ឆ្មាំ​ឆ្នេរសមុទ្រ​របស់​ចិនដីគោក​បានដាក់​ពង្រាយ​កង​នាវា​សម្រាប់​ការ​ល្បាត​នៅ​ជិត​កោះ Kinmen ដែល​ស្ថិតនៅក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធ​រកោះ​តៃ​វ៉ាន់ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​នាវា​ល្បាត​តៃវ៉ាន់ និង​ទូក​នេសាទ​របស់​ចិនដីគោក​។​

​សេចក្តីរាយការណ៍​រប​ស់ សារព័ត៌មាន​ចិន The China Daily នៅ​ថ្ងៃ​ចន្ទ បានឱ្យដឹងថា អាជ្ញាធរ​ចិន កាលពី​ថ្ងៃអាទិត្យ បានសម្រេច​ដាក់ពង្រាយ​កង​ល្បាត​សមុទ្រ​នៅ​ជិត​កោះ ​Kinmen បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​យ៉ាងធ្ងន់ធ្ងរ​រវាង​ទូ​កនេ​សាទ​ចិនដីគោក និង​នាវា​ល្បាត​ពី​តៃវ៉ាន់​កាលពី​ដើមខែ​នេះ​។​

​ក្នុង​ឧប្បត្តិហេតុ​នាពេលនោះ មាន​អ្នកនេសាទ ៤​ នាក់​ត្រូវបាន​ទម្លាក់​ពីលើ​ទូក​កាលពី​ថ្ងៃទី​ ១៤ ខែកុម្ភៈ នៅពេលដែល​ទូក​នេសាទ​របស់​ពួកគេ​ត្រូវបាន​ចោទប្រកាន់ថា បាន​បុក​ដោយ​ទូក​ល្បាត​របស់​តៃវ៉ាន់ ដែល​បណ្តាលឱ្យមាន​អ្នកនេសាទ ២​ នាក់​ស្លាប់បាត់​បង់ជីវិត​។​


​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​នោះ ឆ្មាំ​ឆ្នេរសមុទ្រ​របស់​ចិនដីគោក​បាន​និយាយថា កប៉ាល់​របស់ខ្លួន​បានធ្វើ​កិច្ចការ​ដូចជា​ការត្រួត​ពិនិត្យ​កប៉ាល់ ការការពារ​នាវា​នេសាទ និង​ការ​ចេញ​ការព្រមាន​ក្នុងអំឡុងពេល​ល្បាត​។ ប្រតិបត្តិការ​នេះ​មាន​គោលបំណង​ពង្រឹង​ការអនុវត្ត​ច្បាប់ រក្សា​សណ្តាប់ធ្នាប់ និង​ការពារ​សុវត្ថិភាព​អ្នកនេសាទ​។​

​ការដាក់​ការ​ល្បាត​នេះ​ទៀតសោត គឺ​នៅ​បន្ទាប់ពី​មានការ​​ប្រកាស​កាលពី​ថ្ងៃទី​ ១៨ ខែកុម្ភៈថា អាជ្ញាធរខេត្ត Fujian នឹង​បង្កើន​ការ​ល្បាត​នៅ​ជិត Xiamen និង Kinmen ដើម្បី​រក្សា​សណ្តាប់ធ្នាប់​។ បន្ថែម​ពីលើ​នេះ នាវា​អនុវត្តន៍​ច្បាប់​ជលផល​ចំនួន ​២​ មកពី​ខេត្ត Fujian ក៏បាន​ធ្វើការ​ល្បាត​នៅក្នុង​តំបន់​នេះដែរ​កាលពី​ថ្ងៃអាទិត្យ​។​


​ក្រសួងកសិកម្ម និង​កិច្ចការ​ជនបទ បាន​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​នៃ​ការ​ល្បាត​ក្នុង​រដូវ​បិទ​នេសាទ ដើម្បី​ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​អ្នកនេសាទ​។​

​ឆ្មាំ​សមុទ្រ​ចិន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា អាជ្ញាធរ​​ឆ្មាំ​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត Fujian ក៏បាន​ធ្វើ​សមយុទ្ធ​អនុវត្តន៍​ច្បាប់​ដ៏​ទូលំទូលាយ​មួយ​នៅក្នុង​ដែន​​ទឹក​ក្បែរ Xiamen និង Kinmen កាលពី​រសៀល​ថ្ងៃអាទិត្យ ដើម្បី​សាកល្បង​ការឆ្លើយតប​យ៉ាង​ឆាប់រហ័ស និង​សមត្ថភាព​គ្រប់គ្រង​គ្រាអាសន្ន​របស់​នាវា​អនុវត្តន៍​ច្បាប់​។​

​អាជ្ញាធរ​តៃវ៉ាន់​កត់សម្គាល់​ឃើញថា ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​តៃវ៉ាន់​ដែល​ជាប់​គណបក្ស​ដែល​មិន​រណប​រដ្ឋាភិបាល​ចិនដីគោក សកម្មភាព​ឈ្លបយកការណ៍​កើនឡើង​ខ្លាំង​៕