ស្ថាប័ន​អង្គការសហប្រជាជាតិ​ដែល​កំពុងធ្វើការ​ងា​រម​នុស្ស​ធម៌​នៅ​តំបន់​ហ្គា​ហ្សា និង​ប្រទេស​ខ្លះទៀត​នៅ​មជ្ឈិមបូព៌ា បាន​ព្រមាន​អំពី​លទ្ធភាព​បិទទ្វារ​នៅ​ចុងខែ​នេះ ដរាបណា សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ផ្តល់ជំនួយ​ដទៃទៀត​មិន​ស្តារ​កញ្ចប់​ជំនួយ​ដែល​ពួកគេ​បាន​ផ្អាក​នោះ​ឡើងវិញ​។​

​អស់​រយៈពេល​ប្រហែល​ ​១ ​សប្តាហ៍​ប៉ុណ្ណោះ ​ក្រោយ​ប្រទេស​ផ្តល់ជំនួយ​ធំៗ​បានប្រកាស​ផ្អាក​កញ្ចប់​ថវិកា​ជំនួយ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​និង​ការងារ​ប៉ា​ឡេ​ស្ទី​ន ដែល​ហៅ​កាត់​ថា (UNRWA) បាន​ព្រមាន​ពី​ផល​ពិបាក​ច្រើន​រាប់មិនអស់​នៅ​តំបន់​ហ្គា​ហ្សា​ដែលមាន​ជនភៀសសឹក​ជិត​ ២ ​លាន​នាក់ ។​

The Guardian បាន​រាយការណ៍​ថា​ការផ្គត់ផ្គង់​ឥន្ធនៈ និង​ម្សៅ​សម្រាប់​ផលិត​នំប៉័ង​សំខាន់ៗ​សម្រាប់​តំបន់​ហ្គា​ហ្សា​មាន​ហានិភ័យ​ខ្លាំងណាស់​ឈានទៅរក​ «​អស់​» រីឯ​សាលារៀន មន្ទីរពេទ្យ និង​សូម្បីតែ​ការប្រមូល​សំរាម​នៅ​តំបន់ West Bank និង​ប្រទេស​ចំនួន ​៣ ​នៅ​ទូទាំង​មជ្ឈិមបូព៌ា​អាច​ឈប់​ដំណើរការ​នៅ​ចុងខែ​នេះ​។​


​ប្រទេស​ជាច្រើន​រួមទាំង​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​បាន​ផ្អាក​ការផ្តល់​មូល​​និ​ធិ​សម្រាប់​ទីភ្នាក់ងារ UNRWA ចាប់​តាំង​​ពីថ្ងៃ​ទី​ ២៨ ខែមករា បន្ទាប់ពី​អ៊ី​ស្រា​អែល​បានបង្ហាញ​ឯកសារ​ចោទប្រកាន់ថា បុគ្គលិក​របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​នេះ​ចំនួន​​ ១២ ​នាក់​បាន​ចូលរួម​ក្នុងការ​វាយប្រហារ​នៅ​ថ្ងៃទី​ ៧ ខែតុលា ឆ្នាំ​២០២៣ ដោយ​ក្រុម​ហា​ម៉ាស់​លើ​អ៊ី​ស្រា​អែល​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទីភ្នាក់ងារ​នេះ​បាន​ព្រមាន​ថា ប្រតិបត្តិការ​ទាំងមូល​របស់ខ្លួន​នៅ​មជ្ឈិមបូព៌ា មិន​ត្រឹមតែ​នៅក្នុង​តំបន់​ហ្គា​ហ្សា​ប៉ុណ្ណោះ​ទេ ទំនងជា​នឹងត្រូវ​បង្ខំ​ឱ្យ​បិទ​នៅ​ចុងខែ​កុម្ភៈ បើ​ជំនួយ​បន្ត​ផ្អាក​។​


