
តារាវ័យក្មេងរបស់កូរ៉េ ឡើងសម្តែងលើឆាកតន្ត្រី។ AFP
ក្រសួងស្ថិតិកូរ៉េខាងត្បូង បានផ្សព្វផ្សាយនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ឱ្យដឹងថា អត្រាមានកូននៅប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះទាបបំផុតនៅលើពិភពលោកហើយបានបន្តធ្លាក់ចុះបន្ថែមទៀតក្នុងឆ្នាំ ២០២៣ ដោយសារតែស្ត្រីមានការព្រួយបារម្ភអំពីស្ថិរភាពអាជីពការងារ និងការចំណាយលើការចិញ្ចឹមកូន ដូច្នេះពួកគេភាគច្រើន កំពុងជ្រើសរើសមធ្យោបាយពន្យារពេលយកកូន ឬមិនយកកូនតែម្ដង។
ការចេញផ្សាយរបស់ក្រសួងស្ថិតិកូរ៉េខាងត្បូងឱ្យដឹងថា អត្រាមានកូនរបស់ស្ត្រីកូរ៉េខាងត្បូងម្នាក់មានជាមធ្យម ០,៧២ នាក់ ដែលតួលេខនេះទាបជាងឆ្នាំ ២០២២ ដែលមាន ០,៧៨ នាក់។ តួលេខនេះផងដែរ ទាបជាងអត្រាមានកូនជាទូទៅរបស់ស្ត្រីម្នាក់ជាមធ្យមមាន ២,១ នាក់ ដើម្បីអាចរក្សាស្ថិរភាពចំនួនប្រជាជនបានថេរ ហើយថែមទាំងទាបជាងអត្រានៅឆ្នាំ ២០១៥ ដែលមាន ១,២៤ នាក់។
ចាប់តាំងពីឆ្នាំ ២០១៨ មកប្រទេសកូរ៉េខាងត្បូង បានក្លាយជាសមាជិកអង្គការ OECD តែមួយគត់ដែលមានអត្រាមានកូនក្រោម ១ នាក់ បើទោះបីជារដ្ឋាភិបាលកូរ៉េខាងត្បូងបានវិនិយោគយ៉ាងច្រើនទៅលើការលើកទឹកចិត្តប្រជាជនឱ្យយកកូន ដើម្បីឱ្យមានការផ្លាស់ប្តូរនិន្នាការនេះក៏ដោយ។គួរបញ្ជាក់ថា ចំនួនប្រជាជនរបស់កូរ៉េខាងត្បូងបានបន្តធ្លាក់ចុះជាលើកទីបួនជាប់គ្នាចាប់តាំងពីឆ្នាំ ២០២០ រហូតដល់ឆ្នាំ ២០២៣។
កូរ៉េខាងត្បូងជាប្រទេសដែលមានគម្លាតប្រាក់ខែខ្ពស់បំផុតក្នុងចំណោមប្រទេសនៅក្នុងអង្គការ OECD ដោយស្ត្រីរកបានប្រហែល ២/៣ នៃចំណូលដែលបុរសរកបាន។
យោងតាមលោកជុង ចែហ៊ូន (Jung Jae-hoon) សាស្ត្រាចារ្យនៅសាកលវិទ្យាល័យស្ត្រីសេអ៊ូល (Seoul Women's University) បានលើកឡើងថា ស្ត្រីតែងតែតស៊ូ នឹងបញ្ហាប្រឈមនៅក្នុងអាជីពការងាររបស់ពួកគេដោយ សារតែពួកគេមានទំនួលខុសត្រូវជាចម្បងទៅលើការថែទាំកូនៗហើយជារឿយៗត្រូវការសម្រាកពីការងារ។
លោកស្រី ក្វាក តេហ៊ី (Gwak Tae-hee) អាយុ ៣៤ ឆ្នាំ ជាអ្នកគ្រប់គ្រងជាន់ទាបនៅក្រុមហ៊ុនទឹកដោះគោកូរ៉េដែលលោកស្រីបានរៀបការបីឆ្នាំមកហើយ។ លោកស្រីបាននិយាយថា៖«ខ្ញុំចង់មានកូន ប៉ុន្តែ ខ្ញុំដូចជានឹងត្រូវទទួលបានការដំឡើងតំណែង ដូច្នេះខ្ញុំមិនចង់យកកូននោះទេ»។
