ក្រសួង​ការ​បរទេស​ចិន​​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​​​ផ្សាយ​សម្ដី​មន្រ្តី​ការទូត​ជាន់​ខ្ពស់​របស់​ខ្លួន​ ដែល​និយាយ​​ថា​ ​​ប្រទេស​ចិន​ និង​រុស្ស៊ី​ គួរ​តែ​ចាប់​ដៃ​គ្នា​ពង្រឹង​ទំនាក់​ទំនង​ និង​ការ​សម្រប​សម្រួល​លើ​កិច្ចការ​នានា​នៅ​​អា​ស៊ី​ប៉ាស៊ីហ្វិក​ ហើយ​រួម​គ្នា​ការពារ​សន្តិសុខ​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍន៍​ក្នុង​តំបន់​។​ នេះ​បើ​តាម​ការ​រាយការ​ណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​​អនុ​រដ្ឋ​​មន្ត្រី​​ការ​​បរទេស​​ចិន​ ​លោក​​ Sun Weidong​ ដែល​ធ្វើ​ដំណើរទស្សនកិច្ច​ទៅ​ក្រុង​ម៉ូស្គូ​ នៅ​ថ្ងៃ​ចន្ទ​-អង្គា​រ​សម្រាប់​កិច្ច​ពិភាក្សា​ស្តី​ពី​ទំនាក់​ទំន​ង​ទ្វេ​ភាគី​ បាន​និយាយ​ថា​ ប្រទេស​ចិន​ និង​រុស្ស៊ី​គួរ​តែ​ដើរ​តួនាទី​កាន់​តែ​ល្អ​ប្រសើរ​ជា​ «យុថ្កា​» ​នៃ​ស្ថិរភាព​​ក្នុង​កាលៈ​ទេសៈ​ផ្លាស់​ប្តូរ​​ប្រចាំ​​សតវត្សរ៍​​។នេះ​បើយោ​តាម​ក្រសួង​ដដែល។ 

លោក​ Sun ​បាន​និយាយ​នៅ​ក្រុង​មូស្គូ​ថា​ ប្រទេស​ចិន​ត្រៀម​ខ្លួន​ជា​ស្រេច​ ក្នុង​ការ​បន្ត​ពង្រឹង​ការ​សម្រប​សម្រួល​ជា​យុទ្ធ​សាស្ត្រ​ រវាង​ភាគី​ទាំង​​២​​ក្នុង​វេទិកា​ពហុ​ភាគី​អន្តរជាតិ​។


​​បើ​តាម​រ៉យទ័រ​ កិច្ច​ពិភាក្សា​នៅ​ទីក្រុង​ម៉ូស្គូ​របស់​លោក​ Sun ​រួម​មានទាំង​ការ​ពិភាក្សា​គ្នា​​​​អំពី​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​ (SCO) ​ដែល​ជា​អង្គការ​នយោបាយ​ សេដ្ឋកិច្ច ​សន្តិសុខ​អន្តរជាតិ​ និង​ការពារ​ជាតិ​អឺរ៉ាស៊ី​ ដែល​បង្កើត​ឡើង​ដោយ​ចិន​ និង​រុស្ស៊ី​ក្នុង​ឆ្នាំ​ ២០០១​។

លោក​ ​ Sun ​ក៏​បាន​ជួប​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ លោក​ Sergei Lavrov ​ផង​ដែរ​។​ ក្រៅ​ពី​នេះ​ ប្រទេស​ទាំង​២​ ក៏​​​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ស្តី​ពី​វិបត្តិ​អ៊ុយក្រែន​ និង​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ លើ​បញ្ហា​អន្តរជាតិ​ និង​តំបន់​ផ្សេង​ទៀត​ ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ចិន​ មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ការ​ពិភាក្សា​ទាំង​នោះ​ទេ​។​​


ចិន​ និង​រុស្ស៊ី​បាន​ពង្រឹង​ទំនាក់​ទំនង​គ្នា​កាន់​តែ​ស្អិត​រមួត​ទៅ​ៗ​ ទាំង​ផ្នែក​សេដ្ឋកិច្ច​ និង​កិច្ច​សហប្រតិបត្តិការ​យោធា​ ដែល​ការណ៍​នេះ​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ ដែល​ជា​គូ​ប្រជែង​ដ៏​ធំ។ ទំនាក់​ទំនង​ចិន​ និង​រុស្ស៊ី​លើ​កិច្ច​ការ​​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ គឺ​ជា​បញ្ហាផល​ប្រយោជន៍​​រសើប​មួយ​សម្រាប់​លោក​ខាង​លិច​ ក៏​ដូច​ជា​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​៕​