​ខណៈពេលប្រទេស​ប៉ា​ពួ​ញូ​ហ្គី​ណេ ដែលជា​ប្រទេស​កោះធំ​ជាងគេ​ស្ថិតនៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​បន្ត​ចរចា​ជាមួយ​មហា​យក្ស​ចិន​ដែល​អាច​គ្របដណ្តប់​លើ​បញ្ហា​សន្តិសុខ មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក បាន​ជំរុញ​ឱ្យ​ប្រទេស​ដែន​កោះ​នេះ​បដិសេធ​ការ​បបួល​ចុះ​កិច្ចព្រមព្រៀង​ផ្នែក​សន្តិសុខ​ណាមួយ​ជាមួយ​ចិន​ដែល​សហរដ្ឋអាមេរិក​មើលឃើញថា នឹងត្រូវ​ចំណាយ​ច្រើន​។

​សហរដ្ឋអាមេរិក បាន​ព្រមាន​ប្រទេស​ប៉ាស៊ីហ្វិក​មួយ​នេះ​ថា ការធានា​សន្តិសុខ​ណាមួយ​ពី​ចិន​នឹង​នាំមក​នូវ​ផលវិបាក និង​ការចំណាយ​ច្រើន​។ កន្លងមក​ប៉ា​ពួ​ញូ​វ​ហ្គី​ណេ បាន​អះអាងថា រឿង​សន្តិសុខ​ខ្លួន​ពឹង​លើ​អាមេរិក​និង​អូស្ត្រាលី​ដែល​នៅ​ជិតខាង ខណៈដែល​ការសហការ​ជាមួយ​ចិន​គឺ​ផ្តោត​តែ​លើ​សកម្មភាព​សេដ្ឋកិច្ច​ជា​ចម្បង​ប៉ុណ្ណោះ​។  

​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​ថា អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោក រី​ឆាត​ដ៍ វឺរ​ម៉ា (Richard Verma) ដែល​បានផ្ដល់​បទ​​សម្ភាស​ដល់​កាសែត​អូស្ត្រាលី Sydney Morning Herald ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​យើង​បានឃើញ​ការប្តេជ្ញាចិត្ត​របស់​ចិន​ក្នុង​វិស័យ​ការពារជាតិ ឬ​ការ​វិនិយោគ តែងតែ​នាំមក​ជាមួយនឹង​ការចំណាយ​ខ្ពស់​។ យើង​ចង់​និយាយប្រាប់​ប៉ា​ពួ​ញូ​វ​ហ្គី​ណេ យ៉ាង​ដូច្នេះ​»​។


​ការព្រមាន​នេះ​ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​ប៉ា​ពួ​ញូ​វ​ហ្គី​ណេ លោក Justin Tkachenko​​ បាន​ប្រាប់​រ៉​យ​ទ័​រ​កាលពី​សប្តាហ៍​មុន​ថា ប្រទេស​ខ្លួន​កំពុង​ស្ថិតក្នុង​កិច្ចពិភាក្សា​ដំណាក់កាល​ដំបូង​ជាមួយ​ប្រទេស​ចិន លើ​កិច្ចព្រមព្រៀង​សន្តិសុខ​មួយ​។ លោក ​Tkachenko បាន​និយាយថា ប្រទេស​ចិន​បានផ្តល់​ជំនួយ​ដល់​កម្លាំង​ប៉ូលិស​របស់​ប៉ា​ពួ​​ញូ​វ​ហ្គី​ណេ ជាមួយនឹង​ការបណ្តុះ​បណ្តាល ឧបករណ៍ និង​បច្ចេក​​វិទ្យា​ឃ្លាំមើល​ផ្សេងៗ​។​

​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​អូស្ត្រាលី បាន​ចាត់​ទុក​តំបន់​ប៉ាស៊ីហ្វិក​ថា​ជា​តំបន់​ស្ថិតក្រោម​ឥទ្ធិពល​របស់ខ្លួន ហើយ​ព្យាយាម​រារាំង​ប្រទេស​កោះ​នានា ពី​ការបង្កើត​ទំនាក់​ទំនង​សន្តិសុខ​ជាមួយ​ប្រទេស​ចិន​ក្រោយ​ចិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​កោះ​សូ​ឡូ​ម៉ុង​នៅ​ឆ្នាំ​ ២០២២ ដែល​គេ​មើលឃើញថា ជា​ផ្នែក​មួយ​នៃ​ការបង្កើន​ឥទ្ធិពល​របស់​ក្រុង​ប៉េកាំង​ក្នុង​តំបន់​។​


​លោក វឺរ​ម៉ា ដែល​ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​អូស្ត្រាលី​កាលពី​សប្ដាហ៍​មុន បាន​និយាយ​ក្នុង​បទសម្ភាសន៍​ដដែល​ថា វា​គឺជា​ការប្រកួតប្រជែង​ដើម្បី​ឥទ្ធិពល​ក្នុង​តំបន់​ប៉ាស៊ីហ្វិក ហើយ​«​យើង​ត្រូវ​ប្រកួតប្រជែង​ឱ្យ​ខ្លាំង​»​។

​លោក​បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ចង់ឃើញ​ប្រជាជន ​(​ប៉ា​ពួ​ញូ​វ​ហ្គី​ណេ​)​ ជ្រើសរើស​ការរៀបចំ​សន្តិសុខ ឬ​ឱកាស​វិនិយោគ ឬ​ទំនាក់ទំនង​កម្រិត​ខ្ពស់​ជាមួយ​ប្រទេស​ដែល​ដើរ​ដោយ​ច្បាប់​ស្របតាម​ស្តង់ដា​អន្តរជាតិ​»​។