យ៉ាងហោចណាស់មនុស្សជិត ៤០ នាក់ បានស្លាប់បាត់បង់ជីវិតក្នុងអំឡុងនៃការបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកនៅក្នុងទឹកដីប្រទេសអ៊ីរ៉ាក់ និងស៊ីរីប្រឆាំងនឹងក្រុមកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (Iran's Revolutionary Guard) គាំទ្រដោយរដ្ឋាភិបាលប្រទេសអ៊ីរ៉ង់។ តាមការផ្សាយរបស់រ៉យទ័រនៅយប់ថ្ងៃទី ៣ ខែកុម្ភៈ។
តាមសេចក្តីរាយការណ៍នោះ ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកនេះគឺជាការសងសឹករបស់ទីក្រុងវ៉ាស៊ីនតោនលើក្រុមកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) គាំទ្រដោយរដ្ឋាភិបាលអ៊ីរ៉ង់ ចំពោះការវាយប្រហារលើទាហានអាមេរិកកាលពីពេលថ្មីៗនេះ។
ការវាយប្រហារតាមផ្លូវអាកាសនៅប្រទេសទាំង ២ នេះគឺជាលើកទី ១ ហើយដែលមានមនុស្សស្លាប់ច្រើនបែបនេះក្នុងអំឡុងដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន ចាប់តាំងពីកាន់តំណែងមក។
ប្រភពដដែលក៏បានឱ្យដឹងដែរថានៅក្នុងការវាយប្រហារនេះ ទីក្រុងវ៉ាស៊ីនតោនក្រោមរដ្ឋបាលរបស់លោក បៃដិន បានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក B-1 រយៈវែងប្រឆាំងនឹងសត្រូវរបស់ខ្លួន។ លើសពីនេះទៅទៀតមានការរំពឹងទុកថា ប្រតិបត្តិការយោធាអាមេរិកបន្ថែមទៀតនឹងកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខ ហើយស្ថានការណ៍នឹងបន្តតានតឹង ចំនួនមនុស្សស្លាប់ក៏បន្តកើនឡើងផងដែរ។
លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលើកឡើងកាលពីថ្ងៃទី ៣ ខែកុម្ភៈថា ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកទៅលើក្រុមកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ដែលនេះជាធម៌ក្តៅព្រមានក្រុមជ្រុលនិយមអស់ទាំងនេះដែលត្រូវបានគាំទ្រដោយទីក្រុង Tehran របស់អ៊ីរ៉ង់ និងព្រមានភាគីទាំងឡាយដែលពាក់ព័ន្ធនឹងការវាយប្រហារមកលើអាមេរិក ហើយលទ្ធផលនៃការវាយប្រហារនេះជាការឆ្លើយតបរបស់ទីក្រុងវ៉ាស៊ីនតោន។
រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ បានលើកឡើងថា៖«សហរដ្ឋអាមេរិកមិនចង់បន្ថែមជម្លោះ និងបន្ថែមស្ថានការណ៍កាន់តែតានតឹងណាមួយនៅមជ្ឈិមបូព៌ាទៀតនោះទេ ក៏ប៉ុន្តែប្រធានាធិបតីសហរដ្ឋមេរិក (លោក ចូ បៃដិន) ក៏ដូចជាខ្ញុំ (Lloy Austin) នឹងមិនឈរឱបដៃមើលការបំពានណាមួយមកលើសហរដ្ឋអាមេរិកដែរ»។
លោក Nasser Kanaani មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានប្រតិកម្មខ្លាំងៗតបទៅសហរដ្ឋអាមេរិកវិញថា ទីក្រុង Tehran សូមថ្កោលទោសយ៉ាងដាច់ណាត់ទៅលើការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលលោក ចូ បៃដិន។
មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បន្ថែមថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកតំណាងឱ្យ«កំហុស និងជាយុទ្ធសាស្ត្រមួយអាចបង្កភាពតានតឹងដែលកំពុងមានស្រាប់នៅក្នុងតំបន់» ក្នុងនោះមានមនុស្ស ១៦ នាក់រួមទាំងជនស៊ីវិល ត្រូវបានសម្លាប់។ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី និងជាអង្គការតាមដានសង្គ្រាមនៅទីនោះ បានឱ្យដឹងថា ការវាយប្រហារបានសម្លាប់មនុស្ស ២៣ នាក់ ដែលជាអ្នកយាម៕
វង្ស ដារាវ៉ាឌី