មេដឹកនាំ​គណបក្សប្រឆាំង​របស់​ប្រទេស​ថៃ ដែលជា​អតីត​បេក្ខជន​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បាន​និយាយថា គណបក្ស​ឆ្ពោះទៅមុខ (Move Forward Party) ​​ប្តេជ្ញា​ការពារ​ភាព​រស់រាន​​របស់​គណបក្ស​នេះ​​យ៉ាង​ប្តូរផ្តាច់​​ពី​ការ​ប្រឈម​ផ្នែក​ច្បាប់​​ដែល​អាច​ឈានដល់​ការរំលាយ​គណបក្ស​​ដ៏​មាន​ប្រជាប្រិយ​មួយ​នេះ​។

មេដឹកនាំ​គណបក្សប្រឆាំង​រូបនេះ​បាន​បន្តថា លោក​នឹង​ព្យាយាម​ធ្វើយ៉ាងណា ចៀសឱ្យផុត​ពី​ការហាមឃាត់​បណ្ដា​ថ្នាក់ដឹកនាំ​គណបក្ស មិនឱ្យ​ចូលរួម​ក្នុង​វិស័យ​នយោបាយ។

គណបក្ស​ឆ្ពោះទៅមុខ ជា​គណបក្ស​ដែល​តែងតែ​ចង់​ធ្វើកំណែទម្រង់​ប្រទេស​ថៃ ដែលជា​ហេតុ​ធ្វើឱ្យមាន​ការទាក់ទាញ​ការបោះឆ្នោត​គាំទ្រ​ពី​បណ្ដា​ពលរដ្ឋ​ថៃ​វ័យក្មេង​និង​ប្រជាជន​ក្នុង​ទីក្រុង​យ៉ាងច្រើន។


វត្តមាន​របស់​គណបក្ស​នេះ ត្រូវបាន​គេ​យល់ឃើញថា​ ជាការ​គំរាមកំហែង​ដល់​ស្ថានភាព​បច្ចុប្បន្ន​របស់​ប្រទេស​ថៃ ជាពិសេស​គឺ​ការប៉ះទង្គិច​ជាមួយ​ផលប្រយោជន៍​របស់​ក្រុម​អភិរក្សនិយម និង​ក្រុម​យោធា​ដែល​ស្មោះត្រង់​នឹង​រាជាធិបតេយ្យ។ 

ក្រុម​អភិរក្សនិយម និង​យោធា​នេះហើយ​ដែល​បាន​រារាំង​គណបក្ស​ឈានទៅ​មុខ ពី​ការបង្កើត​រដ្ឋាភិបាល​កាលពី​ឆ្នាំមុន។


លោក ភិ​ថា លីម​ចា​រើ​ន​រ៉ាត់ (Pita Limjaroenrat) បាន​ដឹកនាំ​គណបក្ស​ឈានទៅ​មុខ ឱ្យ​ឈ្នះ​ការបោះឆ្នោត​កាលពី​ខែឧសភា ​ឆ្នាំ ២០២៣ ប៉ុន្តែ​លោក​មិនអាច​ដឹកនាំ​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន។ ពលរដ្ឋ​ថៃ​ភាគច្រើន​បានលើកឡើង​ថា គណបក្ស​នេះ​អាច​ធ្វើជា​ស្ពាន​សម្រាប់​នាំ​ប្រទេស​ថៃ​ទៅរក​បរិបទ​នយោបាយ​ថ្មី​មួយ។

លោក​បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​រ៉​យ​ទ័​រថា៖ «ជាជាង​មើល​យើង​ជាស​ត្រូវ​របស់​សភា សូម​មើល​យើង​ជា​ស្ពាន​សម្រាប់​ឆ្លង​មួយ»។

