ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយស្រង់សម្ដីមន្រ្តីការទូតនៃបណ្ដាប្រទេសអឺរ៉ុបមួយចំនួនមកថា ពួកគេរំពឹងថានឹងបើកដំណើរការស្ថានទូតនៅក្នុងប្រទេសកូរ៉េខាងជើងឡើងវិញ ក្រោយបិទអស់រយៈពេលច្រើនឆ្នាំដោយសារតែវិបត្តិកូវីដ ១៩។
អ្នកនាំពាក្យការិយាល័យបរទេសអាល្លឺម៉ង់ បានប្រាប់រ៉យទ័រថា ក្រុមការងារមកពីការិយាល័យការបរទេសសហព័ន្ធអាល្លឺម៉ង់ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងទីក្រុងព្យុងយ៉ាង ក្នុងដំណើរទស្សនកិច្ចត្រួតពិនិត្យបច្ចេកទេស។
អ្នកនាំពាក្យដដែលបានបន្តថា៖ «ក្រុមការងារកំពុងត្រួតពិនិត្យទីតាំងស្ថានទូតអាល្លឺម៉ង់ក្នុងរយៈពេល ២-៣ ថ្ងៃមកហើយ» ប៉ុន្តែមិនទាន់បានសម្រេចចិត្តថានឹងបើកស្ថានទូតឡើងវិញនៅពេលណានៅឡើយទេ ក្រោយបិទនៅខែមីនា ឆ្នាំ ២០២០។
ស្ថានទូតជាច្រើនបានបិទនៅទីក្រុងព្យុងយ៉ាង ដោយសារតែពួកគេមិនអាចបង្វិលបុគ្គលិក ឬដឹកជញ្ជូនការផ្គត់ផ្គង់ផ្សេងៗ ក្នុងអំឡុងវិបត្តិកូវីដ ១៩។ ប្រទេសកូរ៉េខាងជើង បានដាក់ចេញវិធានការទប់ស្កាត់ការរាតត្បាតកូវីដ ១៩ ដ៏តឹងរ៉ឹងបំផុត រួមទាំងការហាមឃាត់ការធ្វើដំណើរស្ទើរតែទាំងស្រុងហើយថ្មីៗនេះទើបតែបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងផ្សេងៗឡើងវិញ។
អង់គ្លេសដែលបានបិទស្ថានទូតរបស់ខ្លួន និងដកបុគ្គលិកការទូតទាំងអស់ពីកូរ៉េខាងជើងក្នុងខែឧសភា ឆ្នាំ ២០២០ ពេលនេះក៏កំពុងស្វែងរកការបញ្ជូនក្រុមការងារ ដើម្បីត្រួតពិនិត្យស្ថានទូត មុនពេលបើកជាថ្មីផងដែរ។ នេះបើតាមអ្នកនាំពាក្យការិយាល័យការបរទេសអង់គ្លេស ដែលបានប្រាប់រ៉យទ័រ។
អ្នកនាំពាក្យបានបន្ថែមថា ចក្រភពអង់គ្លេសបានអំពាវនាវឱ្យកូរ៉េខាងជើង អនុញ្ញាតឱ្យសហគមន៍អន្តរជាតិ រួមទាំងអ្នកការទូត និងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ទាំងអស់អាចចូលប្រទេសរបស់ខ្លួនបាន។
លោក Peter Semneby បេសកជនពិសេសរបស់ស៊ុយអែតសម្រាប់ឧបទ្វីបកូរ៉េ បានប្រាប់រ៉យទ័រថា មានវឌ្ឍនភាពខ្លះៗពាក់ព័ន្ធនឹងការវិលត្រឡប់ទៅក្រុងព្យុងយ៉ាងវិញរបស់អ្នកការទូតស៊ុយអែត ប៉ុន្តែបានបដិសេធមិនបញ្ជាក់លម្អិត ដោយលើកឡើងពីភាពរសើបនៃកិច្ចពិភាក្សាលើបញ្ហានេះ។
អ្នកការទូតម្នាក់ ដែលសុំនិយាយជាអនាមិក បានកត់សម្គាល់ថា គ្រប់ស្ថានទូតដែលបិទទ្វារ នឹងត្រូវការរកមើល និងការសម្អាតឧបករណ៍លួចស្តាប់ ក៏ដូចជាការសម្អាតសត្វល្អិត និងការជួសជុលផ្សេង ក្រោយបិទទ្វាអស់រយៈពេលជាច្រើនឆ្នាំ។
គេហទំព័រ NK Pro ដែលធ្វើការតាមដានកូរ៉េខាងជើង បាននិយាយថា គិតត្រឹមខែមករា ឆ្នាំ ២០២៣ ប្រទេសចំនួន ៩ មានស្ថានទូតដំណើរការនៅទីក្រុងព្យុងយ៉ាង ប៉ុន្តែមានតែចិន រុស្ស៊ី ម៉ុងហ្គោលី និងគុយបា ប៉ុណ្ណោះ ដែលទទួលបានការអនុញ្ញាតឱ្យបង្វិលបុគ្គលិកធ្វើការនៅស្ថានទូតរបស់ខ្លួនចូលវិញ ចាប់តាំងពីឆ្នាំមុន៕