មន្ត្រី​រដ្ឋាភិបាល​ម៉ុង​ហ្គោ​លី នៅ​ថ្ងៃទី ២៦ ខែកុម្ភៈ បាន​និយាយថា​សត្វ​ជាង ២ លាន​ក្បាល​ហើយ​បាន​ងាប់ គិត​ត្រឹម​ពេលនេះ​ដោយសារតែ​ ប្រទេស​នេះ​​ប្រឈម​នឹង​ស្ថានភាព​អាកាសធាតុ​ត្រជាក់​ខ្លាំង លាយឡំ​ជាមួយនឹង​ព្រិល​ធ្លាក់។

ចំពោះ​អាកាសធាតុ​ធ្ងន់ធ្ងរ​ចាប់ពី​ខែធ្នូ​ដល់​ខែមីនា​​ខាងមុខ​នេះ​ មិនមែនជា​រឿង​ចម្លែក​ទេ​សម្រាប់​ប្រទេស​ម៉ុង​ហ្គោ​លី ខណៈដែល​សីតុណ្ហភាព​នៅ​តំបន់​ខ្លះ​ធ្លាក់ចុះ​រហូតដល់​ក្រោម ៥០ អង្សា​សេ​ឯណោះ។ តែ​ទោះយ៉ាងណា​អង្គការសហប្រជាជាតិ (UN) បាន​និយាយ​នៅក្នុង​របាយការណ៍ថ្មីៗនេះ​ថា​រដូវរងារ​លើក​នេះ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ធម្មតា ជាមួយនឹង​សីតុណ្ហភាព​ទាប​ជាង​ធម្មតា និង​មាន​ព្រិល​ធ្លាក់​ខ្លាំង​បំផុត។

លោក Gantulga Batsaikhan មន្ត្រី​នៃ​ក្រសួងកសិកម្ម​ម៉ុង​ហ្គោ​លី​បាន​និយាយថា គិត​ត្រឹម​ថ្ងៃទី ២៦ ខែកុម្ភៈ សត្វពាហនៈ​ចំនួន ២,១ លាន​ក្បាល​បាន​ងាប់​ដោយសារ​ការអត់ឃ្លាន និង​ហត់នឿយ។ បើតាម​ស្ថិតិ​ផ្លូវការ​នៅ​ចុងឆ្នាំ ២០២៣ បាន​បង្ហាញថា ប្រទេស​ម៉ុង​ហ្គោ​លី​មាន​សត្វ​សរុប​ចំនួន ៦៤,៧ លាន​ក្បាល រួមទាំង​ចៀម ពពែ សេះ និង​គោ។


អាកាសធាតុ​ត្រជាក់​ខ្លាំង​បែបនេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា «dzud» ដែលជា​ធម្មតា​បង្ក​ឱ្យ ចំនួន​សត្វ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ងាប់។ 

ប្រទេស​ម៉ុង​ហ្គោ​លី​បាន​ជួបប្រទះ​នឹង​បាតុភូត dzuds ចំនួន ៦ ដង នៅក្នុង​រយៈពេល ១០ ឆ្នាំ​កន្លងមកនេះ ដោយ​បូក​ទាំង​រដូវរងា​ឆ្នាំ ២០២២-២០២៣ ជា​ពេលដែល​សត្វពាហនៈ​ចំនួន ៤,៤ លាន​ក្បាល​បាន​ងាប់។ សម្រាប់ dzud នៅ​ឆ្នាំ ២០២៣-២០២៤ នេះ​មាន​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយ​គ្រោះរាំងស្ងួត​កាលពី​រដូវក្តៅ ដែល​រារាំង​សត្វ​មិនឱ្យ​បង្កើត​ជាតិ​ខ្លាញ់​គ្រប់គ្រាន់​ដើម្បី​រស់រានមានជីវិត​ក្នុង​រដូវរងា​ដ៏​អាក្រក់​នេះ។


