល​ជាច្រើន​ខែ​ដើម្បី​បញ្ចប់​ការផ្លាស់ប្តូរ​គោលនយោបាយ​សន្តិសុខ​របស់​ប្រទេស​ស៊ុយអែត៕​