តុលាការ​ស្រីលង្កា​កាលពី​ថ្ងៃទី៣ខែកុម្ភៈ បាន​ឃុំខ្លួន​​អតី​តរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​​​បច្ចុប្បន្ន​ជា​​រដ្ឋមន្ត្រី​​​ក្រសួង​បរិស្ថាន ជុំវិញ​​ការទិញ​ថ្នាំ​ក្លែងក្លាយ​សម្រាប់​មន្ទីរពេទ្យ​រដ្ឋ នៅពេលដែល​​​លោក​​នៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​​​។

យោង​តាមការ​ផ្សាយ​របស់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP អតីតរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល Keheliya Rambukwella ត្រូវបាន​បញ្ជា​ឱ្យ​ឃុំខ្លួន​រហូត​ដល់​ថ្ងៃទី១៥ខែកុម្ភៈ ដោយ​​រងចាំ​ការស៊ើបអង្កេត​ដែល​មិនទាន់​សម្រេច​លើ​ការបោកប្រាស់​ទឹក​ប្រាក់​ចំនួន១៤៤ លាន​រូពី (ប្រហែល​កន្លះលាន​ដុល្លារ​) ដែល​ពាក់ព័ន្ធ​នឹង​អ្វីដែល​មានន័យថា​ជា​​ថ្នាំ​សង្គ្រោះ​ជីវិត។

ប៉ូលីស​បាន​ប្រាប់​តុលាការ​ក្នុង​ទីក្រុង​កូឡុំបូ​ថា ក្រសួងសុខាភិបាល​មាន​គោលបំណង​ទិញ​ភាគហ៊ុន​នៃ​​ក្រុមហ៊ុន​ថ្នាំ​ immunoglobulin ដែល​ត្រូវបាន​ប្រើ​លើ​អ្នកជំងឺ​ដែលមាន​ភាពស៊ាំ​នឹង​ជំងឺ។


អ្វីដែល​ក្រសួង​បាន​ចំណាយ​​ទៅ​លើ​នោះ​គឺ​ភាគច្រើន​ជា​ទឹក​ទេ។

AFP បានស្រង់​សម្តី​អ្នកស៊ើប​អង្កេត​ ដូច​បាន​​និយាយថា៖​«ថ្នាំ​នេះ​ត្រូវ​បានចេញ​ឱ្យទៅ​មន្ទីរពេទ្យ​នៅ​ចន្លោះ​ខែកក្កដា និង​ខែកញ្ញា នៅពេលដែល​អ្នកជំងឺ​បាន​រាយការណ៍​ពី​ប្រតិកម្ម​មិនល្អ​ដែល​បង្កឱ្យមាន​ការធ្វើ​តេស្ត​គុណភាព»។


វា​មិន​ច្បាស់​ទេ​ថា​តើ​មានការ​ស្លាប់​ទាក់ទង​នឹង​ការប្រើប្រាស់​ថ្នាំ​ក្លែងក្លាយ​ឬ​អត់ទេ។

នាយកដ្ឋាន​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​បានចាប់ផ្តើម​សាកសួរអតីត​រដ្ឋមន្ត្រី Rambukwella កាលពី​ថ្ងៃទី២ខែកុម្ភៈ ហើយ​បាន​នាំ​ខ្លួន​ទៅ​កាន់​តុលាការ Maligakanda នៃ​ទីក្រុងកូឡុំបូជា​កន្លែង​ដែល​ចៅក្រម​បាន​បញ្ជា​ឱ្យ​ឃុំខ្លួន​គាត់។

មន្ត្រី​ក្រសួងសុខាភិបាលសំខាន់ៗមួយចំនួនទៀត​ត្រូវបាន​ចាប់ខ្លួន​រួចហើយ។ លោក Rambukwella បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​បរិស្ថាន។

ក្រុមហ៊ុន​ផ្គត់ផ្គង់​ដែលជា​ក្រុមហ៊ុន​ក្នុងស្រុក​នឹងត្រូវ​បង់ប្រាក់​ចំនួន ៩៦០លាន​រូពី ប៉ុន្តែ​ការ​ទូទាត់​​ត្រូវ​បាន​​បញ្ឈប់​បន្ទាប់ពី​ការព្រួយបារម្ភ​អំពី​គុណភាព​បានកើត​ឡើង​នៅក្នុង​ខែកញ្ញា។
ចំណែក​ម្ចាស់​ក្រុមហ៊ុន​ក៏ត្រូវ​ឃុំខ្លួន​ដែរ។    

ប្រទេស​ស្រីលង្កា​ប្រឈមមុខ​នឹង​ការខ្វះខាត​ថ្នាំពេទ្យ​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​ប្រទេស​នេះ​បាន​សងបំណុល​បរទេស​ចំនួន ៤៦ពាន់​លាន​ដុល្លារ ក្នុង​ខែមេសា ឆ្នាំ២០២២ បន្ទាប់ពី​បាន​ប្រកាស​​ក្ស័យធន។

ឱសថសំខាន់ៗជាច្រើន​ក្រោយមក​ត្រូវបាន​ផ្តល់​ហិរញ្ញប្បទាន​តាមរយៈ​ខ្សែ​ឥណទាន​ពី​ប្រទេសជិតខាង​នៃ​ប្រទេស​ឥណ្ឌា ក៏ដូចជា​ធនាគារពិភពលោក​ផងដែរ៕​