បើតាម UN បាន​និយាយថា ៧០ ភាគរយ​នៃ​ប្រទេស​ម៉ុង​ហ្គោ​លី ​កំពុង​ជួបប្រទះ​លក្ខខណ្ឌ «dzud ឬ​ក្បែរ dzud» ដោយ​វា​កើន ១៧ ភាគរយ​ បើ​ប្រៀបធៀប​នឹង​ពេល​ដូចគ្នា​កាលពី​រដូវរងារ​លើក​មុន។

អ្នក​ចិ​ញ្ចឹ​មួយរូប​ដែលមាន​ឈ្មោះថា Tuvshinbayar Byambaa បាន​ប្រាប់ AFP ថា ដូ​វរ​ងារ​បានចាប់ផ្តើម​ដោយមាន​ព្រិល​ធ្លាក់​ខ្លាំង ប៉ុន្តែភ្លាមៗនោះ​សីតុណ្ហភាព​ខ្យល់​បាន​កើនឡើង ហើយ​ព្រិល​បាន​រលាយ ប៉ុន្តែ​មិនយូរប៉ុន្មាន​សីតុណ្ហភាព​ធ្លាក់ចុះ​ម្តងទៀត ប្រែក្លាយ​ព្រិល​រលាយ​ទៅជា​ទឹកកក​វិញ។

អ្នក​ចិញ្ចឹម​ចៀម​រូបនេះ​បាន​និយាយថា​ទឹកកក​នោះ​ធ្វើឱ្យ​សត្វពាហនៈ​ពិបាក​ទម្លុះ​ស្មៅ​ខាងក្រោម ដោយ​រារាំង​ពួកគេ​មិនឱ្យ​ស៊ី​ស្មៅ និង​បង្ខំ​អ្នក​ចិញ្ចឹមសត្វ​ជាច្រើន​ត្រូវ​បង្ខំ​ចិន​ខ្ចីលុយ​ពី​ខាងក្រៅ​ដើម្បី​ចិញ្ចឹម​ពួកវា។

បាតុភូត dzud ដ៏​សាហាវ​បំផុត​ដែល​បាន​កត់ត្រា​គឺ​រដូវរងា​ឆ្នាំ ២០១០-២០១១ ដោយ​វា​បានសម្លាប់​សត្វ​ជាង ១០លាន​ក្បាល ឬ​ស្ទើរ​តែមួយ​ភាគ​បួន​នៃ​សត្វ​ចិញ្ចឹម​សរុប​របស់​ប្រទេស​នៅពេលនោះ។

ដោយឡែក​ការធ្លាក់​ព្រិល​នៅ​ឆ្នាំ ២០២៤ នេះ​ជាការ​ធ្លាក់​ខ្លាំង​បំផុត​ចាប់តាំងពី​ឆ្នាំ ១៩៧៥ មក ដោយ​បង្ក​ជា​ផលវិបាក​សម្រាប់​អ្នក​ចិញ្ចឹមសត្វ ដោយ​ធ្វើឱ្យ​ពួកគេ​ស្ថិតនៅ​តំបន់​ត្រជាក់​ខ្លាំង និង​មិនអាច​ទិញ​អាហារ និង​ស្មៅ​សម្រាប់​សត្វ​របស់​ពួកគេ​ពី​ទីក្រុង​ក្បែរ​នោះ។

យ៉ាងណា រដ្ឋាភិបាល​ម៉ុង​ហ្គោ​លី បាន​សន្យាថា​នឹង​ជួយ ដោយ​ចាប់ផ្តើម​យុទ្ធនា​ការផ្តល់​ចំណី ចំបើង​ដល់​ហ្វូង​សត្វ​ក្នុង​គោលបំណង​ទប់ស្កាត់​ការបាត់បង់​បន្ថែមទៀត ដើម្បី​ការពារ​ទំនិញសំខាន់ៗដូចជា​សាច់ និង​រោមសត្វ ដែលជា​ទំនិញ​នាំចេញ​កំពូល​មួយ​របស់​ប្រទេស៕