ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃពុធថា អាមេរិកនឹងមិនផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួនសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកទេ ទោះបីលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា ឆ្នាំ ២០២៤ នេះក៏ដោយ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានស្រង់សម្ដីលោកប្រេសិត Jose Manuel Romualdez ដែលបានថ្លែងក្នុងសុន្ទរកថាមួយ ថា លោកកំពុងទាក់ទងជាមួយទីប្រឹក្សាដ៏ជិតស្និទ្ធម្នាក់របស់លោក ត្រាំ ដោយបង្ហាញថា អតីតប្រធានាធិបតីរូបនេះ នឹងនៅតែបន្តជំហរបច្ចុប្បន្នរបស់អាមេរិកក្នុងតំបន់។
លោក Romualdez បានលើកឡើងថា ហ្វីលីពីននឹងមិនបោះបង់ការទាមទារដែនសមុទ្ររបស់ខ្លួនឡើយ ខណៈដែលភាពតានតឹងនៅសមុទ្រចិនខាងត្បូងនៅតែបន្តឡើងកម្ដៅ ដោយទីក្រុងប៉េកាំងបានប្រឆាំងយ៉ាងខ្លាំងក្លាចំពោះអ្វីដែលខ្លួនចាត់ទុកថា ជាការលុកលុយរបស់នាវាហ្វីលីពីន ក្នុង «ដែនទឹករបស់ខ្លួន»។
ប្រេសិតដដែលបន្តថា ភាពគឃ្លើនរបស់ចិនដែលហ្វីលីពីនកំពុងប្រឈមមុខ គឺជារឿងពិតជាក់ស្ដែង ហើយហ្វីលីពីនសង្ឈឹមថា ចិននឹងមើលឃើញតម្លៃនៃការបន្តសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំង ២ ខណៈព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី។
ក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុនជាមួយរ៉យទ័រ លោក Romualdez ដែលជាបងប្អូនជីដូនមួយរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺរឌីណង់ ម៉ាកូស ជូនៀរ (Ferdinand Marcos Jr) បាននិយាយថាហ្វីលីពីនកំពុងឃ្លាំមើលដំណើរការដណ្ដើមយកតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកយ៉ាងជិតស្និទ្ធ។ យ៉ាងណាមិញ លោកបន្តថា ហ្វីលីពីននឹងចាត់ទុក ការផ្លាស់ប្ដូរណាមួយថាជាឱកាសមួយ ដើម្បីបន្តពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំង ២។
ការពង្រឹងផ្នែកសន្ដិសុខជាមួយគ្នារវាងអាមេរិក និងហ្វីលីពីន បានកើនឡើងគួរឱ្យកត់សម្គាល់ ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោក ម៉ាកូស ដោយមេដឹកនាំទាំង ២ ចង់ប្រឆាំងទៅនឹង «សកម្មភាពគឃ្លើន» របស់ចិននៅសមុទ្រចិនខាងត្បូង និងនៅជិតកោះតៃវ៉ាន់៕