​នៅ​តំបន់​ហ្គា​ហ្សា ជា​កន្លែង​ដែល​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​អំពី​គ្រោះ​ទុរភិក្ស​ដែល​ជិត​កើតមាន​ដល់​មនុស្ស​ ២ ​លាន​នាក់ ទីភ្នាក់ងារ UNRWA ផ្តល់​ម្សៅ​ដើម្បី​ធ្វើ​នំប៉័ង និង​ប្រេងឥន្ធនៈ​សម្រាប់​រោងចក្រ​ចម្រោះ​ទឹក ហើយ​ដំណើរការ​បណ្តាញ​ឃ្លាំង និង​ឡាន​ដឹកទំនិញ​សម្រាប់​ជំនួយ​។ សាលារៀន​ដែល​គ្រប់គ្រង​ដោយ UNWRA បាន​ផ្លាស់ប្តូរ​ទៅជា​ជម្រក​សម្រាប់​មនុស្ស​រាប់​ម៉ឺន​នាក់​។​

UNRWA ក៏​ដំណើរការ​សាលារៀន​រាប់រយ​នៅ West Bank, ហ្ស៊​កដា​នី លី​បង់ និង​នៅ​ប្រទេស​ស៊ី​រី​។ ប្រសិនបើ​ទីភ្នាក់ងារ​នេះ​ឈប់​ដំណើរការ​ទាំងស្រុង សាលារៀន​ទាំងនេះ​នឹង​បិទ ដែល​ធ្វើឱ្យ​កុមារ​ប្រមាណ​ ៥០ ​ម៉ឺន​នាក់​គ្មាន​ការអប់រំ​។​

​អ្នកស្រី Juliette Touma នាយក​ផ្នែក​ទំនាក់ទំនង​របស់ UNRWA បាន​និយាយថា​៖«​ផលប៉ះពាល់​នឹង​ធ្លាក់​ទៅលើ​តំបន់​ទាំងមូល​។ ទោះជា​យ៉ាងនេះ​ក្តី វា​នឹងមាន​សភាព​ធ្ងន់ធ្ងរ​បំផុត​នៅក្នុង​តំបន់​ហ្គា​ហ្សា​។ ឥឡូវនេះ​យើង​ គឺជា​អ្នកផ្តល់​មនុស្សធម៌​ដ៏​ធំ​បំផុត​នៅ​ទីនោះ​។ មិនចាំបាច់​ឆ្ងល់​ទេ វា​ពិតជា​លំបាក​ណាស់​ក្នុងការ​ស្រមៃ​មើល​ប្រជាជន​នៅ​ហ្គា​ហ្សា​ដែល​នៅរស់​ដោយ​គ្មាន UNRWA ជាមួយនឹង​អ្វី​គ្រប់យ៉ាង​ដែល​ពួកគេ​កំពុង​ឆ្លងកាត់​ឥឡូវនេះ​»​។​

UNRWA បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​កាលពី​ចុង​សប្តាហ៍​ថា រដ្ឋ​ម្ចាស់ជំនួយ​ចំនួន ​១៦ ​បាន​ផ្អាក​ជំនួយ​។ ក្នុងចំណោម​នោះ សហរដ្ឋអាមេរិក អាល្លឺម៉ង់ និង​ស៊ុយអែត បាន​បូកសរុប​ជំនួយ​មាន​ទឹកប្រាក់​ចំនួន ៦០៧ ​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​ ២០២២​។ អង្គភាព​ផ្តល់ជំនួយ​ផ្សេងទៀត រួមទាំង​សហភាព​អឺរ៉ុប បាន​និយាយថា ពួកគេ​នឹង​ធ្វើការ​សម្រេចចិត្តថា​តើ​ត្រូវ​បន្ត​ផ្តល់​មូលនិធិ​បន្ទាប់ពី​ដឹង​ពី​លទ្ធផល​នៃ​ការស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ​លើ​ការចោទប្រកាន់​នេះ​។ អូស្ត្រាលី​ក៏​ប្រកាស​ដូច​អឺរ៉ុប​ដែរ​។​

​ទីភ្នាក់ងារ​នេះ​ប៉ាន់​ស្មានថា ការផ្អាក​ម្ចាស់ជំនួយ​បាន​ចំណាយ​យ៉ាងហោចណាស់ ៤៤០ ​លាន​ដុល្លារ​៕