រដ្ឋាភិបាល​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​ចន្ទ ទី ២៦ ខែកុម្ភៈ ​បាន​ណែនាំ​ឱ្យ​វេជ្ជបណ្ឌិត​ទាំងអស់​ត្រឡប់​ទៅធ្វើ​ការ​វិញ​នៅ​ចុងខែ​កុម្ភៈ​នេះ បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹងត្រូវ​ប្រឈមមុខ​នឹង​ការពិន័យ​ចំពោះ​សកម្មភាព​ចេញ​តវ៉ា​រយៈពេល ១ សប្តាហ៍​មកនេះ។ ការធ្វើ​កូដកម្ម​នេះ​បាន​បណ្តាលឱ្យមាន​ការប៉ះពាល់​ដល់​សេវា​ថែទាំ​អ្នកជំងឺ​នៅតាម​មន្ទីរពេទ្យធំៗជាច្រើន។


វេជ្ជបណ្ឌិត​វ័យក្មេង​រហូតដល់​ទៅ​ជាង ១ ម៉ឺន​នាក់ ស្មើនឹង ៨០,៥% នៃ​វេជ្ជបណ្ឌិត​សិក្ខាកាម​ទាំងអស់​បានធ្វើ​កូដកម្ម​ដើម្បី​ប្រឆាំងនឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ដែល​ស្នើ​ចង់​បង្កើន​ចំនួន​និស្សិត​ពេទ្យ​នៅ​សាលា​វេជ្ជសាស្ត្រ។ គោនយោបាយ​​នេះ​មាន​គោលបំណង​ដោះស្រាយ​បញ្ហា​កង្វះ​វេជ្ជបណ្ឌិត ដោយសារតែ​គេ​បាន​ព្យាករ​ឃើញថា កូរ៉េខាងត្បូង​នឹង​ក្លាយទៅជា​ប្រទេស​មាន​ប្រជាជន​វ័យ​ចំណាស់​ច្រើន​នៅលើ​ពិភពលោក។

ការចេញ​តវ៉ា​របស់​វេជ្ជបណ្ឌិត​នោះ បានធ្វើឱ្យ​មន្ទីរពេទ្យ​ជាច្រើន​ត្រូវ​បង្ខំចិត្ត​បដិសេធ​មិន​ទទួល​អ្នកជំងឺ​បន្ថែម​និង​ខ្លះ​ត្រូវ​ពន្យារពេល​ការវះកាត់​ព្យាបាល​ទៀតផង។ រដ្ឋមន្ត្រីក្រសួង​សុវត្ថិភាព​លោក លី សាង​មិន (Lee Sang-min) បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ភាពចលាចល​ដែល​កំពុង​កើតឡើង​នៅក្នុង​មន្ទីរពេទ្យ និង​ស្ថានភាព​សេវា​សង្គ្រោះបន្ទាន់​កំពុង​ជួប​បញ្ហា​ប្រឈម​ខ្លាំង។


លោក​បាន​និយាយថា៖«ប្រសិនបើ​អ្នក​ត្រឡប់មក​មន្ទីរពេទ្យរ​បស់​អ្នក​វិញ​នៅ​ថ្ងៃទី២៩ខែកុម្ភៈ នោះ​អ្នកនឹង​មិនចាំបាច់​ទទួល​ខុសត្រូវ​ចំពោះ​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​នោះទេ»។


លោក​បាន​បន្ថែមថា៖ «យើង​លើកទឹកចិត្ត​អ្នក​ឱ្យ​ឈរ​ក្បែរ​អ្នកជំងឺ ព្រោះ​សំឡេង​របស់​អ្នក​នឹងមាន​ទម្ងន់​ខ្លាំង​បំផុត​នៅពេល​អ្នក​យល់ព្រម​នៅ​ព្យាបាល​អ្នកជំងឺ»។


គិត​ត្រឹម​ថ្ងៃ​ចន្ទ គ្រូពេទ្យ​សិក្ខាកាម​ចំនួន ៩០០៦នាក់​បាន​អវត្តមាន​ពី​កន្លែង​ការងារ​របស់​ពួកគេ។រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ព្រមាន​ថា គ្រូពេទ្យ​ដែល​បដិសេធ​មិន​ចូលធ្វើការ​អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ដូចជា​ការកាត់ទោស ការចាប់ខ្លួន​និង​ការបាត់បង់​អាជ្ញាប័ណ្ណ​ពេទ្យ​ផងដែរ។

