​ប្រភព​ការទូត​បារាំង​មួយរូប បាន​បង្ហើប​ប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រ៉​យ​ទ័​រថា ប្រទេស​បារាំង​នឹង​កោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោយ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន សម្លាប់​អ្នកធ្វើការ​ផ្នែក​ជំនួយ​មនុស្សធម៌​បារាំង​​ ២ ​រូប ហើយ​មានការ​កើនឡើង​នៃ​រលក​ព័ត៌មាន​មិន​ពិត​របស់​រុស្ស៊ី​។​

​ប្រភព​ដដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា​៖ «​បារាំង​នឹងធ្វើ​ការ​ថ្កោលទោស​ជាថ្មី ចំពោះ​ការវាយប្រហារ​របស់​រុស្ស៊ី​។ ​វា​ក៏​នឹង​ថ្កោលទោស​ការកើនឡើង​នៃ​ព័ត៌មាន​មិន​ពិត ដែល​ដាក់​គោលដៅ​លើ​ប្រទេស​បារាំង​ផងដែរ​»​។​

​បុគ្គលិក​ជំនួយ​ស្ម័គ្រចិត្ត​បារាំង ​២ ​នាក់​បាន​ស្លាប់ និង ​៣ ​នាក់​ទៀត​បាន​រងរបួស ក្នុងការ​វាយ​ប្រ​ហារ​ដោយដ្រូន​របស់​រុស្ស៊ី នៅ​តំបន់​ឃើ​រ​សុន ភាគខាងត្បូង​របស់​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​ ១ ខែកុម្ភៈ​។ ការវាយប្រហារ​នោះ ត្រូវបាន​រដ្ឋមន្ត្រីការបរទេស​បារាំង លោក Stephane Sejourne​ ពិពណ៌នា​ថា​ ជា​ទង្វើ​នៃ «​ភាព​​ព្រៃផ្សៃ​»​។​


​ទន្ទឹមនឹង​នេះដែរ ទំនាក់ទំនង​បារាំង​-​រុស្ស៊ី​ កាន់តែ​យ៉ាប់យ៉ឺន​ទៅៗ​បន្ថែមទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយសារ​ក្រុងប៉ារីស​បាន​បង្កើន​ការគាំទ្រ​ដល់​អ៊ុយ​ក្រែ​ន រួមទាំង​ការសន្យា​ថា​នឹង​បញ្ជូន​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ជាដើម​។​

​បារាំង​បាន​ចោទ​រុស្ស៊ី​ពី​ទម្លាប់​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​បារាំង​។ កាលពី​ចុងខែ​មករា​ បារាំង​បាន​ច្រានចោល​ការយល់​​ឃើញ​ណាមួយ​ដែលថា ខ្លួន​មាន​ទាហាន​ស៊ីឈ្នួល​ធ្វើ​ប្រតិបត្តិការ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ដែល​ការច្រានចោល​នោះ​ធ្វើឡើង​ ១ ​ថ្ងៃ​ បន្ទាប់ពី​សមាជិកសភា​រុស្ស៊ី បានអនុម័ត​សេចក្ដីសម្រេច​ថ្កោលទោស​ «​ទាហាន​ស៊ីឈ្នួល​បារាំង​» នៅ​អ៊ុយ​ក្រែ​ន​។​ ​ក្រៅពីនេះ បារាំង​ក៏បាន​ចោទ​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ពី​ការនាំ​ព័ត៌មាន​មិន​ពិត​៕