​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​បាន​រាយ​ការណ៍​នៅ​ថ្ងៃទី​ ២៧ ខែកុម្ភៈ ឆ្នាំ​ ២០២៤ ថា ប្រទេស​កូរ៉េខាងជើង​ បាន​បញ្ជូន​គ្រឿង​សព្វាវុធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៅកាន់​ប្រទេស​រុស្ស៊ី​ ប្រមាណ​ជា ៦ ៧០០​ កុងតឺន័រ រាប់​ចាប់តាំងពី​ខែកក្កដា ឆ្នាំ​ ២០២៣ មក​។​

​សកម្មភាព​ដឹកជញ្ជូន​អាវុធ​ជា​បន្តបន្ទាប់​នេះ ត្រូវបាន​គេ​មើលឃើញថា ជាការ​គាំទ្រ​ឱ្យ​រុស្ស៊ី​ធ្វើសង្គ្រាម​ប្រឆាំងនឹង​អ៊ុយ​ក្រែ​នប​ន្ត​។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​ដែល​តែងតែ​តាមដាន​សកម្មភាព​យោធា​របស់​កូរ៉េខាងជើង​ដោយសារ​ការ​ប្រុង​​ប្រយ័ត្ន​អំពី​សន្តិសុខ​ក្នុង​តំបន់​។​

​ក្នុងអំឡុង​ពេលធ្វើ​សន្និសីទ​សារព័ត៌មាន​ក្នុងស្រុក​នៅ​ដើម​សប្តាហ៍​នេះ រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​កូរ៉េខាងត្បូង លោក ស៊ីន វ៉ុ​ន​ស៊ិ​ក (Shin Wonsik)​ បាន​លើកឡើងថា កុងតឺន័រ​របស់​កូរ៉េខាងជើង​ទាំងអស់នោះ អាច​ផ្ទុក​គ្រាប់កាំភ្លើង​ធំ​ទំហំ​ ១៥២ ​មិល្លីម៉ែត្រ បាន​ជាង​ ៣ ​លាន​គ្រាប់​ ឬ​ ៥០ ​ម៉ឺន​ដុំ​នៃ​គ្រាប់​ទំហំ​ ១២២​ មិល្លីម៉ែត្រ​។ លោក​បាន​បញ្ជាក់ថា កុងតឺន័រ​ទាំងអស់នោះ​អាច​នឹងមាន​គ្រាប់​ទាំង ​២ ​ប្រភេទ​នេះ​លាយ​គ្នា ដែល​ចំនួន​សរុប​អាចមាន​រហូត​រាប់លាន​គ្រាប់​ឯណោះ​។​


​រោងចក្រ​ផលិត​គ្រាប់កាំភ្លើង​របស់​កូរ៉េ​ខាងជើង​ជាច្រើន​កំពុង​ផលិត​គ្រាប់​ត្រឹមតែ ៣០ ​ភាគរយ​នៃ​សមត្ថភាព​របស់​ពួកគេ​ប៉ុណ្ណោះ ដោយសារតែ​កូរ៉េខាងជើង​មានការ​ខ្វះ​ខាត​វត្ថុធាតុដើម និង​ភ្លើងអគ្គិសនី​។ យ៉ាងណាក៏ដោយ រោងចក្រ​ផលិត​គ្រាប់​កាំភ្លើង​ធំ​សម្រាប់​រុស្ស៊ី​កំពុងដំណើរការ​យ៉ាង​ពេញទំហឹង​តែម្ដង​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រី ស៊ីន ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ប្រភព​នៃ​ព័ត៌មាន​នោះទេ​។​

​កន្លងមក ទីក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​វ៉ាស៊ីនតោន តែងតែ​ចោទប្រកាន់​ទីក្រុង​​ព្យុងយ៉ាង និង​ទីក្រុង​ម៉ូស្គូថា ​បាន​ដោះដូរ​អាវុធ​ជាមួយគ្នា និង​បាន​រិះគន់​កូរ៉េខាងជើង​ចំពោះ​ការផ្តល់​អាវុធ​ឱ្យ​រុស្ស៊ី​ដើម្បី​ប្រើប្រាស់​ក្នុង​សង្គ្រាម​ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​រុស្ស៊ី និង​កូរ៉េខាងជើង​បាន​បដិសេធ​ការ​ចោទ​​ប្រកាន់​នេះ ហើយ​សន្យាថា ពួកគេ​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​យោធា​ទ្វេភាគី​។​


