​ក្រុម​ស្រាវជ្រាវ India Hate Lab ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​បញ្ចេញមតិ​នាំឱ្យ​កើតការ​ស្អប់ ប្រឆាំងនឹង​អ្នក​កាន់សាសនា​អ៊ិ​ស្លាម​នៅក្នុង​ប្រទេស​ឥណ្ឌា បាន​កើនឡើង​រហូតដល់​ ៦០ ​ភាគរយ​ ក្នុង​ឆមាស​ទី២ ​នៃ​ឆ្នាំ​ ២០២៣ បើ​ប្រៀបធៀប​នឹង​ឆមាស​ទី​ ១ ​នៃ​ឆ្នាំ​ដដែល​។ យោងសេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។  


India Hate Lab បាន​និយាយ​ក្នុង​របាយការណ៍​ថ្មី​ថា ខ្លួន​បាន​កត់ត្រា​លើ​ការបញ្ចេញមតិ​ស្អប់​តាម​អន​ឡាញ​ចំនួន​ ៦៦៨​ ករណី ដែល​ផ្ដោតលើ​មូស្លីម​ក្នុង​ឆ្នាំ​ ២០២៣ ដោយ​ក្នុងនោះ ២៥៥ ​ករណី​កើតឡើង​នៅ​ឆមាស​ទី​១ ហើយ ៤១៣ ​ករណី​ទៀត កើតឡើង​រយៈពេល ​៦ ​ខែ​ចុងក្រោយ​នៃ​ឆ្នាំ​ដដែល​។​

​ប្រហែល​ ៧៥ ​ភាគរយ​នៃ​ការបញ្ចេញមតិ​ទាំងនោះ ធ្វើឡើង​ក្នុង​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ជាតិនិយម​ហិណ្ឌូ Bharatiya Janata (BJP) របស់លោក​នាយករដ្ឋមន្ត្រី ណារិន​ ដ្រា ម៉ូឌី​។ រដ្ឋ Maharashtra រដ្ឋ Uttar Pradesh និង Madhya Pradesh មានការ​បញ្ចេញមតិ​ស្អប់​មូស្លីម​ខ្លាំងជាងគេ​បំផុត​។


​របាយការណ៍​បាន​បន្ថែមថា ចាប់​តាំងពី​ថ្ងៃ​ដែល​ក្រុម​ហា​ម៉ាស់​វាយលុក​ចូល​អ៊ីស្រា​អែល ដែល​បង្កឱ្យមាន​ជម្លោះ​ធ្ងន់ធ្ងរ​បច្ចុប្បន្ន ដោយ​ចាប់ពី​ថ្ងៃទី ​៧ ខែតុលា រហូតដល់​ថ្ងៃទី ​៣១ ខែធ្នូ មានការ​បញ្ចេញ​ពាក្យសម្ដី​ស្អប់​ខ្ពើម​ចំនួន ​៤១ ​ប្រឆាំងនឹង​មូស្លីម​ឥណ្ឌា ដែល​បានលើកឡើង​ពី​សង្គ្រាម​ហា​ម៉ាស់អ៊ី​ស្រា​អែល​។


India Hate Lab និយាយថា ខ្លួន​បាន​ប្រើ​និយមន័យ​របស់​អង្គការ​សហ​​ប្រជាជាតិ ដើម្បី​កំណត់​ពាក្យសម្ដី​ស្អប់ ដែល​រួមមាន​ការប្រើប្រាស់​ភាសា​ប្រកាន់ ឬ​រើសអើង​ចំពោះ​បុគ្គល ឬ​ក្រុម​ណាមួយ ដោយ​ផ្អែកលើ​គុណ​លក្ខណៈ​រួមទាំង​សាសនា ជាតិ​សាសន៍ សញ្ជាតិ ពូជសាសន៍ ឬ​ភេទ​ទៀតផង​។​


​ក្រុម​សិទ្ធិមនុស្ស​នាពេល​កន្លងមក បាន​ចោទប្រកាន់ថា មូស្លីម​ក្នុងប្រទេស​ឥណ្ឌា បាន​រង​ការ​ធ្វើទុក្ខបុកម្នេញ ក្រោម​ការដឹកនាំ​របស់​លោក ម៉ូ​ឌី ដែល​បាន​ក្លាយជា​មេដឹកនាំ​ឥណ្ឌា​ក្នុង​ឆ្នាំ​ ២០១៤​។  

​ក្រុម​សិទ្ធិមនុស្ស បាន​ចង្អុល​ទៅ​ច្បាប់​ស្តីពី​សញ្ជាតិ​ឆ្នាំ ​២០១៩ ដែល​កា​រិ​យា​ល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​​ប្រជាជាតិ​ហៅថា «​ការរើសអើង​ជា​មូលដ្ឋាន​»​។ ច្បាប់​នោះ ប្រឆាំងនឹង​ការប្ដូរ​សាសនា ដែល​ធ្វើឱ្យ​ប្រឈម​នឹង​សិទ្ធិសេរីភាព​ខាង​ជំនឿ ដែល​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​។​

​ក្រុម​សិទ្ធិមនុស្ស​ក៏​លើកឡើង​ផង​ដែរ​ពី​ការដក​ងារ​ថា តំបន់​កា​ស្មៀ​រ លែង​ជា​តំបន់​ដែលមាន​ប្រជាជន​មូស្លីម​រស់នៅ​ភាគច្រើន​។ ក្រៅពីនេះ គេ​ក៏​ឃើញ​មាន​ផងដែរ នូវ​ការរុះរើ​ទ្រព្យសម្បត្តិ​មូស្លីម​ផងដែរ និង​ការ​ហាមប្រាម​ពាក់​ហ៊ី​ចាប ​(Hijab) ក្នុងចំណោម​បញ្ហា​ចម្រូងចម្រាស​ផ្សេងៗ ជាច្រើន​ទៀត​របស់​មូស្លីម​។

​ទោះបី​បែបណាក៏ដោយ រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី ម៉ូឌី បាន​ច្រាន​​ចោលការ​ធ្វើទុក្ខបុកម្នេញ​លើ​ក្រុម​ជនភាគតិច​មូស្លីម​ហើយ​និយាយថា គោលនយោបាយ​របស់ខ្លួន មាន​គោលបំណង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ឥណ្ឌា​ទាំងអស់​៕