​ប្រទេស​ឥណ្ឌូនេស៊ី និង​អូស្ត្រាលី ​សង្ឃឹមថា នឹង​ចុះហត្ថលេខា​លើ​កិច្ច​​ព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ «​ដ៏​សំខាន់បំផុត​» ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​ ដែលជា​ផ្នែក​មួយ​ទប់ទល់ ​ឥទ្ធិពល​យោ​ធា​ចិន​ ដែល​កើតឡើង​នៅក្នុង​តំបន់​។ យោង​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន ​ក្នុងស្រុក​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​។​

​សារព័ត៌មាន The Jakarta Post ដែលជា​សមាជិក​របស់​បណ្តាញ​សារ​ព័ត៌មាន​អាស៊ី (ANN) បាន​រាយ​ការណ៍​ថា រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី លោក Richard Marles បាន​ជួប​​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​ឥណ្ឌូនេស៊ី លោក Prabowo Subianto ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ការពារជាតិ​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ ដោយ​រដ្ឋមន្ត្រី​អូស្ត្រាលី លើកឡើងថា​៖«​អូស្ត្រាលី និង​ឥណ្ឌូនេស៊ី​មានជោគ​វាសនា​រួម និង​សន្តិសុខ​រួមគ្នា ហើយ​នោះ​គឺជា​មូលដ្ឋាន​ដែល​យើង​កំពុង​ឆ្ពោះទៅមុខ [​រួមគ្នា​]»​។​

​តាម​សេចក្តីរាយការណ៍​នោះ រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី បាន​ទៅ​ទស្សន​កិច្ច​ប្រទេស​ឥណ្ឌូនេស៊ី ​២​ លើក​ក្នុង​រយៈពេល​តិចជាង ​១ ​ឆ្នាំ ដោយបាន​គូសបញ្ជាក់​ពី​ចំណាប់អារម្មណ៍​ដែល​កំពុង​កើនឡើង​របស់​ប្រទេស​របស់គាត់​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង​ភាគ​ខាងជើង​។​


​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូនេស៊ី លោក Prabowo ដែល​ទើប​ជាប់ឆ្នោត​ក្លាយជា​ប្រធានាធិបតី​បន្ទាប់​របស់​ប្រទេស​អាស៊ី​អាគេ្នយ៍​ដ៏​ធំ​បំផុត​នេះ បាន​សាទរ​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ដែល​លោក​បាន​និយាយថា​៖ «​មាន​វាសនា​ជា​អ្នកជិតខាង​ដ៏​ល្អ​»​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ឥណ្ឌូនេស៊ី Antara បាន​ដកស្រង់​សេចក្តីថ្លែងការណ៍ ដូច​សរសេរថា​៖«​យើង​ប្តេជ្ញា​រក្សា និង​ពង្រឹង​ទំនាក់ទំនង​នេះ​។ ដូច្នេះ ខ្ញុំ​មិន​គិតថា​នឹងមាន​ការភ្ញាក់ផ្អើល​នោះទេ ប៉ុន្តែ​យើង​មានបំណង​បណ្តុះ​ទំនាក់​ទំនង​ល្អ​នេះ​ក្នុង​វិស័យ​ជាច្រើន​ដូចជា​វិស័យ​អប់រំ សេដ្ឋកិច្ច វប្បធម៌ និង​យោធា​»​។​


​រដ្ឋមន្ត្រី​ទាំង ​២ ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​កិច្ចព្រមព្រៀង​នេះ​ទេ ប៉ុន្តែ​លោក Prabowo បាន​និយាយ​ថា លោក​រំពឹងថា វា​នឹង​ត្រូវបាន​ចុះហត្ថលេខា​ក្នុង​រយៈពេល​២ ឬ​ ៣​ ខែ​ខាងមុខ​។​

​លោក​បាន​បន្តថា​៖«​យើង​មាន​គម្រោង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កិច្ច​​សហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​ជាមួយ​ប្រទេស​អូស្ត្រាលី​ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​»​។​

​តាម​សេចក្ដីរាយការណ៍ ឥណ្ឌូនេស៊ី​ បាន​រក្សា​ការឃ្លាំមើល​យ៉ាង​ដិតដល់​លើ​គ្រប់​ចលនា​របស់​ប្រទេស​អូស្ត្រាលី​ក្នុង​វិស័យ​ការពារជាតិ និង​សន្តិសុខ ចាប់តាំងពី​ទីក្រុង​ហ្សា​ការ​តា​ត្រូវបាន​ធ្វើឱ្យ​មួម៉ៅ​នៅក្នុង​ការប្រកាស​ឆ្នាំ ២០២១​ នៃ​កិច្ចព្រមព្រៀង​ការពារ​ត្រីភាគី​ដែល​គេ​ស្គាល់​ថា AUKUS ពាក់ព័ន្ធ​នឹង​ប្រទេស​អូស្ត្រាលី ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក ដោយ​ផាត់​ចោល​ឥណ្ឌូនេស៊ី ដែល​អះអាងថា ខ្លួន​ត្រូវបាន​គេ​ជូនដំណឹង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​កិច្ចព្រមព្រៀង AUKUS ត្រូវបាន​ចុះហត្ថលេខា ដែលនាំឱ្យ​ចិន​មិន​ពេញចិត្ត​ទាល់តែសោះ​៕