ប្រធានាធិបតី​ចិន​ លោក ស៊ី ជីនភីង (Xi Jinping) បាន​សន្យាថា​នឹង​លើកទឹកចិត្ត​ក្រុមហ៊ុន​ចិន​​ឱ្យ​វិនិយោគ​នៅ​​ប្រទេស​សៀ​រ៉ា​ឡេ​អូន (Sierra Leone) នៅ​តំបន់​អាហ្វ្រិក​​​ខាង​លិច​ ដែល​សម្បូរ​ដោយ​ធនធាន​រ៉ែ​​​​។​


ការ​ជំរុញ​កា​រវិនិយោគ​របស់​ទីក្រុង​ប៉េកាំង​ទៅ​កាន់​តំបន់​អាហ្រិ្វក​​​នេះ​ គឺ​​​ធ្វើ​ឡើង​ដើម្បី​​​ពង្រឹក​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​នយោបាយ​កាន់តែ​ស៊ីជម្រៅ​​រវាង​មហាយក្ស​អាស៊ី​​ ដែល​រីក​ច​ម្រើន​​​ទាំងសេដ្ឋកិច្ច​និ​ង​ឥទ្ធិពល​នយោបាយ​ជាមួយ​អាហ្វ្រិក។


​តាមសេចក្តីរាយការណ៍​របស់រ៉យទ័រ ប្រធានាធិបតី​ចិន ស៊ី ជីនភីង បាន​ប្រាប់​លោក Julius Maada Bio ប្រធានាធិបតី​សៀ​រ៉ា​ឡេ​អូន ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​ចិន​តែងតែ​ចាត់ទុក​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​ជា​មូលដ្ឋានគ្រឹះ​នៃ​គោលនយោបាយ​ការបរទេស​របស់ខ្លួន។


តាមការ​ចុះ​ផ្សាយ​​នោះ លោក ស៊ី បាន​និយាយថា ទំនាក់ទំនង​របស់ចិន​ជាមួយ​ប្រទេស​សៀ​រ៉ា​ឡេ​អូន គឺជា «គំរូ​នៃ​ការរួបរួម និង​កិច្ចសហប្រតិបត្តិការ» សម្រាប់​រដ្ឋ​អាហ្វ្រិក​ដទៃទៀត។


ប្រធានាធិបតី​សៀរ៉ាឡេអូន បាន​សរសេរ​នៅលើបណ្តាញសង្គម X ថា៖​«យើង​ទន្ទឹងរង់ចាំ​ការប្រើប្រាស់​ឱកាស​យុទ្ធសាស្ត្រ​សម្រាប់​ផលប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ» ដោយ​បន្ថែមថា​លោក​អរគុណប្រធានាធិបតី ស៊ី «ចំពោះ​ភាពជា​ដៃគូ​និង​ការគាំទ្រ​​ដែល​មិនអាច​កាត់ថ្លៃ​បាន ចំពោះ​​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​របស់​ប្រទេស​សៀ​រ៉ា​ឡេ​អូន»។


ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​នេះ ប្រទេស​ចិន​បានប្រកាស​ផ្តល់ជំនួយ​ផ្នែក​សេដ្ឋកិច្ច និង​បច្ចេកទេស​ចំនួន ៥០​លាន​យន់ (ជិត​៧​លាន​ដុល្លារ) ការលុបចោល​បំណុល​ចំនួន ២០​លាន​យន់ និង​ជំនួយ​ស្បៀងអាហារ​ចំនួន ១៥០០​តោន​សម្រាប់​ប្រទេស​សៀ​រ៉ា​ឡេ​អូន។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​ពី​ផ្ទះ​រដ្ឋ​របស់​ប្រទេស​សៀ​រ៉ា​ឡេ​អូន៕​