វេជ្ជបណ្ឌិត​សិក្ខាកាម ​ដែល​បានចេញ​ធ្វើ​កូដកម្ម​ទាំង​នោះបាន​អះអាងថា រដ្ឋាភិបាល​គួរតែ​ផ្ដោតទៅលើ​ការដោះស្រាយ​បញ្ហា​ប្រាក់ខែ និង​លក្ខខណ្ឌ​ការងារ​មុននឹង​ផ្ដោតទៅលើ​ការបង្កើន​ចំនួន​គ្រូពេទ្យ។

ដោយឡែកអនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ផាក មិន​ស៊ូ (Park Min-soo) បាន​និយាយ​ថា អ្នក​ដែល​មិនបាន​ត្រឡប់មកវិញ​ត្រឹម​ថ្ងៃទី១ ខែមីនា នឹង​ទទួលរង​ពិន័យ​ព្យួរ​អាជ្ញាប័ណ្ណ​ពេទ្យ​របស់​ពួកគេ​យ៉ាងហោចណាស់ ៣ខែ រួម​នឹង​ផលវិបាក​ផ្នែក​ច្បាប់​ផ្សេងទៀត។

វេជ្ជបណ្ឌិត​ជាន់ខ្ពស់ និង​ពេទ្យ​ឯកជន​មិនបាន​ចូលរួម​ក្នុង​ការដើរ​បាតុកម្ម​នោះទេ ប៉ុន្តែ​ក៏បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​ជំ​រុញឱ្យ​រដ្ឋាភិបាល​លុបចោល​ផែនការ​របស់ខ្លួន​ក្នុងការ​បង្កើន​កូតា​សាលា​វេជ្ជសាស្ត្រ​ផងដែរ។ លោក​ប្រធានាធិបតី យូ​ន ស៊ុ​ក​យ៉ុ​ល (Yoon Suk Yeol) គឺជា​អ្នក​ដែល​បាន​ដឹកនាំ​គំនិត​ផ្តួចផ្តើម​នេះ និង​បានទទួល​ការគាំទ្រ​ច្រើន​ពី​ប្រជាជន​កូរ៉េខាងត្បូង​ទៀតផង។

យោងតាម​ការស្ទង់មតិ​របស់ Gallup Korea កាលពីពេលថ្មីៗនេះ​បាន​រកឃើញថា​ប្រហែលជា៧៦% នៃ​អ្នក​ឆ្លើយតប បាន​គាំទ្រ​គោលនយោបាយ​នេះ។ ដោយឡែក ការស្ទង់មតិ​មួយ​ផ្សេងទៀត​ដោយ​ក្រុមហ៊ុន Realmeterចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​បាន​បង្ហាញថា សំឡេងគាំទ្រ​លោក​ប្រធានាធិបតី យូ​ន បាន​កើន​ឡើងដល់ ៤១,៩% ដែលជា​តួលេខ​មួយ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ៨ខែ​ មកនេះ។

គោលនយោបាយ​បង្កើន​ចំនួន​និស្សិត​ពេទ្យ​ថ្មី គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​គុណភាព​សេវា​វេជ្ជសាស្ត្រ។ លើសពីនេះ រដ្ឋាភិបាល​គ្រោង​នឹង​ផ្តល់​ការលើកទឹកចិត្ត​ដល់​វេជ្ជបណ្ឌិត​ឱ្យចូល​ធ្វើការ​ក្នុង​វិស័យសំខាន់ៗដូចជា ពេទ្យ​កុមារ និង​ការវះកាត់​ទូទៅ ក៏ដូចជា​នៅក្នុង​តំបន់​ដែល​ប្រឈម​នឹង​ការខ្វះខាត​គ្រូពេទ្យ​ធ្ងន់ធ្ងរ​ជាដើម។

វេជ្ជបណ្ឌិត​ខ្លះ​ជឿថា​ផែនការ​របស់​រដ្ឋាភិបាល​ត្រូវបាន​រៀបចំឡើង​ដើម្បី​ប្រមូល​សន្លឹកឆ្នោត​គាំទ្រ​បន្ថែមទៀត​នៅក្នុង​រដូវ​កាល​បោះឆ្នោត​សកល​នៅ​ខែមេសា​ខាងមុខនេះ។ សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​មកពី​សាកលវិទ្យាល័យ​ជាតិ​សេ​អ៊ូ​ល ដែលជា​សាលា​វេជ្ជសាស្ត្រ​ឈានមុខ​គេ​បាន​ជំ​រុញឱ្យ​អាជ្ញាធរ​ពន្យារពេល​ពិភាក្សា​អំពី​ផែនការ​នេះ​រហូតដល់​ក្រោយ​ការបោះឆ្នោត៕