ប្រទេស​​ថៃ ​និង​​ស្រី​លង្កា​ ​បាន​​ចុះ​​ហត្ថលេខា​​លើ​​កិច្ច​​ព្រម​​ព្រៀង​​ពាណិជ្ជកម្ម​​សេរី​​មួយ​​កាល​​ពី​​ថ្ងៃ​​សៅរ៍ ​​ក្នុង​ជំហាន​មួយ​ដែល​​ស្រី​លង្កា​​សង្ឃឹម​​ថា​ ​នឹង​​ជួយ​​ប្រទេស​របស់​ខ្លួន​​​ឱ្យ​​រួ​ច​​ផុត​​ពី​​វិបត្តិ​​ហិរញ្ញ​វត្ថុ​​ដ៏​​អាក្រក់​​បំផុត​​​មិ​ន​ធ្លាប់​មាន​ក្នុង​​រយៈ​​ពេល​​ជា​ច្រើន​​ទសវត្សរ៍​។​ ​

​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ កិច្ច​ព្រម​ព្រៀង​ដែល​គេ​ហៅ​ថា​ កិច្ច​ព្រម​ព្រៀង​ពា​ណិជ្ជកម្ម​សេរី​ (FTA) ​មាន​គោល​បំណង​បង្កើន​ឱកាស​ទីផ្សារ ​ដោយ​មាន​ការ​ចរ​ចា​គ្រប​ដណ្តប់​លើ​​​ផ្នែក​ផ្សេ​ង​ៗ​ដូច​ជា​ ​ពាណិជ្ជកម្ម​ទំនិញ​ ការ​វិនិយោគ​ នីតិ​វិធី​គយ ​និង​សិទ្ធិ​កម្មសិទ្ធិ​បញ្ញា​។​


កិច្ច​ព្រម​ព្រៀង​នេះ​ ​សម្រេច​ឡើង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​​គណៈ​ប្រតិភូ​ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​ សេដ្ឋា ថាវីស៊ីន​ ​ទៅ​កាន់​​​ទីក្រុង​កូឡុំ​បូ ​កាល​ពី​ថ្ងៃ​សៅរ៍​។ 

លោកថាវីស៊ីន​ បាន​ថ្លែង​​ប្រាប់​សន្និសីទ​សារព័ត៌មាន​រួម​មួយ​បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​នេះ​​​ថា​៖«វា​​នឹង​ផ្តល់​ឱកាស​អាជីវកម្ម​យ៉ាង​ច្រើន​សម្រាប់​ភាគី​ទាំង​​២​។ ​យើង​លើក​ទឹក​ចិត្ត​ឱ្យ​វិស័យ​ឯកជន​របស់​យើង​ ស្វែង​រក​សក្តានុពល​នៃ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ទ្វេ​ភាគី​»​។


​ទិន្នន័យ​របស់​ធនាគារ​កណ្តាល​ស្រី​លង្កា​បង្ហាញ​ថា​ ពាណិជ្ជកម្ម​​ទ្វេ​ភាគី​​ស្រីលង្កា​ និង​ថៃ​ មាន​តម្លៃ​ប្រហែ​ល​ ៤៦០លាន​ដុល្លារ​​ក្នុង​ឆ្នាំ​២០២១​។  ​​ស្រី​លង្កា​នាំ​ចេញ​ជា​ចម្បង​នូវ​តែ​ និង​ត្បូង​មាន​តម្លៃ​ ទៅ​កាន់​ប្រទេស​ថៃ​ ហើយ​នាំ​ចូល​មក​វិញ​នូវ​ឧបករណ៍​អេឡិច​ត្រូនិក​ អាហារ ​កៅស៊ូ ​ប្លាស្ទិក ​និង​ឱសថ​។​

កិច្ច​ព្រម​ព្រៀង​រវាង​ប្រទេស​ទាំង​២​ ធ្វើ​ឡើង​ខណៈ​ស្រី​លង្កា​កំពុង​​បន្ត​ការ​ផ្តោត​អារម្មណ៍​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​ជួយ​ដល់​សេដ្ឋកិច្ច​​ដុន​ដាប​របស់​ខ្លួន​ ​ដែល​​ធ​នាគារ​ពិភព​លោក​បាន​ប៉ាន់​ប្រមាណ​ថា​បាន​ធ្លាក់​ចុះ​រហូត​ដល់​ ៣,៨ ភាគរយ​កាល​ពី​ឆ្នាំ​មុន​ ដោយ​សារ​វិបត្តិ​នយោបាយ​ធ្ងន់​ធ្ងរ​។ 

ក្រៅ​ពី​ FTA ថៃ​ និង​ស្រី​លង្កា​ ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេវាកម្ម​ផ្លូវ​អាកាស​ទ្វេ​ភាគី​ថ្មី​មួយ​ ដោយ​ផ្តល់​​សេវាកម្ម​ផ្លូវ​អាកាស​សេរី​រវាង​ប្រទេស​ទាំង​​២​៕