មន្ត្រី ​និង​អ្នក​ការ​ទូត​របស់​អង្គការ​សហ​ប្រជាជាតិ (UN)​ បាន​និយាយ​ថា​ វៀតណាម ​រំពឹង​ថា​ នឹង​​​ផ្តល់​សច្ចា​ប័ន​នៅ​ឆ្នាំ​នេះ ​លើ​​អនុសញ្ញា​​របស់​​អង្គការ​ ​​​​សម្រាប់​ការ​បង្កើត​សហជីព​ដោយ​សេរី​  ​ក្នុង​សកម្មភាព​មួយ​សំ​ដៅ​កាត់​បន្ថយ​ហានិភ័យ​នៃ​​ភាព​ចម្រូង​ចម្រាស់​ផ្នែក​​ពាណិជ្ជកម្ម​ ប៉ុន្តែ​ទំនង​ជា​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​បរទេស​មួយ​ចំ​នួន​មិន​សប្បាយ​ចិត្ត​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​​ បាន​រាយការណ៍ ថ្ងៃ​អង្គារ​​។ 

​ក្រោម​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​រាប់​ពាន់​លាន​ដុល្លារ​ជាមួយ​សហភាព​អឺរ៉ុប ​និង​ដៃគូ​ប៉ាស៊ីហ្វិក​ វៀតណាម​​​ត្រូវ​បាន​តម្រូវ​ឱ្យ​អនុវត្ត​ស្តង់ដារ UN ​ស្តី​ពី​សិទ្ធិ​កម្មករ​ ដើម្បី​ជៀស​វាង​ភាព​ចម្រូង​ចម្រាស​ពាក់​ព័ន្ធ​នឹង​​​ «​​​កា​រ​​​​បោះ​ចោល​​សង្គម​​»​ ឬ​ «Social Dumping» ដែល​គេ​សំដៅ​លើ​​ការ​​ដាក់​​ទីតាំង​ផលិតកម្ម​​ក្នុងប្រទេស​ដែល​មាន​តម្លៃ​ពលកម្ម​ថោកៗ​។ 

លោក​ Ingrid Christensen ​ប្រធាន​អង្គការ​ពលកម្ម​អន្តរជាតិ​ប្រចាំ​ប្រទេស​វៀតណាម​ ដែល​ជា​ទីភ្នាក់​ងារ​​ទទួល​បន្ទុក​សិទ្ធិ​ការងារ​របស់ UN បាន​ប្រាប់​រ៉យទ័រ​ថា​​៖ «​យើង​មាន​ទំនុក​ចិត្ត​ថា​ វៀតណាម​ប្តេជ្ញា​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​លេខ​ ៨៧​ ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។​


អនុ​សញ្ញា​ ៨៧​ ស្តី​ពី​ «​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​ និង​ការ​ការពារ​សិទ្ធិ​ក្នុង​ការ​រៀប​ចំ​»​ ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ​ ១៩៤៨​​ និង​ជា​ច្បាប់​​មូលដ្ឋាន​មួយ​ ដែល​ការពារ​សិទ្ធិ​ការងា​រ​នៅ​ទូទាំង​ពិភព​លោ​ក​។​ 

អ្នក​ការ​ទូត​នៅ​ក្រុង​ហាណូយ​ បាន​ប្រាប់​រ៉យទ័រ​ថា​ ​ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ខែ​ធ្នូ​ ជាមួយ​នឹង​អ្នក​ជំនាញ​ការ​បរទេស​ មន្ត្រី​ក្រសួង​ការងារ​វៀតណាម​បាន​និយាយ​ថា​ ការ​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ន​របស់ UN​​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ខែ​តុលា​ ឆ្នាំ​ ២០២៤​ នេះ​។ ​​អ្នក​ការ​ទូត​ផ្សេង​ទៀត​ ​ក៏​បាន​បញ្ជាក់​ពី​ផែនការ​ផ្តល់​សច្ចាប័ន​នៅ​ឆ្នាំ​នេះ​ផង​ដែរ​។


បន្ទាប់​ពី​មាន​កិច្ច​ពិភាក្សា​អស់​រយៈ​ពេល​មួយ​ទសវត្សរ៍​រួច​មក​ សភា​វៀតណាម​​រំពឹង​ថា​នឹង​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​​កាល​ពី​ឆ្នាំ​មុន​ ​​មុន​ពេល​ផុត​កំណត់​​នៅ​ខែ​មករា​ តាម​ការ​យល់​ព្រម​ជាមួយ​កាណាដា។​ ប៉ុន្តែ​នៅ​ពេល​ខក​ខាន​លើ​ការណ៍​នេះ​ ​កាណាដា​​បាន​​ស្វែង​​រក​​ការ​​ដាក់​ទណ្ឌកម្ម​វៀតណាម​ ​ក្រោម​កិច្ច​ព្រម​ព្រៀ​ង​គ្រប់​ជ្រុង​ជ្រោយ​ និង​រីក​ចម្រើន​សម្រាប់​ភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ (CPTPP)​។​

