អាជ្ញាធរ​អូស្រ្តាលី ​បាន​ប្រាប់​ប្រជាជន ​រាប់​ម៉ឺន​នាក់​ដែល​រស់​នៅ​ភាគ​និរតី​នៃ​ប្រទេស​ ឱ្យ​​ធ្វើ​ការ​ជម្លៀស​ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ​ ដោយ​សារ​តែ​រលក​កម្ដៅ​ខ្លាំង​ក្លា​ ដែល​អាច​បង្ក​ឱ្យ​​ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដ្ឋ​វិចតូរីយ៉ា កាន់​តែ​រា​ល​​ដាល​សាហាវ​ទៅ​ៗ​។ នេះ​បើ​តាម​ការ​រាយការណ៍​​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ ​ 

ការ​ព្រមាន​នេះ​ ធ្វើ​ឡើង​ចំ​ពេល​ដែល​​ការ​វាយ​តម្លៃ​ស្ដី​ពី​ភ្លើង​ឆេះ​ព្រៃ​ខ្លាំង​ ត្រូវ​បាន​ប្រកាស​ឡើង​សម្រាប់​តំ​បន់​​ធំៗ​​ជា​ច្រើន​​នៃរដ្ឋ​វិចតូរីយ៉ា ​ ​ក្នុង​នោះរួម​​​មាន​​តំបន់​ Wimmera ដែល​ស្ថិត​​នៅ​ភាគ​ខាង​លិច​របស់​រដ្ឋ​ ជា​​ប់​​ក្នុង​ចំណាត់​ថ្នាក់​គ្រោះ​មហន្តរាយ​ ដែល​ជា​កម្រិត​ព្រមាន​កំពូល​។​ 

ការិយាល័យ​ឧតុ​និយម​បាន​និ​យាយ​ថា​​នៅ​ទីក្រុង​​ Mildura​​ ដែល​ជា​ទីក្រុង​ជន​បទ​មាន​ប្រជាជន​រស់​នៅ​ប្រហែល​ ៥៦ ០០០នាក់​ រលក​កម្ដៅ​អាច​ធ្វើ​ឱ្យ​​​សីតុណ្ហភាព​ហក់​ឡើង​រហូត​ដល់​ ៤៥​ អង្សាសេ​។   


តំបន់ដែល​អាច​​រង​ផល​ប៉ះ​ពាល់​ដោយសារ​​​ភ្លើងឆេះ​​ ​ដែល​គ្រប​ដណ្តប់​លើ​ទីក្រុង​ជន​បទ​ជា​ច្រើន​ ត្រូវ​បាន​កំណត់​ឡើង​ ខណៈ​​ក្រុម​មន្ត្រី​អូស្រ្តាលី​បាន​ជំរុញ​ឱ្យ​​ប្រជាជន​ប្រហែល​ ៣០ ០០០ នាក់ រស់​នៅ​ក្រុង​ទាំង​នោះ​ ចាក​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ ​

លោក​ Jason Heffernan ​ប្រធាន​ផ្នែក​ពន្លត់​អគ្គិភ័យ​រដ្ឋ​ ​វិចតូរីយ៉ា បាន​ប្រាប់​​ទូរទស្សន៍​អូស្រ្តាលី​ ABC ​ថា​​៖ «​ថ្ងៃ​នេះ​ នឹង​ក្លាយ​ជា​ថ្ងៃ​ដ៏​លំបាក​សម្រាប់​អ្នក​ពន្លត់​អគ្គិភ័យ​​។​ ​ថ្ងៃ​នេះ​ជា​ថ្ងៃ​មួយ​ក្នុង​ចំណោម​ថ្ងៃ​​​ ​​ដែល​សហគមន៍​នានា​ អាច​នឹង​ត្រូវ​ចាត់​វិធានការ​ជា​បន្ទាន់​​ ដោយ​មាន​ការ​ជូន​ដំណឹង​ភ្លាម​ៗ»។ ​


អ្នក​ពន្លត់​អគ្គិភ័យ​រាប់​រយ​នាក់​ នៅ​តែ​កំពុង​ប្រយុទ្ធ​នឹង​​ភ្លើង​ឆាប​ឆេះ​ដ៏​ធំ​មួយ​នៅ​ជិត​ទីក្រុង​ Ballarat ​ចម្ងាយ​ ៩៥​ គីឡូម៉ែត្រ​ ​​ភាគ​ខាង​លិច​នៃ​ទីក្រុង​មែលប៊ន​។​ ភ្លើង​​ដែល​​​ឆេះ​​តាំង​​ពី​​ថ្ងៃ​​ព្រហស្បតិ៍​​មុន​​មក​នោះ​ បាន​​បំផ្លាញ​​ផ្ទះ​​៦​​ខ្នង​​ សម្លាប់​​សត្វ​​ពាហនៈ​ និង​រាល​ដាល​លើ​ផ្ទៃ​ដី​ជាង​ ២០ ០០០ ហិកតា​ រួច​ហើយ​។ ​​

នា​ពេល​នេះ​ ​រលក​កម្ដៅ​រំពឹង​ថា​ នឹង​បោក​បក់​ចេញ​ពី​​តំបន់​ខាង​ក្នុង​​​របស់​ប្រទេស​អូស្ត្រាលី​ ដោយ​រំកិល​ឆ្លង​កាត់​រដ្ឋ​វិចតូរីយ៉ា ​​ហើយ​អាច​នឹង​ផ្លាស់​ប្តូរ​ទិស​វាយ​ប្រហារ​​​ទៅ​កាន់​រដ្ឋ​ ញូវ​សៅថ៍វែល​ ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​ ​បម្រាម​កុំ​ឱ្យ​ដុត​​​ភ្លើង​ក្រៅ​ផ្ទះដាច់​ខាត​​ ត្រូវ​បាន​ប្រកាស​ឡើង​នៅ​តាម​​​ទីក្រុង​​មួយ​​ចំនួន​ រួម​​ទាំង​​ទីក្រុង​មែលប៊ន ផង​ដែរ៕