លោកស្រី ក្វាក បានបន្ថែមថា "នៅក្នុងក្រុមហ៊ុនកូរ៉េ ការធ្វើការត្រឹមតែ ២ ទៅ ៣ ថ្ងៃក្នុង ១ សប្ដាហ៍ នឹងមិនអាចនាំឱ្យមានការរីកចម្រើនឡើយ"។ វិបត្តិប្រជាសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូងគឺជាហានិភ័យចម្បងចំពោះកំណើនសេដ្ឋកិច្ចនិងសុខុមាលភាពសង្គមទាំងមូល។
កូរ៉េខាងត្បូង បានព្យាករណ៍ថា អត្រាកំណើតនឹងមានការថយចុះបន្ថែមទៀត ពោលគឺនឹងធ្លាក់ដល់ ០,៦៨ ក្នុងឆ្នាំ ២០២៤។
ទីក្រុងសេអ៊ូលដែលកំពុងប្រឈមនឹងបញ្ហាតម្លៃផ្ទះកើនឡើងខ្ពស់មានអត្រាកំណើតទាបបំផុតត្រឹមតែ ០,៥៥ នាក់ក្នុងឆ្នាំ ២០២៣។ នៅមុនការបោះឆ្នោតក្នុងខែមេសា ខាងមុខនេះ គណបក្សនយោបាយសំខាន់ៗបានសន្យាផ្តល់លំនៅដ្ឋានសាធារណៈ និងប្រាក់កម្ចីកាន់តែងាយស្រួល ដើម្បីប្រយុទ្ធប្រឆាំងនឹងការថយចុះអត្រាមានកូន។
នៅប្រទេសកូរ៉េខាងត្បូង អាពាហ៍ពិពាហ៍ ត្រូវបានចាត់ទុកថា ចាំបាច់មុនពេលចាប់ផ្តើមគ្រួសារប៉ុន្តែអត្រាអាពាហ៍ពិពាហ៍ក៏មានការថយចុះដូចគ្នា។ មន្ត្រីមួយរូបមកពីក្រសួងស្ថិតិបានអះអាងថា គូស្វាមីភរិយាមួយចំនួនជ្រើសរើសមិនចង់រៀបការនោះទេ។ ឥឡូវនេះ ក្រសួងកំពុងផ្តោតលើការសិក្សាអំពីមូលហេតុដែលគូស្វាមីភរិយាដែលរៀបការហើយ ប៉ុន្តែសម្រេចចិត្តមិនបង្កើតកូន។
គណបក្សនយោបាយភាគច្រើនកំពុងផ្ដោតលើបញ្ហារបស់ប្រជាជនដែលកំពុងជួបប្រទះ ដោយប្រកាសពីការព្រួយបារម្ភរបស់ពួកគេរៀងៗខ្លួន។ បើទោះបីជាបានចំណាយលើសពី ២៧០ ពាន់លានដុល្លារ ទៅលើគំនិតផ្តួចផ្តើមកម្មវិធីមួយចំនួនដូចជាការឧបត្ថម្ភធនលើការថែទាំកុមារតាំងពីឆ្នាំ២០០៦ ក៏ដោយអត្រាមានកូននៅតែធ្លាក់ចុះទាបជាបន្តបន្ទាប់។
មិនមែនមានតែប្រទេសកូរ៉េខាងត្បូងនោះទេ ដែលជួបបញ្ហាអត្រាកំណើតធ្លាក់ចុះ និងវិបត្តិប្រជាជនមានវ័យចំណាស់ ជាក់ស្ដែងនៅក្នុងតំបន់ ប្រទេសជប៉ុនក៏កំពុងជួបនឹងបញ្ហានេះដូចគ្នា។ប្រទេសជប៉ុនបានរាយការណ៍ពីអត្រាកំណើតទាបបំផុតសម្រាប់រយៈពេល ៨ ឆ្នាំជាប់ៗគ្នា គិតរហូតដល់ឆ្នាំ២០២៣។ ដោយឡែក សម្រាប់ប្រទេសចិន ក៏បានឈានដល់អត្រាមានកូនកម្រិតទាបបំផុត ពោលគឺ ១,០៩ នាក់ក្នុងស្ត្រីម្នាក់ផងដែរ៕