យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន ដែលបានរាយការណ៍កាលពីថ្ងៃចន្ទ បានឱ្យដឹងថា គ្រាប់រ៉ុក្កែត របស់ចិនប្រភេទ Long March 12 ដែលត្រូវបានរចនាឡើងដើម្បីបាញ់បង្ហោះផ្កាយ រណបធំ និងទំនើបជាងមុន ទៅកាន់គន្លងតារាវិថី គ្រោងនឹងហោះហើរជាលើកដំបូងនៅឆ្នាំ ២០២៤។ ការបាញ់បង្ហោះនេះគឺជាផ្នែកមួយនៃកាលវិភាគដ៏មមាញឹករបស់ប្រទេសចិន ក្នុងបេសកកម្មបំបែកកំណត់ត្រារុករកអវកាសពិភពលោកសម្រាប់ឆ្នាំ ២០២៤។
យោងតាមទីភ្នាក់ងារអវកាសចិនដែលមានឈ្មោះថា បណ្ឌិត្យសភាបច្ចេកវិទ្យាយានអវកាសសៀងហៃ (Shanghai Academy of Spaceflight Technology) បានឱ្យដឹងថា រ៉ុក្កែត Long March 12 នេះនឹងដំណើរការដោយម៉ាស៊ីនអុកស៊ីហ្ស៊ែនរាវចំនួន ៦ អាចផ្ទុកទម្ងន់បាន ១ ម៉ឺនគីឡូក្រាម ហើយនឹងហោះទៅកាន់គន្លងផែនដីកម្រិតទាប។
ដូច្នេះមានន័យថា ក្នុងមួយបេសកកម្ម រ៉ុក្កែត Long March 12 នឹងអាចផ្ទុកបណ្ដុំផ្កាយរណបទំនាក់ទំនងធំៗចំនួន ៦ ហោះចូលទៅក្នុងគន្លងផែនដី ដែលលក្ខណៈរបស់វាគឺស្រដៀងគ្នានឹងរ៉ុក្កែត Long March 3 ដែលបានបាញ់បង្ហោះផ្កាយរណបប្រព័ន្ធរុករកប៉ីទូ (BeiDou)របស់ប្រទេសចិនកន្លងមក។
ជាទូទៅ រ៉ុក្កែតធុនតូចអាចផ្ទុកទម្ងន់បានដល់ទៅ ២ពាន់គីឡូក្រាម រ៉ុក្កែតធុនមធ្យមអាចផ្ទុកបានដល់ទៅ ២ម៉ឺនគីឡូក្រាម ហើយគ្រាប់រ៉ុក្កែតធុនធ្ងន់អាចផ្ទុកបានលើសពី ២ម៉ឺនគីឡូក្រាម ពោលគឺមានសមត្ថភាពអាចបញ្ជូនយានរុករកទៅធ្វើការស៊ើបអង្កេតនៅភពផ្សេងទៀតបាន។
គិតមកទល់ពេលនេះ ប្រទេសចិនបានបង្កើត និងបាញ់បង្ហោះរ៉ុក្កែតប្រភេទLong March ផ្សេងៗជាង ២០គ្រាប់មកហើយ។ គ្រាប់រ៉ុក្កែតនេះមានសារៈសំខាន់ណាស់ចំពោះបេសកកម្មអវកាសរបស់ប្រទេសចិន។ បើគិតចាប់ពីឆ្នាំ ១៩៧០ ចិនបានបញ្ចប់បេសកកម្មបាញ់បង្ហោះជាង៥០០លើកមកហើយ។
ក្រុមហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអវកាសចិន (China Aerospace Science and Technology Corp)ដែលជាក្រុមហ៊ុនម៉ៅការអវកាសចម្បងរបស់ប្រទេសចិន គ្រោងនឹងអនុវត្តបេសកកម្មបាញ់បង្ហោះចំនួន ១០០ដងបន្ថែមទៀតក្នុងឆ្នាំ២០២៤នេះ។
លោក ចឹង វេនហួ (ZengWenhua) អ្នករចនាសាងសង់គ្រោងឆ្អឹងរ៉ុក្កែតនៅបណ្ឌិត្យសភាបច្ចេកវិទ្យាយានអវកាសសៀងហៃបានរៀបរាប់ថា ការហោះហើរលើកដំបូងនៃគ្រាប់រ៉ុក្កែតLong March 12 គ្រោងនឹងធ្វើឡើងនៅមជ្ឈមណ្ឌលបង្ហោះយានអវកាសពាណិជ្ជកម្មអន្តរជាតិហៃណាន(Hainan)ដែលនឹងចាប់ផ្តើមប្រតិបត្តិការនៅក្នុងខែមិថុនាខាងមុខនេះ។
រ៉ុក្កែត Long March 12 មានកម្ពស់ជាង ៦០ម៉ែត្រ ហើយវានឹងក្លាយជាគ្រាប់រ៉ុក្កែតចិនដំបូងគេដែលមានអង្កត់ផ្ចិត ៣,៨ម៉ែត្រ ធំជាងគ្រាប់រ៉ុក្កែតចិនភាគច្រើនដែលធម្មតាមានទំហំត្រឹមតែ ៣,៣៥ម៉ែត្រ៕