​អ្នកឃ្លាំមើល​ស្ថានការណ៍​នៅ​អាស៊ី​បាន​លើកឡើងថា លោក ស៊ី ជីន​ភីង (Xi Jinping)​​ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុង​លូកដៃ​ចូលក្នុង​បញ្ហា​ដ៏​គ្រោះថ្នាក់​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា និង​កូរ៉េ​ខាង​ជើង​។​

​ជាក់ស្ដែង ការធ្វើ​រដ្ឋប្រហារ​យោធា​នៅក្នុង​ប្រទេស​មី​យ៉ាន់​​ម៉ា ចាប់តាំងពី​ដើមខែ​កុម្ភៈ ឆ្នាំ​ ២០២១​ បាន​បង្កឱ្យមាន​ការស្លាប់​ប្រជាជន​ស៊ីវិល​ជាច្រើន ហើយ​សហគមន៍​អន្តរជាតិ​តែងតែបាន​រិះគន់ និង​ថ្កោលទោស​មេដឹកនាំ​របប​យោធា​គឺ​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង (Min Aung Hlaing)​ និង​ក្រុម​បក្ខពួក​ដែល​បាន​អនុញ្ញាតឱ្យ​ពួកយោធា​ធ្វើ​សកម្មភាព​យ៉ាង​ឃោរឃៅ និង​ព្រៃផ្សៃ​ទៅលើ​ប្រជាជន​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន The Guardian នៅ​ថ្ងៃទី​ ៤ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ​។​

​ក្រុម​អ្នកតស៊ូ​ជន​ស៊ីវិល​របស់​មី​យ៉ាន់​ម៉ា ដែល​គេ​ហៅថា កង​កម្លាំង​ការពារ​ប្រជាជន និង​ក្រុម​ប្រដាប់អាវុធ​ជនជាតិភាគតិច បច្ចុប្បន្ន​បាននិងកំពុង​វាយប្រហារ​កងទ័ព​រដ្ឋា​ភិ​បាល ដែល​បានចាប់ផ្តើម​តាំងតែ​ពី​ខែតុលា ឆ្នាំ​ ២០២៣ មក​នោះ​។ ជា​លទ្ធផល កងកម្លាំង​យោធា​មី​យ៉ាន់​ម៉ា​មួយចំនួន​បាន​ចុះចាញ់ និង​បាន​រត់ចោលជួរ រហូតដល់​ក្រុម​អ្នក​តស៊ូ​ជន​ស៊ីវិល​អាច​ចូល​កាន់កាប់​តំបន់​មួយផ្នែកធំ​នៃ​ប្រទេស​។​


​ការបរាជ័យ​របស់​ពួកយោធា​បានធ្វើឱ្យ​រង្គោះរង្គើ​ទំនុកចិត្ត​របស់​កងទ័ព ដោយ​អ្នកខ្លះ​អស់ជំនឿ​ជឿជាក់​លើ​មេដឹកនាំ​និង​បាន​រិះគន់​ពី​របៀប​ដឹកនាំ​ទៀតផង​។ ថ្វីបើ​មានទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ថ្មី​ពី​លោកខាងលិច​ក៏ដោយ ក៏​មេដឹកនាំ​របប​យោធា​នៅតែ​បន្ត ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​។ ​យោងតាម​របាយការណ៍​ថ្មីៗ នេះ បាន​បង្ហាញថា ការ​វាយ​ប្រហារ​ដោយ​មិន​រើសមុខ​ទៅលើ​ជន​ស៊ីវិល​បាន​កើនឡើង​ដែលជា​ហេតុ​ធ្វើឱ្យ​ចំនួន​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​មី​យ៉ាន់​ម៉ា​ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ជា​បន្ត​បន្ទាប់ និង​កាន់តែ​អាក្រក់​។​

