ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២៩ ខែកុម្ភៈ​ ឆ្នាំ២០២៤ បាន​និយាយថា​ មេដឹក នាំ​កូរ៉េខាងជើង​ លោក គីម ជុងអ៊ុន (Kim Jong Un) បាន​អំពាវនាវ​ឱ្យមាន «បដិវត្តន៍​ឧស្សាហកម្ម» នៅក្នុង​តំបន់​ជនបទ​ដោយ​ការសាងសង់​រោងចក្រ​នៅ​ទូទាំងប្រទេស។


ចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​រោងចក្រ​នៅ​ស្រុក ​Songchon ភាគ​ខាងកើត​នៃ​រដ្ឋធានី​ព្យុងយ៉ាង​លោក ​គីម​ បាន​សន្យាថា​ នឹង​ជំរុញ​បន្ថែម «គោលនយោបាយ​អភិវឌ្ឍ​ន៍​តំបន់ ២០×១០» របស់ខ្លួន​ ដោយ​ព្យាយាម​ក្នុង​ការបើក​រោងចក្រទំនើបៗ នៅក្នុង​ស្រុក​ដាច់ស្រយាល ​យ៉ាងហោចណាស់ ២០ ជា​រៀងរាល់ឆ្នាំ​សម្រាប់​រយៈពេល ១០ ឆ្នាំ​ ខាងមុខ។

ថ្លែង​ក្នុង​ពិធី​បើក​ការ​រដ្ឋា​ន​ដដែល​នេះ​លោក​ គីម​ បាន​គូសបញ្ជាក់ថា៖ «ការបង្កើត​រោងចក្រ​ឧស្សាហកម្ម​ក្នុង​តំបន់​ដែល​បំពាក់​ដោយ​ឧបករណ៍ទំនើបៗនិង​ខ្សែចង្វាក់​ផលិតកម្ម​នៅ​គ្រប់​ទីក្រុង​និង​ស្រុក​នៃ​ប្រទេស​ក្នុង​រយៈពេល១០ឆ្នាំ​ខាងមុខ​គឺ​ពិតជា​បដិវត្តន៍​ដ៏​អស្ចារ្យ​មួយ​ដែលមាន​សារៈសំខាន់​ដ៏​ធំធេង»។


លោក​គីម​បានប្រគល់​ទង់​សញ្ញា​មួយ​នៅក្នុង​ពិធី​នេះ​ទៅឱ្យ​អង្គភាព​យោធា​ដែល​ទើប​ត្រូវបាន​បង្កើតឡើង​ដើម្បី​អនុវត្ត​គំនិត​ផ្តួចផ្តើម​នេះ​ដោយ​និយាយថា​ពួកគេ​នឹង​បង្កើត​យុគសម័យ​នៃ​ការផ្លាស់ប្តូរ​ដ៏​អស្ចារ្យ​សម្រាប់​តំបន់​កំពុងអភិវឌ្ឍន៍​ខ្លាំង។


​លោក ​គីម​ បាននិងកំពុង​ជំរុញឱ្យមាន​ទំនើបកម្ម​វិស័យ​កសិក​ម្ម​និង​សហគមន៍​ជនបទ​ខណៈដែល​សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េខាងជើង​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​កសិកម្ម​ដែល​បាន​ជួបប្រទះ​នឹង​ការខ្វះខាត​ស្បៀងអាហារ​ជា​យូរ​មកហើយ បន្ទាប់ពី​មានទណ្ឌ​កម្ម​លើ​កម្មវិធី​សព្វាវុធ​របស់ខ្លួន​និង​ផលប៉ះពាល់​តាម​រដូវ​កាលពី​គ្រោះធម្មជាតិ។


ដោយឡែក​បើតាម​ប្រជាជន​ដែល​បានគេច​ខ្លួន​រត់​ចេញពី​កូរ៉េខាងជើង​បាន​រាយការណ៍​ថា វិសមភាព​សង្គម​ប្រទេស​របស់ខ្លួន​មាន​ទំហំ​ធំ​ណាស់​រវាង​ឥស្សរជន​ភាគច្រើន​នៃ​ទីក្រុង​ព្យុងយ៉ាង​ក៏ដូចជា​ទីក្រុងធំៗផ្សេងទៀត​ប្រៀបធៀប​នឹង​ប្រជាជន​ធ្វើ​កសិកម្ម​នៅ​តំបន់​ជនបទ។

ចំណែកឯ​ក្រសួង​បង្រួបបង្រួម​របស់​ប្រទេស​កូរ៉េខាងត្បូង​វិញ​បាន​និយាយ​កាលពី​ខែ​មុន​ថា​គម្លាត​សេដ្ឋកិច្ច​រវាង​ពួកគេ​ហាក់ដូចជា​បាន​រីក​បន្ថែម​ទៀតហើយ​បើ​គិត​ទៅលើអ្វីៗគ្រប់យ៉ាង​រាប់​ចាប់តាំងពី​អាហារូបត្ថម្ភ លំនៅឋាន​រហូតដល់​ការអប់រំ​និង​ការទទួលបាន​ការថែទាំ​សុខភាព៕