​មេដឹកនាំ​រុស្ស៊ី ​បាន​ចំអក​ឱ្យ​មេដឹកនាំ​អឺរ៉ុប ​ជាពិសេស​ប្រ​ធា​នា​ធិបតី​បារាំង​ ដែល​ទើបបាន​បញ្ចេញយោបល់​ឱ្យ​អឺរ៉ុប​ បញ្ជូន​កងទ័ព​ថ្មើរជើង​ចូលទៅ​កាន់​អ៊ុយ​ក្រែ​ន ​ដើម្បី​កុំឱ្យ​រុស្ស៊ី​ យល់ថា ខ្លួនគេ​ឈ្នះ​សង្គ្រាម​ដែល​ទើប​ឈានចូល​ឆ្នាំ​​ទី​៣ ​នេះ​។​

​ជម្លោះ​វោហារ​ស័ព្ទ​របស់​ថ្នាក់​​ដឹកនាំ​មហាអំណាច​នុយក្លេអ៊ែរ​ទាំង ​២ ក៏ដូចជា​ការ​ផ្លែផ្កា​ដាក់គ្នា​រវាង​មេដឹកនាំ​រុស្ស៊ី និង​មេ​ដឹក​នាំ​បស្ចិមប្រទេស កើតឡើង​ក្រោយ​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ​នៅ​ថ្ងៃ ទី​ ២៦ ខែកុម្ភៈ ​បានលើកឡើង​ពី​លទ្ធភាព​បញ្ជូន​កងទ័ពជើងគោក​ចូលទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​មិនបាន​បញ្ជាក់ថា​ដើម្បី​ជួយ​ប្រយុទ្ធ​ជាមួយ​កងទ័ព​អ៊ុយ​ក្រែ​ន​ឬ​យ៉ាងណា​នោះទេ​។​

​ដោយសារ​មានប្រតិកម្ម​ខ្លាំងពេក​ពី​សំណាក់​មេដឹកនាំ​នៃ​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​ ២៧ ​កុម្ភៈ រដ្ឋមន្ត្រីការបរទេស​បារាំង​លោក Stephane Sejourne បកស្រាយ​ថា លោក​ប្រធានាធិបតី​មានគំនិត​បញ្ជូន​កងទ័ព​សម្រាប់​កិច្ចការ​ដូចជា​ការជួយ​លើ​ការ​បោសសម្អាត​មីន ការផលិត​អាវុធ​នៅនឹងកន្លែង និង​ការការពារ​តាម​អ៊ីន​ធឺ​ណិ​ត​។​


​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ​យ ឡាវ​រ៉ូ​វ (Sergey Lavrov​) ​ហាក់​បាន​ចំអក​ឱ្យ​លោក​ម៉ា​ក្រុង​ដែល​រៀបចំ​សន្និសីទ​គិតគូរ​រក​ជំនួយ​ជួយ​ដល់​អ៊ុយ​ក្រែ​ន​ដែល​ហាក់​ជាប់គាំង​ក្នុងការ​ទទួលបាន​ជំនួយ​យោធា​ពី​បស្ចិម​លោក​ជាពិសេស​អាមេរិក ថា​ «​កុំឱ្យ​ភ្ជាប់​សារៈសំខាន់​ខ្លាំងពេក​»​ នៅក្នុង​សន្និសីទ​សហភាព​អឺរ៉ុប​ស្តីពី​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង​ប៉ារីស​។​

​លោក ឡាវ​រ៉ូ​វ ត្រូវបាន​ស្រង់​សម្តី ដូច​និយាយថា​៖ «​ចំនួន​សន្និសីទ​លោកខាងលិច​កំពុង​កើនឡើង​យ៉ាងច្រើន​។ ពួកគេ​កំពុង​ព្យាយាម​ប៉ះប៉ូវ​ការថយចុះ​ការចាប់អារម្មណ៍ និង​ការធ្លាក់​ចុះ​យ៉ាងខ្លាំង​នៃ​សមត្ថភាព​ហិរញ្ញ​វត្ថុ​ដើម្បី​រក្សា​របប​ហ្សេ​ឡេ​ន​ស្គី​។ បារាំង និង​ប្រធានាធិបតី​បា​​រាំង​មាន​សមានចិត្ត​អាណិត​ជ្រុល​ពេក​អំពី​កិច្ចប្រជុំ​គ្រប់បែប​យ៉ាង ដោយ​ខ្វល់ខ្វាយ​តិចតួច​អំពី​លទ្ធផល​មាន​សក្តានុពល​របស់គេ​។ ខ្ញុំ​នឹងមិន​ភ្ជាប់​សារៈ​​សំខាន់​ខ្លាំងពេក​ចំពោះ​សន្និសីទ​ដែល​រៀបចំ​នៅ​ប៉ារីស​ទេ​»​។​


​លោក​ ឡាវ​រ៉ូ​វ​ បាន​រំឭកថា ព្រឹត្តិការណ៍​បែបនេះ​មិន ដែល​ផ្តល់​លទ្ធផល​ជាក់ស្តែង​ទេ​។ លោក​បាន​លើក​ឧទាហរណ៍​​ថា  ​សន្និសីទ​ស្តីពី​ការប្រែប្រួល​អា​កាស​ធាតុ​នៅ​ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ​ ២០១៥ បស្ចិមប្រទេស​បាន​សន្យា​នឹង​បែងចែក​ប្រាក់​ ១០០ ​ពាន់​លាន​ដុល្លារ​ ១​ ឆ្នាំ តែ​រក​បានតែ ​២០ ​ទៅ​ ៣០ ​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​៕