​អង្គការសហប្រជាជាតិ​បាន​ប៉ាន់ប្រមាណ​ថា ២​ ភាគ​ ៣ ​នៃ​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ធ្លាប់​ជួប​បទ​ពិសោធន៍​សង្គ្រាម​ដោយ​ប្រជាជន​ចំនួន ២,៦ លាន​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​ស្រុកកំណើត​និង​ចំនួន​អ្នកស្លាប់​មាន​រហូតដល់​ទៅជិត​ ៤ ៥០០​ នាក់ រីឯ​អ្នក​ជាប់ពន្ធនាគារ​ប្រហែល ២០ ០០០ ​នាក់​។ ១ ​ភាគ ​៣ ​នៃ​ចំនួន​ប្រជាជន​សរុប ​១៨,៦​ លាន​នាក់​កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌​។​ ​ជនជាតិ​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​មី​យ៉ាន់​ម៉ា​ចំនួន​ ៧៥ ​ម៉ឺន​នាក់ ​ធ្លាប់បាន​ភៀសខ្លួន​ចេញពី​តំបន់​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ដោយ​ពួកយោធា​នៅ​ឆ្នាំ​ ២០១៧​។​


​ការបន្ត​រងទុក្ខវេទនា​របស់​ប្រ​ជា​ជន​មី​យ៉ាន់​ម៉ា​បាន​បង្ហាញថា សហគមន៍​អន្តរជាតិ​បាន​បរាជ័យ​ក្នុងការ​បញ្ឈប់​សោកនាដកម្ម​មួយ​នេះ​។ បណ្ដា​ប្រទេស​លោកខាងលិច​ដូចជា​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​បានទទួល​រង​ការរិះគន់​ចំពោះ​ភាព​​អសកម្ម ហើយ​ឥទ្ធិពល​របស់​ពួកគេ​ទៅលើ​ប្រទេស​នេះ​មិន​​មាន​ច្រើន​នោះទេ​។​

​ជាមួយគ្នានេះ ក្រុម​ប្រទេស​សមាជិក​អាស៊ាន​ក្នុង​តំបន់​ក៏​បរាជ័យ​ដែរ ពោលគឺ​មិនអាច​ជួយ ឬ​មិន​ចង់​ជួយ​អ្វី​សោះ​ហើយ​សមាជិក​មួយចំនួន​ថែមទាំង​បាន​គាំទ្រ​របប​នេះ​ទៀតផង​។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​សារព័ត៌មាន​ខាងលើ​។​

​សម្រាប់​ប្រទេស​ចិន​វិញ ហាក់​មានការ​ខកចិត្ត​ខ្លាំង ដោយ​សារ​តែ​ប្រទេស​នេះ​យកចិត្ត​ទុកដាក់​ទៅលើ​ប្រយោជន៍​ជាតិ​របស់ខ្លួន​ជាធំ ជាជាង​ការជួយ​ដល់​មី​យ៉ាន់​ម៉ា​។ ដំបូង​ឡើយ ចិន​បាន​ផ្លាស់ប្ដូរ​គោលជំហរ​ដោយពេល​ខ្លះ​គាំទ្រ​របប​យោធា និង​ពេលខ្លះ​គាំទ្រ​ចលនា​ជនជាតិភាគតិច ប៉ុន្តែ​ឥឡូវនេះ ចិន​ហាក់​ចង់​ការពារ​ការវិនិយោគ​របស់ខ្លួន​ច្រើនជាង និង​ព្យាយាម​ចៀស​បញ្ហា​តាម​ដែល​អាចធ្វើ​ទៅបាន​។

​សារព័ត៌មាន​ខាងលើ​បាន​រំលេច​ថា កន្លងមក ចិន​តែងតែ​រិះគន់​បណ្ដា​ប្រទេស​លោកខាងលិច​ពី​ការជ្រៀតជ្រែក​ផ្ទៃក្នុង​ប្រទេស​ដទៃ ប៉ុន្តែ​ចិន​និង​រុស្ស៊ី​ក៏​តែងតែ​លូកដៃ​ចូលក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់ខ្លួន​។ នេះ​គឺជា​រឿង​ដែល​មិន​សម​ហេតុផល ជាពិសេស​សម្រាប់​ចិន​ដែលជា​ប្រទេស​មហាអំណាច​ពិភពលោក​មួយ​ដ៏​មាន​ឥទ្ធិពល​។

​ស្ថានភាព​នៅ​កូរ៉េខាងជើង​ដែល​ចិន​កំពុងមាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ប្រទេស​កុម្មុយនីស្ត​នេះ ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ដ៏​ស្មុគស្មាញ​ស្រដៀង​គ្នា​មិន​ចាញ់​នឹង​មី​យ៉ាន់​ម៉ា​ផងដែរ​៕