សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានព្រមានបណ្ដាប្រទេសប៉ាស៊ីហ្វិក កុំឱ្យទទួលជំនួយពីកងកម្លាំងសន្តិសុខចិន បន្ទាប់ពីទីភ្នាក់ងារសារព័ត័មានរ៉យទ័រ បានរាយការណ៍ថា ប៉ូលិសចិន កំពុងធ្វើការនៅលើកោះគីរីបាទី ដែលជាប្រទេសកោះជិតខាងក្បែររដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។
កាលពីសប្ដាហ៍មុន ស្នងការប៉ូលិសស្តីទីនៃកោះគីរីបាទី លោក Eeri Aritiera បានប្រាប់រ៉យទ័រថា មន្រ្តីចិនស្លៀកពាក់ឯកសណ្ធាន កំពុងធ្វើការជាមួយប៉ូលិសគីរីបាទី ក្នុងការល្បាតសហគមន៍ និងកម្មវិធីមូលដ្ឋានទិន្នន័យឧក្រិដ្ឋកម្ម។
ឆ្លើយតបនឹងរបាយការណ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកម្នាក់ បាននិយាយនៅថ្ងៃចន្ទថា៖ «យើងមិនជឿថា ការនាំចូលកងកម្លាំងសន្តិសុខពីសាធារណរដ្ឋប្រជាមានិតចិន (PRC)នឹងជួយដល់ប្រទេសកោះប៉ាស៊ីហ្វិកណាមួយឡើយ។ ផ្ទុយទៅវិញ ការធ្វើបែបនេះ បង្កើនហានិភ័យនៃភាពតានតឹងក្នុងតំបន់ និងអន្តរជាតិ»។
អ្នកនាំពាក្យរូបនោះ បានបន្ថែមថា ក្រុងវ៉ាស៊ីនតោន មិនអត់ឱនចំពោះ «កិច្ចខិតខំប្រឹងប្រែងគាបសង្កត់ឆ្លងដែន» របស់ចិន រួមទាំងការប៉ុនប៉ងបង្កើតប៉ុស្តិ៍ប៉ូលិសជុំវិញពិភពលោកនេះទេ។
មន្រ្តីដដែលបន្តថា៖«យើងមានការព្រួយបារម្ភ អំពីផលប៉ះពាល់ដែលអាចកើតមាន ក្រោមកិច្ចព្រមព្រៀងសន្តិសុខ និងកិច្ចសហប្រតិបត្តិការលើអ៊ិនធឺណិតទាក់ទងនឹងសន្តិសុខជាមួយ PRC ចំពោះស្វ័យភាពរបស់កោះប៉ាស៊ីហ្វិកណាមួយ»។
គីរីបាទី ដែលជាប្រទេសកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងមានប្រជាជនជាង ១,១សែននាក់រស់នៅ ត្រូវបានចាត់ទុកថាជាទីតាំងភូមិសាស្រ្តនយោបាយយុទ្ធសាស្រ្តមួយ។ ប្រជុំកោះដែលនៅភាគខាងត្បូងនៃរដ្ឋហាវ៉ៃមួយនេះ គ្របដណ្តប់លើតំបន់សេដ្ឋកិច្ចផ្តាច់មុខទំហំ ៣,៥លានគីឡូម៉ែត្រក្រឡា និងជាកន្លែងដាក់ស្ថានីយតាមដានផ្កាយរណបរបស់ជប៉ុន។
ព័ត៌មានស្ដីពីវត្តមានប៉ូលិសនៅលើកោះគីរីបាទី ផុសចេញឡើងចំពេលដែលទីក្រុងប៉េកាំងបន្តការជំរុញដើម្បីពង្រីកទំនាក់ទំនងសន្តិសុខក្នុងប្រជុំកោះប៉ាស៊ីហ្វិកផ្សេងៗ ដើម្បីការប្រកួតប្រជែងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក។
ស្នងការប៉ូលិសស្តីទីគីរីបាទី លោក Aritiera បាននិយាយថា កោះគីរីបាទី បានស្នើសុំជំនួយប៉ូលិសរបស់ប្រទេសចិនក្នុងឆ្នាំ២០២២ ប៉ុន្តែកោះនេះមិនបើកឱ្យមានប៉ុស្តិ៍ចិននោះទេ។ ហើយប៉ូលិសស្លៀកពាក់ឯកសណ្ឋានចិន រាប់សិបនាក់បានមកធ្វើការនៅលើកោះកាលពីឆ្នាំមុន ក្នុងប្រតិបត្តិការវិលជុំរយៈពេល ៦ ខែ។ រ៉យទ័របានរាយការណ៍ថា ប្រភពស្ថានទូតចិន បានបញ្ជាក់អំពីការណ៍នេះ៕