​យោងតាម​របាយការណ៍​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន កូរ៉េខាងជើង​បាន​បញ្ជូន​កុងតឺន័រ​ជាង ​១ ​ម៉ឺន​គ្រឿង​ដែល​ផ្ទុក​ទៅដោយ​គ្រឿង​សព្វាវុធ​ទៅកាន់​ប្រទេស​រុស្ស៊ី​ចាប់​តាំង​ពី​ខែកញ្ញា ឆ្នាំ​ ២០២៣ ពេលដែល​មេដឹកនាំ​ទាំង ​២​ ជួបគ្នា​។ រីឯ​ប្រទេស​កូរ៉េខាងជើង​វិញ​បានទទួល​កុងតឺន័រ​ពី​រុស្ស៊ី​វិញ​ប្រហែល ៩​ ពាន់​គ្រឿង​ ដែល​ភាគច្រើន​មាន​ផ្ទុក​ទៅដោយ​ស្បៀងអាហារ ដើម្បី​យកទៅ​ផ្គត់ផ្គង់​ក្នុងប្រទេស ដើម្បី​អាច​រក្សា​ស្ថិរភាព​តម្លៃ​អាហារ​ក្នុងប្រទេស​។ នេះ​បើតាម​លោក​ស៊ីន​។​

​មន្ត្រី​ម្នាក់​មកពី​ក្រសួងការពារជាតិ​រប​ស់​ទីក្រុង​សេ​អ៊ូ​ល មិនបាន​បញ្ជាក់ថា តួលេខ​ខាងលើ​ពិត​ឬក៏​យ៉ាងណា​នោះទេ ប៉ុន្តែ​បានលើកឡើង​ពី​សម្ដី​របស់លោក ស៊ីន​ថា ចាប់​​តាំងពី​ខែកក្កដា ឆ្នាំ ​២០២៣ រុស្ស៊ី​បាន​បញ្ជូន​កុងតឺន័រ​ទៅកាន់​កូរ៉េខាងជើង​ច្រើនជាង​ ៣០​ ភាគរយ​នៃ​កុងតឺន័រ​ដែល​កូរ៉េខាងជើង​បាន​បញ្ជូន​ទៅ​ប្រទេស​រុស្ស៊ី​។​

​លោក ស៊ីន បាន​និយាយថា កូរ៉េខាងជើង​អាច​នឹង​បាញ់​បង្ហោះ​ផ្កាយរណប​មួយទៀត​នៅ​ខែក្រោយ ដោយមាន​ការគាំទ្រ​ផ្នែក​បច្ចេក​​ទេស​ជា​បន្ត​បន្ទាប់ពី​ទីក្រុង​ម៉ូស្គូ​។ បន្ថែម​លើ​នេះ ទីក្រុង​ព្យុងយ៉ាង​បានស្នើ​សុំ​ជំនួយ​ពី​រុស្ស៊ី ពាក់ព័ន្ធ​នឹង​យន្តហោះ និង​បច្ចេកវិទ្យា​ឧបករណ៍​ចល័ត​លើដី​ផងដែរ​។​

​សារព័ត៌មាន​យុន​ហាប់ (Yonhap)​ បាន​រាយការណ៍​ថា គេ​មិន​ប្រាកដ​ទេ​ថា តើ​រុស្ស៊ី​នឹង​ផ្តល់ជំនួយ​ប៉ុន្មាន​ទៅឱ្យ​កូរ៉េខាងជើង ប៉ុន្តែ​ប្រសិនបើ​រុស្ស៊ី​ពឹងផ្អែក​ទៅលើ​គ្រាប់កាំភ្លើង​​ធំ​របស់​កូរ៉េខាងជើង​កាន់តែច្រើន នោះ​ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​រវាង​ប្រទេស​ទាំង​ ២ ក៏​កាន់តែ​កើនឡើង​ស្របគ្នា​៕