រដ្ឋមន្ត្រីការបរទេស​អាមេរិក​ លោក ​អាន់​តូ​នី ប្ល៊ី​ន​កែន (Antony Blinken) នៅថ្ងៃទី៥ ខែកុម្ភៈ ២០២៤​ នេះ បាន​ជួប​ជា មួយ​រា​ជ្ជ​ទាយាទ​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ​ព្រះអង្គម្ចាស់ Mohammed bin Salman។ ​ជំនួប​នេះ​ ធ្វើឡើង​មុនគេ​បង្អស់​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​របស់លោក ​ប្ល៊ី​ន​កែន។

យ៉ាងណាមិញ​គោលបំណង​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​ របស់​មន្ត្រី​ការបរទេស​អាមេរិក ​នា​ពេលនេះ​គឺ​ដើម្បី​ផ្សះផ្សា​និង​ចរចា​រក​បទ​ឈប់​បាញ់​ថ្មី​មួយទៀត​ សម្រាប់​សង្គ្រាម​អ៊ីស្រាអែល-ហា​ម៉ាស់។

នៅ​តំបន់​ហ្គា​ហ្សា​ឯណោះ​វិញ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ ដែល​កំពុង​គេចខ្លួន​ពី​ការទម្លាក់​គ្រាប់បែក​បាន​និយាយថា​ពួកគេ​ដាក់​ក្ដី​សង្ឃឹមលើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ប្ល៊ី​ន​កែន​ ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​ថា​ នឹង​អាច​រកបាន​បទ​ឈប់​បាញ់​ឱ្យបាន​ទាន់ពេលវេលា​ដើម្បី​ផ្ដល់ឱកាស​ឱ្យ​ប្រជាជន​ស៊ីវិល​ទាំង​ប៉ុន្មាន​អាច​ភៀសខ្លួន​ចេញ​មុន​ពេលដែល​អ៊ីស្រាអែល​វាយលុក​តំបន់​ចុងក្រោយ​នោះ។


ដោយឡែក​ជំនួប​របស់លោក ​ប្ល៊ី​ន​កែន​ ជាមួយ​រា​ជ្ជ​ទាយាទ​អារ៉ាប៊ីសាអ៊ូឌីត​ កាលពីពេល​កន្លងទៅ ​មាន​រយៈពេល​ប្រហែល ២ម៉ោង។ប៉ុន្តែ​យ៉ាងណា​លោក​ប្ល៊ី​ន​កែន​មិនបាន​ឆ្លើយតប​នឹង​សំណួរ​ដែល​របស់​អ្នកកាសែត​អំពី​លទ្ធផល​នៃ​ជំនួប​នោះទេ។

ក្រៅពី​ជំនួប​ជាមួយ​រា​ជ្ជ​ទាយាទ​របស់​អារ៉ាប៊ីសាអ៊ូឌីត ​លោក ​ប្ល៊ី​ន ​កែន​ ក៏​គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​កាតា​អ៊ីស្រាអែល​ និង​តំបន់ West Bank ដែលជា​តំបន់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អ៊ីស្រាអែល​ក្រោយ​ផ្ទុះ​សង្គ្រាម​ស្រដៀង​នឹង​តំបន់​ហ្គា​ហ្សា។


ជំនួប​ជាមួយ​ប្រទេស​ទាំងនេះ​ អាមេរិក ​ក៏​នៅតែ​រក្សា​គោលបំណង​ដដែល​គឺ​ស្វែងរក​បទ​ឈប់​បាញ់។ ប៉ុន្តែ​គេ​អាច​នឹងមាន​សង្ឃឹម​វិញ​បន្តិច​ព្រោះ​ប្រទេស​អេ​ហ្ស៊ី​ប​ និង​កាតា​ នេះហើយ​ ដែលជា​អ្នកចរចា​រកបាន​បទ​ឈប់​បាញ់​ចំនួន៣ដង​កាលពី​ចុងខែ​វិច្ឆិកា​ ឆ្នាំ២០២៣ កន្លងទៅ។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី៥ ហើយ​របស់​មន្ត្រី​ការបរទេស​អាមេរិក​ ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​ ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​កាលពី​ខែតុលា​ឆ្នាំ២០២៣ មក។ ជម្លោះ​នេះ​ មិន​ត្រឹមតែ​ជា​ជម្លោះ​ឯកតោភាគី​រវាង​អ៊ីស្រាអែល​ និង​ក្រុម​ហា​ម៉ាស់ ប៉ុណ្ណោះ​ទេ​តែ​ក៏បាន​រីកសាយ​ភាយ​ពាសពេញ​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល​និង​ឈានទៅ​ជះឥទ្ធិពល​រហូតដល់​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ទៀតផង។

មិន​ត្រឹមតែ​ប៉ុណ្ណោះថ្មីៗនេះ ក្រុម​ឧទ្ទាម​ដែលជា​សម្ព័ន្ធមិត្ត​របស់​ប្រទេស​អ៊ីរ៉ង់​ ក៏បាន​ធ្វើឱ្យប៉ះពាល់​ដល់​អាយុជីវិត​ទាហាន​អាមេរិក​ ដែលនាំឱ្យ​ប្រទេស​មហាអំណាច​មួយ​នេះ ​ប្ដេជ្ញា​តបស្នង​វិញ​ដោយ​មិន​ញញើត​ដៃ​ផងដែរ។

បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល ​និង​ហា​ម៉ាស់​ កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា​ ដល់​ថ្ងៃទី១ ខែធ្នូ​ កន្លង​ទៅ បាន​អនុញ្ញាតឱ្យ​មានការ​ដោះលែង​ចំណាប់ខ្មាំង​អ៊ីស្រាអែល ​បាន ៨០ នាក់​​ និង​ចំណាប់ខ្មាំង​ប៉ា​ឡេ​ស្ទី​ន​ចំនួន ២៤០ នាក់។ ប៉ុន្តែ​យ៉ាងណា​កិច្ចព្រមព្រៀង​នេះ​ហាក់​មាន​ភាពផុយស្រួយ​ខ្លាំង​ដោយ​កាលណោះ​គ្រាន់តែ​ចប់​កិច្ចព្រមព្រៀង​ភ្លាម​អ៊ីស្រាអែល-ហា​ម៉ាស់​បានចាប់ផ្ដើម​ការប្រយុទ្ធ​គ្នាភ្លាមៗតែម្ដង៕