អ្នកបើកបរ​យន្ដហោះ (Pilot) សញ្ជាតិ​អូស្ត្រាលី​ម្នាក់ និង​អ្នកដំណើរ​សញ្ជាតិ Papua New Guinea ២​ នាក់​ទៀត​ដែល​ត្រូវបាន​ចាប់ជំរិត​ដោយ​ក្រុម​ខ្មាន់​កាំភ្លើង ពេលនេះ​ទទួលបាន​ការដោះលែង​វិញ​ហើយ។ 

បើតាម​មន្ត្រី​អាជ្ញាធរ​ក្នុង​តំបន់ អ្នក​ទាំងបី​ត្រូវបាន​ខ្មាន់​​កាំភ្លើង​ចាប់ជំរិត​នៅ​តំបន់​កោះ ​នៃ​ប្រទេស​ដែន​កោះ​ Papua New Guinea នា​ថ្ងៃទី ២៦កុម្ភៈ​នេះ ហើយ​ត្រូវបាន​ដោះលែង​វិញ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក។

យោងតាម​អាជ្ញាធរ​ក្នុង​តំបន់​ដដែល មនុស្ស​ទាំងបី​នាក់​នោះបាន​ធ្វើដំណើរ​តាម​ឧទ្ធម្ភាគចក្រ ហើយ​បាន​ចុះចត​នៅ​ទី​តាំង​ទូរគមនាគមន៍​ដាច់ស្រយាល​មួយកន្លែង នៅក្បែរ​តំបន់ Mount Sisa ស្ថិតក្នុង​ខេត្ត Hela នៃ​កោះ Papua New Guinea។ ក្រោយមក​ពួកគេ​ត្រូវបាន​ខ្មាន់​​កាំភ្លើង​ចាប់ជំរិត​ចេញ​ឆ្ងាយ​ពី​តំបន់​នោះ​តែម្ដង។


បន្ទាប់ពី​បាន​ចរចា​អស់​ជាច្រើន​ម៉ោង​ជាមួយ​ក្រុម​ប្រដាប់អាវុធ​នោះ ចំណាប់ខ្មាំង​ទាំង៣នាក់​ក៏ត្រូវ​បាន​ដោះលែង​មកវិញ ដោយ​សុវត្ថិភាព និង​មិនមាន​របួសស្នាម​អ្វី​នោះទេ។

 បើទោះបីជា​ជនរងគ្រោះ​ត្រូវបាន​ដោះលែង​មកវិញ​ដោយ​មិនមាន​របួសស្នាម​អ្វី​ក៏ដោយ តែ​វា​បាន​គម្រាម កំហែង​ដល់​សុវត្ថិភាព​អ្នកដំណើរ​ដែល​ត្រូវ​ឆ្លងកាត់​តំបន់​នោះ។ ម្លោះ​ហើយ អាជ្ញាធរ​ក្នុង​តំបន់​បាន និង​កំពុង ដាក់ចេញ​នូវ​សកម្មភាព​បន្ថែមទៀត ដើម្បី​បង្ក្រាប​ក្រុម​ប្រដាប់អាវុធ​ទាំងនោះ។


ដោយឡែក ករណីនេះ​ក៏​ធ្លាប់​កើតឡើង​ម្ដង​រួចមកហើយ​កាលពី​ឆ្នាំមុន ដោយ​មនុស្ស​បីនាក់​ក៏ត្រូវ​បាន​ចាប់ ជំរិត​អស់​រយៈពេល​ប្រមាណ១សប្ដាហ៍។ ក្នុងចំណោម​អ្នក​ទាំងបី​នោះ មាន​ម្នាក់​ជា​បុរាណ​វិទូ​ជនជាតិ​អូស្ត្រាលី និង​ពីរ​នាក់​ទៀត​ជា​អ្នកស្រាវជ្រាវ​នៃ​កោះ Papua New Guinea។ 

កាលណោះ ជនរងគ្រោះ​ទាំងបី​នាក់​ត្រូវបាន​ដោះលែង​វិញ បន្ទាប់ពី​អាជ្ញាធរ​បានប្រគល់​ប្រាក់​តាម​ការទាមទារ​រ​បស់​ក្រុម​ខ្មាំង​កាំភ្លើង​ទាំងនោះ។ ប៉ុន្តែ​សម្រាប់​ករណី​ថ្មី​នេះ គេ​នៅ​មិនទាន់​កត់សម្គាល់ឃើញ​ការ​ស្រាវ​បំភ្លឺ​ណាមួយ​ពី​ក្រសួងការបរទេស​អូស្ត្រាលី នៅឡើយ​ទេ។

កោះ Papua New Guinea ស្ថិតនៅ​ភាគ​និរតី​នៃ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វី​ក ស្ថិតនៅ​ក្បែរ​បណ្ដុំ កោះ​របស់​ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​អូស្ត្រាលី។ ដែន​កោះ​មួយ​នេះ សម្បូរ​ទៅដោយ​ជីវចម្រុះ​ជាច្រើន ប្រភេទ និង​ជា​ប្រទេស​ដែលមាន​វប្បធម៌​ចាក់​ឬ​ស​ជ្រៅ​ផងដែរ។ កោះ​នេះ​ត្រូវបាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ តាមរយៈ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត ហើយក៏​ជា​កន្លែង​គយគន់​ផ្កាថ្ម​មួយ​ដ៏​ពេញនិយម​ផងដែរ៕