សភា​នៃ​ប្រទេស​ហុងគ្រី កាល​ពី​ថ្ងៃ​ចន្ទ​​ បាន​​បោះ​ឆ្នោត​អនុម័ត​លើ​ការ​ផ្ដល់​សច្ចាប័ន​ដល់​​ស៊ុយអែត​ ដើម្បី​បើ​ក​ផ្លូវ​ឱ្យ​ប្រទេស​មួយ​នេះបញ្ចប់​គោលនយោបាយ​អព្យាក្រឹត​របស់​ខ្លួន​ ហើយ​​ចូល​ក្លាយ​ជា​សមាជិក​នៃ​អ​ង្គការ​​ណាតូ​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ ​

ការ​បោះ​ឆ្នោត​របស់​សភា​​ហុងគ្រី​ ​ធ្វើ​ឡើង​ក្រោយ​ពី​បាន​​ពន្យា​រពេល​ជា​ច្រើន​ខែ ​ខណៈ​​ហុងគ្រី​ ជា​ប្រ​ទេ​ស​​ណាតូ​ចុង​ក្រោយ​គេ ធ្វើ​ការបោះ​ឆ្នោត​ផ្ដល់​សច្ចាប័ន​​លើ​សេចក្ដី​សម្រេច​នេះ​។ ការណ៍​នេះ​ កើត​ឡើងក្រោ​យ​​​​ដំណើរ​ទស្សន​​កិច្ច​របស់​នាយករដ្ឋ​មន្ត្រី​ស៊ុយអែត​ លោក​ Ulf Kristersson​ ទៅ​កាន់​ហុងគ្រី​កាលពីថ្ងៃសុក្រ សប្ដាហ៍​មុន​ ​​ដែល​ប្រទេស​ទាំង​​២​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​អាវុធ​មួយ​។

លោក​ Kristersson ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​​៖«​ស៊ុយអែត ​នឹង​ទុកចោល​​គោល​នយោបាយ​អព្យាក្រឹត​ដែល​មាន​អាយុកាល​ ២០០ឆ្នាំ​ និង​​ការ​មិន​ចូល​បក្ស​សម្ព័ន្ធ​ខាង​យោធា​ មួយ​ឡែក​សិន​»​។​


លោក​​បន្ត​ថា​៖«​យើង​​នឹង​ចូល​រួម​ជាមួយ​អង្គការ​ណាតូ​ ​ដើម្បី​ការពារ​នូវ​អ្វី​ដែល​យើង​មាន​ និង​អ្វី​គ្រប់​យ៉ាង​ដែល​យើង​ជឿ​ជាក់​ ​ឱ្យ​​កាន់​តែ​ប្រសើរឡើង​។​ យើង​កំពុង​ការពារ​សេរីភាព​របស់​យើង ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​តម្លៃ​របស់​យើង​ រួម​ជាមួយ​នឹង​​ប្រទេស​​ដទៃ»។ ​ 

រដ្ឋាភិបាល​របស់​នាយក​រដ្ឋ​មន្ត្រី​ហុងគ្រី​ លោក​ Viktor Orban​ ដែល​ស្និទ្ធ​នឹង​រុស្ស៊ី​ កន្លង​មក​ បាន​ប្រឈម​មុខ​នឹង​សម្ពាធ​ពី​សម្ព័ន្ធមិត្ត​ណាតូ​ ឱ្យ​​ផ្ដល់​សច្ចាប័ន​ឱ្យ​ស៊ុយអែត​ ដែល​រត់​រក​ណាតូ​ ក្រោយ​រុស្ស៊ី​ចូល​ឈ្លាន​ពាន​អ៊ុយក្រែន​។


ការ​អនុម័ត​​របស់​សភាហុង​គ្រី​ ទទួល​បាន​ការ​សាទរ​ពី​សម្ព័ន្ធ​មិត្ត​​ក្នុង​ណាតូ​ រួម​មាន​សហរដ្ឋ​អាមេរិក​ ខណៈ​អគ្គ​លេខាធិការ​ណាតូ​ លោក​ ជេនស៍​ ស្តូលធេនប៊ើក (Jens Stoltenberg)​ និយាយ​ថា​ វត្តមាន​របស់​ស៊ុយអែត​ក្នុង​ប្លុក​ នឹង​ជួយ​ពង្រឹង​ណាតូ​ឱ្យ​កាន់​តែ​រឹង​មាំ​។

​​ការ​ផ្តល់​សច្ចាប័ន​របស់​ហុងគ្រី​ ដែល​គាំទ្រ​ដោយ​សមាជិក​សភា​ភាគ​ច្រើន​នោះ​ ពេល​នេះ​នឹង​រង់​ចាំ​​តែ​ការ​ចុះ​ហត្ថលេខា​​ពី​ប្រធាន​សភា ​និង​ប្រធានាធិបតី​របស់​ប្រទេស​ ក្នុង​រយៈ​ពេល ​​២-៣ ​​ថ្ងៃ​ ទៀត​ប៉ុណ្ណោះ​។ បន្ទាប់​ពី​នោះ​ ទម្រង់​បែប​បទ​ដែល​នៅ​សេស​សល់ ​ដូច​ជា​ការ​ដាក់​ឯកសារ​ចូល​ជា​សមាជិក​នៅ​ក្រុង​​​វ៉ាស៊ីនតោន​​ ទំនង​ជា​ត្រូវ​​បញ្ចប់​យ៉ាង​ឆាប់​រហ័ស​៕​