យ៉ាងណាក៏ដោយ គណបក្ស​នេះ​អាច​នឹងត្រូវ​រំលាយ ហើយ​ថ្នាក់ដឹកនាំ​របស់​បក្ស​អាច​នឹងត្រូវ​ហាម​មិនឱ្យ​ចូលធ្វើ​នយោបាយ។ នេះ​បើ​យោងតាម​ការសម្រេច​រប​ស់​តុលាការ​ធម្មនុញ្ញ​កាលពីពេលថ្មីៗនេះ ដោយបាន​ចាត់ទុក​សំណើ​របស់​ពួកគេ​ដែល​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាក់ទង​នឹង​ការរិះគន់​របបរាជានិយម​ថា​ជាការ​គំរាមកំហែង​ដល់​រាជាធិបតេយ្យ។

លោក ភិ​ថា បាន​និយាយថា៖ «យើង​នឹង​ព្យាយាម​ទប់ទល់​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ការពារ​សេណារីយោ​ដែល​អាច​កើតមានឡើង​ដ៏​អាក្រក់​បំផុត​នេះ»។ គួរ​ដឹង​ដែរ​ថា គណបក្ស​ឆ្ពោះទៅមុខ​មាន​គោលនយោបាយ​ដោះស្រាយ​ភាពផ្តាច់មុខ​នៃ​ការធ្វើ​អាជីវកម្ម លុបចោល​ការចុះបញ្ជី​កេណ្ឌ​កងទ័ព និង​ធានាថា​យោធា​ត្រូវ​នៅ​ដាច់ដោយឡែក​ពី​ឆាកនយោបាយ។

គោលដៅ និង​មហិច្ឆតា​របស់​គណបក្ស​នេះ​បាន​បណ្តាលឱ្យមាន​បញ្ហា​ផ្លូវច្បាប់​រហូតមកដល់​ប​ច្ចុ​ប្បន្ន ពោលគឺ​ត្រង់ចំណុច​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាក់ទង​នឹង​ការប្រមាថ​រាជវង្ស​របស់​ព្រះមហាក្សត្រ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មាត្រា ១១២ នៃ​ក្រមព្រហ្មទណ្ឌ។

ច្បាប់​នេះ​ត្រូវបាន​អាជ្ញាធរ​ថៃ​ប្រើប្រាស់​ដើម្បី​កាត់ទោស​បុគ្គល​ជាច្រើន​នាក់​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ ហើយក៏​ជា​បទល្មើស​ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​រហូតដល់​ទៅ ១៥ ឆ្នាំ។

លោក ភិ​ថា​តែងតែ​ចាត់ទុក​ប្រជាប្រិយភាព​របស់​គណបក្ស​ឆ្ពោះទៅមុខ​ថា​បានមកពី​ការតស៊ូ​មតិ​ផ្លាស់ប្តូរ​សង្គម និង​ឆន្ទៈ​សហការ​ជាមួយ​កម្លាំង​នយោបាយ​ផ្សេងទៀត តាមបែប​ប្រជាធិបតេយ្យ។

លោក​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ការធ្វើការ​ក្នុង​ក្របខ័ណ្ឌ​សភា ដោយ​ទទួលស្គាល់​ភាពចាំបាច់​ឱ្យមាន​ការត្រួតពិនិត្យ​ច្បាស់លាស់ និង​តុល្យភាព​អំណាច។

លោក ភិ​ថា បានបញ្ជាក់​បន្ថែមថា៖ «គោលដៅ​របស់​យើង​គឺ​ធានា​ឱ្យ​ប្រទេស​ថៃ​នៅតែ​ជា​ប្រទេស​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ឱ្យ​បានយូរ​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន»។

លោក​បានបង្ហាញ​ពី​គោលបំណង​ចង់​កសាង​សេដ្ឋកិច្ច​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​មនុស្ស​គ្រប់រូប និង​បង្កើត​បរិយាកាស​នយោបាយ​ដែល​ពលរដ្ឋ​អាច​បញ្ចេញមតិ​ចម្រុះផ្សេងៗគ្នា​ដោយ​សុវត្ថិភាព។ លោក​បាន​រំលេច​ថា គណបក្ស​ឈានទៅ​មុខ​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការបន្ត​គោលនយោបាយ​របស់ខ្លួន​បើទោះជា​ត្រូវ​រំលាយ​ក៏ដោយ៕