រដ្ឋមន្ត្រី​ក្រសួងការបរទេស​សិង្ហ​បុរី លោក វី​វាន បា​ឡា​គ្រិសណាន់ (Vivian Balakrishnan) បានលើកឡើង​កាលពី​ថ្ងៃ​ចន្ទ​ថា ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រទេស​សិង្ហ​បុរី​ជាមួយ​ប្រទេស​ចិន នៅ​តែ​​​បន្ត​មាន​ដដែល បើទោះជា​ចិន​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​សារ​អបអរសាទរ​របស់​​សិង្ហ​បុរី​ទៅកាន់​លោក វីលៀម ឡៃ​ ឈិង-​តេ (William Lai Ching-te) ដែលជា​មេដឹកនាំ ១ រូប​របស់​តៃវ៉ាន់។


ជាការ​ឆ្លើយតប​នឹង​សំណួរ​របស់​សមាជិកសភា លោក ដេ​នី​ស តាន់ (Dennis Tan) អំពី​ទំនាក់ទំនង​ទ្វេភាគី លោក​បណ្ឌិត បា​ឡា​គ្រិស​ណាន់ បានបញ្ជាក់​ជា​លាយលក្ខណ៍អក្សរ​ថា «ភាគី​ចិន ​បានមក​ជួប​ភាគី​សិង្ហ​បុរី ហើយ​យើង​បានបញ្ជាក់​ឡើងវិញ​ពី​គោលជំហរ​មិត្តភាព​យូរអង្វែង និង​ប្រកាន់ខ្ជាប់​គោលនយោបាយ ចិន​តែមួយ»។

លោក​បាន​បន្តថា៖ «ទំនាក់ទំនង​ដ៏​រឹងមាំ​របស់​យើង​ជាមួយ​ប្រទេស​ចិន​មិនមាន​អ្វី​ប្រែប្រួល​ទេ ហើយ​ការប្រាស្រ័យ​ទាក់ទង​របស់​យើង​ជាមួយ​ប្រទេស​ចិន ក៏បាន​បន្ត​ទៅមុខ​យ៉ាង​រលូន​ផងដែរ»។ 


កាលពី​ថ្ងៃទី ១៤ ខែមករា ​កន្លងទៅ ប្រទេស​សិង្ហ​បុរី​ បាន​អបអរសាទរ​ ចំពោះ​លោក​បណ្ឌិត ឡៃ​ ដែល​បាន​ជាប់ឆ្នោត​ជា​ប្រធាន​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP) នៅ​តៃវ៉ាន់។


ក្រសួងការបរទេស​សិ​ង្ហ​បុរី (MFA) បានឱ្យដឹងថា សិង្ហ​បុរី​នៅតែ​បន្ត​រក្សា​មិត្តភាព​ដ៏​រឹងមាំ និង​យូរអង្វែង​ជាមួយ​តៃវ៉ាន់ និង​ប្រជាជន​តៃវ៉ាន់។ សិង្ហ​បុរី​នឹង​បង្កើន​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ដោយ​ប្រកាន់ខ្ជាប់​គោលនយោបាយចិន​តែមួយ។


អ្នកនាំពាក្យ​ក្រសួងការបរទេស​សិង្ហ​បុរី ក៏បាន​បញ្ជាក់​ពី​ការគាំទ្រ​យ៉ាង​ខ្ជាប់ខ្ជួន​របស់​សិង្ហ​បុរី ចំពោះ​ការវិវឌ្ឍ​ប្រកបដោយ​សុខសន្តិភាព​នៅ​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់។

លោក​បណ្ឌិត ឡៃ ​ដែល​ធ្លាប់ជា​អតីត​អភិបាលក្រុង ថៃ​ណាន (Tainan) ត្រូវបាន​គេ​ស្គាល់​ថា​ ជា​មេដឹកនាំ​ដែល​តែងតែ​ទាមទារ​ចង់បាន​ឯករាជ្យ​ឱ្យ​តៃវ៉ាន់។ យ៉ាងណាមិញ ក្រុម​អ្នកប្រឆាំង និង​អ្នក​រិះគន់​មួយចំនួន​ បាន​អះអាងថា ការបោះឆ្នោត​គាំទ្រ​លោក អាច​នឹង​បង្ក​ហានិភ័យ​ដល់​តៃវ៉ាន់ និង​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិភាព​ជាមួយ​ចិន។

យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីន​ហួ (Xinhua) បានឱ្យដឹងថា ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ទីក្រុង​ប៉េកាំង​បានបញ្ជាក់​ថាបើ​ទោះបី​ជាល​ទ្ធ​ផល​នៃ​ការបោះឆ្នោត​យ៉ាងណាក៏ដោយ​ក៏​មិនអាច​រារាំង ​និន្នាការ​បង្រួបបង្រួម​របស់​ចិន​ឡើងវិញ​បានឡើយ។

ប្រទេស​ចិន ​បាន​រិះគន់​ប្រទេស​នានា រួមទាំង​សិង្ហ​បុរី សហរដ្ឋអាមេរិក ជប៉ុន និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​មួយចំនួន ដែល​ពួកគេ​បានចេញ​សារ​អបអរសាទរ​ចំពោះ​ជ័យជម្នះ​របស់លោក ឡៃ។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ម៉ៅ នី​ង បាន​លើកឡើងថា ប្រទេស​ចិន​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សារ​អបអរសាទរ​របស់​សិ​ង្ហ​បុរី។ លោកស្រី​បាន​បន្ថែមថា មេដឹកនាំ​សិង្ហ​បុរី​ធ្លាប់បាន​ថ្លែង​បញ្ជាក់​ជាច្រើន​ដង​ថា បញ្ហា​តៃវ៉ាន់​ជា​បន្ទាត់​ក្រហម​ដ៏​សំខាន់​សម្រាប់​ប្រទេស​ចិន។

លោកស្រី​បាន​សង្កត់ធ្ងន់ថា៖«ប្រទេស​ចិន​ កោតសរសើរ​ចំពោះ​សេចក្តីថ្លែងការណ៍​នេះ ហើយ​រំពឹងថា ​សិង្ហ​បុរី​នឹង​ប្រកាន់ខ្ជាប់​គោលការណ៍​ចិន​តែមួយ និង​បន្ត​ជំរុញ​ឱ្យ​សិង្ហ​បុរី​រក្សា​ទំនាក់ទំនង​ប្រកបដោយ​មិត្តភាព​ល្អជា​មួយ​ចិន​តាមរយៈ​សកម្ម​ភាពជា​ក់​ស្តែង»៕