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កាណាដា​បាន​និយាយ​ថា​ ​កាណាដា ​ដែល​​​មាន​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម​​ត​ម្លៃ​ជាង​ ១០ ប៊ីលាន​ដុល្លារ​ កំពុង​ពិនិត្យ​មើល​ការ​តវ៉ា​ អំពី​ថា​តើ​ច្បាប់​ការងារ​របស់​វៀតណាម​ អនុ​លោម​តាម​កាតព្វកិច្ច​របស់​ CPTPP ​ស្តី​ពី​សិទ្ធិ​កម្មករ​ដែរ​ ឬ​យ៉ាង​ណា​។

ចំណែក​​ឯ​ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​​វៀតណាម​ លោក​ Julien Guerrier វិញ​ បាន​និយាយ​ថា​ EU ​ដែល​មាន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ជាមួយ​ទីក្រុង​ហាណូយ​ជិត​ ៦៥ ប៊ីលាន​ដុល្លារ​​ក្នុង​ឆ្នាំ​ ២០២២​ ​​មើល​ឃើញ​ថា​ ការ​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​លេខ​ ៨៧​ និង​វិសោធនកម្ម​ច្បាប់​ពាក់​ព័ន្ធ​ «​មាន​សារៈ​សំខាន់​»​ ដើម្បី​អនុលោម​តាម​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ស្រាប់​។​

វិធានការ​ ដែល​ត្រូវ​បាន​វៀតណាម​ពន្យារ​ពេលយូរ​លើ​ការ​​ផ្ដល់​សច្ចាប័ន​នេះ​ ​នឹង​ក្លាយ​​ជា​ជំហាន​ផ្លូវ​ការ​ដ៏​សំខាន់​មួយ​​​ក្នុង​ប្រទេស​កុម្មុយនីស្ត​វៀតណាម​ ​​ដែល​មាន​សហជីព​ជាតិតែ​​មួយ​គត់ ​​​​ដំណើ​រការ​ក្នុង​រចនា​សម្ព័ន្ធ​បក្ស​កុម្មុយនិស្ត។ ​​ប៉ុន្តែ​​​​គេ​មិន​ច្បាស់​អំពី​របៀប​ និង​ពេលវេលា​ជាក់​លាក់​​ ដែល​​អ​នុសញ្ញា​នេះ​​​នឹង​ត្រូវ​បាន​អនុវត្ត​ពិត​ប្រាកដ​ ក្រោយ​ទទួល​បាន​សច្ចាប័ន​ នោះ​ទេ​។  

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ជំនាញ​មើល​ឃើញ​ថា​ ការ​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​ UN នឹង​បង្ក​ការ​មិន​សប្បាយ​ចិត្ត​ពី​ក្រុម​ហ៊ុន​បរទេស​។  លោក​ Nguyen Hung ​អ្នក​ឯកទេស​ផ្នែកចង្វាក់​ផ្គត់​ផ្គង់​នៅ​សកល​វិទ្យាល័យ​ RMIT ​ប្រទេស​វៀតណាម​ បាន​ព្រមាន​ថា​៖ «​ប្រសិន​បើ​ការ​ផ្តល់​សច្ចាប័ន​នាំ​ទៅ​រក​ថាមពល​ពិត​ប្រាកដ​សម្រាប់​សហជីព​ ក្រុមហ៊ុន​មួយ​ចំនួន​អាច​នឹង​មិន​សប្បាយ​ចិត្ត​» ដែល​នេះ​ ​​អាច​ប៉ះ​ពាល់​ដល់​ការ​វិនិយោគ​បរទេស​ រួម​ទាំង​ពី​ក្រុមហ៊ុន​ Samsung ​ដែល​ជា​អ្នក​វិនិយោគ​ធំ​ជាង​គេ​នៅ​វៀតណាម​ផង​ដែរ​។ 

វៀតណាម​ ដែល​ជា​មជ្ឈ​មណ្ឌល​ផលិតកម្ម​នៅ​អាស៊ី​អាគ្នេយ៍ ​​​​​សម្រាប់​រោងចក្រ​របស់​ក្រុម​ហ៊ុន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​ រួម​មាន​ក្រុម​ហ៊ុន​ Samsung Electronics, Intel, Foxconn និងក្រុម​ហ៊ុន​ Canon ជា​ដើមនោះ​​​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ពាណិជ្ជកម្ម​៕