
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាណាដា លោក Mark Holland ។ AFP
កាសែតកាណាដា Globe and Mail បានផ្សាយកាលពីថ្ងៃពុធថា ប្រទេសកាណាដាបានបណ្តេញអ្នកវិទ្យាសាស្ត្រ២នាក់ ដែលធ្វើការនៅមន្ទីរពិសោធន៍ជំងឺឆ្លងក្នុងឆ្នាំ២០២១ ដោយសារតែពួកគេបានចែករំលែកព័ត៌មានសម្ងាត់ជាមួយប្រទេសចិន។
ក្រុមមន្ត្រីកាណាដា បានសន្និដ្ឋានថាអ្នកវិទ្យាសាស្រ្តដែលជាប្តីប្រពន្ធនឹងគ្នា គឺជា«ការគំរាមកំហែងជាក់ស្តែង និងធំ ចំពោះសន្តិសុខសេដ្ឋកិច្ចរបស់ប្រទេសកាណាដា»។
នេះបើតាមការផ្សាយរបស់ Globe and Mail ដែលដកស្រង់ព័ត៌មានចេញពីឯកសារជាច្រើន ដែលរដ្ឋាភិបាលកាណាដាបានចេញផ្សាយ ក្រោយមានការវែកញែកគ្នាយ៉ាងយូរពីសមាជិកសភាបក្សប្រឆាំង ដែលទាមទារសុំព័ត៌មាននៅពីក្រោយការបណ្តេញចេញអ្នកវិទ្យាសាស្រ្តទាំង២រូបនេះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាណាដា លោក Mark Holland បានរិះគន់នូវអ្វី ដែលលោកហៅថាជា «បញ្ហាសន្តិសុខដែលមិនអាចទទួលយកបាន» នៅមន្ទីរពិសោធន៍នាពេលនោះ ប៉ុន្តែនិយាយថា មិនមានព័ត៌មានសម្ងាត់ដែលបង្កជាហានិភ័យដល់សន្តិសុខជាតិលេចចេញទេ។
អ្នកវិទ្យាសាស្រ្ត លោកស្រី Xiangguo Qiu និងប្ដី លោក Keding Cheng ត្រូវបាននាំខ្លួនចេញពីមន្ទីរពិសោធន៍មីក្រូជីវសាស្ត្រជាតិនៅទីក្រុង Winnipeg ក្នុងឆ្នាំ ២០១៩។ អ្នកទាំង២ ត្រូវបានបណ្តេញចេញពីការងារនៅឆ្នាំ ២០២១។ ការងាររបស់មន្ទីរពិសោធន៍ក្រុង Winnipeg គ្របដណ្ដប់លើកិច្ចការស្រាវជ្រាវផ្សេងៗ រួមមានទាំងការស្រាវជ្រាវលើមេរោគគ្រោះថ្នាក់បំផុតរបស់មនុស្ស និងសត្វ ដូចជាជំងឺអ៊ីបូឡា ជាដើម។
ប៉ូលិសកាណាដា បាននិយាយថានៅឆ្នាំ ២០១៩ ពួកគេ បានបើកការស៊ើបអង្កេតលើបញ្ហានេះ ប៉ុន្តែការទម្លាយព័ត៌មានកាលពីថ្ងៃពុធ គឺជាលើកទីមួយហើយ ដែលព័ត៌មានលម្អិតនៃការបណ្តេញចេញនេះ ត្រូវបានបង្ហាញ។
ឯកសារបានបង្ហាញថា សេវាស៊ើបការណ៍សន្តិសុខកាណាដា បានសន្និដ្ឋានថា លោកស្រី Qiu «បានផ្ទេរចំណេះដឹង និងសម្ភារវិទ្យាសាស្ត្រ ដោយចេតនាទៅប្រទេសចិន»។ នាពេលនេះ គេមិនទាន់ដឹងច្បាស់ថាតើប្ដីប្រពន្ធដដែល បន្តនៅក្នុងប្រទេសកាណាដា ឬអត់នោះទេ។
ព័ត៌មានលើបញ្ហានេះលេចចេញឡើង ស្របពេលដែលទំនាក់ទំនងរវាងក្រុងប៉េកាំង និងអូតាវ៉ា បានរងនៅភាពតានតឹងរួចទៅហើយ ជាពិសេសពាក់ព័ន្ធនឹងការចោទប្រកាន់របស់កាណាដា ដែលថាចិនជ្រៀតជ្រែកក្នុងកិច្ចការក្នុងស្រុករបស់ប្រទេសខ្លួន៕