ស្តេច​ស៊ុ​លត​ង់ អ៊ី​ប្រា​ហ៊ីម អ៊ី​ស​កាន​ដារ (Sultan Ibrahim Iskandar) នៃ​ប្រទេស​ម៉ាឡេស៊ី​ ដែល​ទើប​ឡើង​គ្រង​រាជ​សម្បត្តិ​កាលពី​ខែមករា ឆ្នាំនេះ​សម្រាប់​អាណត្តិ ៥ ​ឆ្នាំ បាន​មាន​រាជបន្ទូល​ថា ទ្រង់​នឹងមិន​ទទួលយក​សំណើ​ណាមួយ ដែល​អាច​បំផ្លាញ​ស្ថិរភាព​នយោបាយ​របស់​ប្រទេស​នេះ ក្នុងការ​ជំរុញ​ដល់​រដ្ឋបាល​របស់​នាយ​ក​រដ្ឋមន្ត្រី អាន់​វ៉ា អ៊ី​ប្រា​ហ៊ីម​។​


​នៅក្នុង​ព្រះរាជ​សង្កថា​ដំបូង​របស់​ព្រះអង្គ​ទៅកាន់​រដ្ឋសភា​នៅឯ​ការបើក​សម័យប្រជុំ​ឆ្នាំ​ ២០២៤ នៅ​ថ្ងៃទី​ ២៦ ខែកុម្ភៈ​ថា សេ្ត​ច​ស៊ុ​លត​ង់ អ៊ី​ប្រា​ហ៊ីម មាន​ព្រះរាជបន្ទូល​ថា​៖ «​អ្នកណា​មួយ​ដែល​ចង់​លេង​នយោបាយ​គួរតែ​រង់ចាំ​ការបោះឆ្នោត​សកល​បន្ទាប់​»​។​

​ព្រះអង្គ​មាន​ព្រះរាជ​សង្កថា​បន្ថែមថា​៖ «​គ្រប់ភាគី​ត្រូវតែ​ទទួលយក​បទបញ្ជា​ដែលមាន​ស្រាប់ និង​គោរព​រដ្ឋាភិបាល​រួបរួម​ដែល​ត្រូវបាន​បង្កើតឡើង​»​។​


​ប្រទេស​ម៉ាឡេស៊ី​នឹង​រៀបចំ​ការបោះឆ្នោត​សកល​បន្ទាប់​មុន​ឆ្នាំ​ ២០២៨​។ ប៉ុន្តែបញ្ហានយោបាយ​របស់​ប្រទេស​ម៉ាឡេស៊ី​ ហាក់​រង្គោះរង្គើ​ខ្លាំង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដោយសារតែ​ការបង្ក្រាប​អំពើពុករលួយ​របស់​នា​យក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់​វ៉ា អ៊ី​ប្រា​ហ៊ីម ដែល​តស៊ូ​អស់​រយៈពេល​ជាង​ ៣០ ​ឆ្នាំមុន​បាន​កាន់អំណាច​។​


​ការគាស់កកាយ​អំពើពុករលួយ​របស់រ​ដ្ឋា​ភិ​បាល​របស់លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ីម បាន​ឈានដល់​ការចោទប្រកាន់​រដ្ឋមន្ត្រី​កំពូលៗ​របស់​ម៉ាឡេស៊ី​ក្នុង​រដ្ឋាភិបាល​អាណ​ត្តិ​មុនៗ ដែល​ធ្លាប់​ធ្វើទុក្ខបុកម្នេញ​លោក​អាន់​វ៉ា​ក្នុងការ​ប៉ុនប៉ង​ឡើងកាន់​អំណាច​តាមរយៈ​ការបោះឆ្នោត​។​


​ការ​ថ្លែង​របស់​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ពេលនេះ ធ្វើឡើង​នៅពេលដែល​ការ​ព្រួយ​​បារម្ភ​អំពី​ស្ថិរភាព​នយោបាយ​របស់​ប្រទេស​​ម៉ាឡេស៊ី​បាន​លេចចេញ​ជាថ្មី​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា ក្រុមប្រឆាំង​បាន​ព្យាយាម​បញ្ចុះបញ្ចូល​សមាជិកសភា​ក្នុង​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​ឱ្យ​ប្រឆាំង​។​

​នាយករដ្ឋមន្ត្រី អាន់​វ៉ា អ៊ី​ប្រា​ហ៊ីម បាន​ច្រានចោល​ការប៉ុនប៉ង​ដើម្បី​ធ្វើឱ្យមាន​អស្ថិរភាព​ដល់​រដ្ឋាភិបាល​របស់គាត់​ថា ​«​គ្មាន​ប្រសិទ្ធភាព​» ទេ ហើយ​ក្រុមប្រឆាំង​ក៏​បដិសេធ​ការចោទប្រកាន់​នោះ​។​

​ស្តេច​ ស៊ុ​លត​ង់ អ៊ីប្រា​ហ៊ីម ដែលជា​អ្នក​គ្រប់គ្រង​រដ្ឋ Johor ភាគខាងត្បូង​បំផុត បាន​ឡើង​សោយរាជ្យ​ជា​ស្តេច​ម៉ាឡេស៊ី​ក្នុង​ខែមករា​ ២០២៤ ចំ​ពេលដែល​ប្រទេស​ម៉ាឡេស៊ី​ហាក់​មាន​កលិយុគ​ផ្នែក​នយោបាយ ដោយ​រដ្ឋាភិបាល​របស់​លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ីម តាមរយៈ​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី (MACC) បាន​ប្តឹង​ចោទប្រកាន់​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ម៉ាឡេស៊ី​ពីបទ​ពុករលួយ ខណៈដែល​អ្នក​​វិភាគ​ខ្លះ​ថា ការចោទប្រកាន់​ប្រឆាំង​ទាំងនេះ គឺជា​ការ​សងសឹក​ផ្នែក​នយោបាយ របស់លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ីម ដែល​តស៊ូ​ក្នុង​ឆាកនយោបាយ​អស់​រយៈពេល​ជិត ៤០ ​ឆ្នាំមុន​ការឡើង​កាន់អំណាច ដោយ​រង​ការ​ធ្វើទុក្ខបុកម្នេញ​យ៉ាងខ្លាំង​ពី​រដ្ឋាភិបាល​។​

​អតីតរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី លោក ឌា​ម ហ្សា​នូ​ឌី​ន (DaimZainuddin) ដែល​រង​ការចោទប្រកាន់​ពី​ការមិន​ប្រកាស​ទ្រព្យ ត្រូវ​តុលាការ​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​ ២៩ ខែមករា ឆ្នាំ​២០២៤ សម្រេច​ឱ្យ «​មិនមាន​ពិរុទ្ធភាព​» ជុំវិញ​ការខកខាន​ប្រកាស​ទ្រព្យសម្បត្តិ​នៅក្រោម​ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ​នេះ​។​

​សំណុំរឿង​របស់​អតីតមន្ត្រី​កំពូល​ក្រោម​ការដឹកនាំ​របស់លោក ម៉ា​ហា​ធៀរ ម៉ូ​ហា​ម៉ា​ដ (Mahathir Mohamad) បាន​ក្លាយជា​រឿងក្តី​ដ៏​ល្បី​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​ម៉ាឡេស៊ី ទាក់ទង​នឹង​ការបង្ក្រាប​អំពើ​ពុក​​រលួយ​ដែល​ពាក់ព័ន្ធ​នឹង​ឥស្សរជន​ជាន់​​ខ្ពស់​បែបនេះ​៕