តុលាការ​ថៃ​បានសម្រេច​​ផ្តន្ទារ​ទោស​ដោយ​ការ​ព្យួរទោស​ លោក ភិ​ថា លីម​ចា​រើ​ន​រ៉ាត់ (Pita Limjaroenrat) អតីត​បេក្ខជន​នាយករដ្ឋមន្ត្រី និង​ជា​អតីត​មេ​ដឹក​គណបក្ស​ឈានទៅ​មុខ (Move Forward Party) និង​ឥស្សរជន​នយោបាយ​ចំនួន ៧ រូប​ផ្សេងទៀត​ពីបទ​រៀប​ចំការ​បាតុក​ម្ម​ខុសច្បាប់​កាលពី​ឆ្នាំ ២០១៩។


គណបក្ស​ឈានទៅ​មុខ​ដែល​កំពុង​ដើរតួ​ជា​គណបក្សប្រឆាំង​នៅក្នុង​សភា កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ផ្លូវច្បាប់​កាន់តែច្រើន ខណៈដែល​សំណុំរឿង​តុលាការ​កាន់តែ​កើន​ឡើងជា​បន្តបន្ទាប់។ ជាក់ស្ដែង តុលាការ​ធម្មនុញ្ញ​ថៃ​បានសម្រេច​ថា គណបក្ស​នេះ​បានធ្វើឱ្យ​ខូចខាត​ដល់​គុណ​តម្លៃ​របបរាជានិយម និង​សន្តិសុខ​ជាតិ តាមរយៈ​ការធ្វើ​យុទ្ធនា​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ព្រះមហាក្សត្រ និង​រាជវង្សានុវង្ស​ពី​ការរិះគន់។

តុលាការ​ស្រុក​ប៉ា​ធុម​វ៉ាន់ (Pathumwan) នៅ​ទីក្រុង​បាងកក​បាន​កាត់ទោស​ស​មា​ជិ​កសំខាន់ៗចំនួន ៦ រូប​ មកពី​គណបក្ស​ឈានទៅ​មុខ​និង​សកម្មជន ២ រូប​ទៀត ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៤ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១១ ២០០ បាត​ថៃ​ស្មើនឹង ៣១៣ ដុល្លារ​សហរដ្ឋអាមេរិក នេះ​បើ​យោងតាម​មេធាវី លោក គ្រី​សា​ដាង នូ​ឆា​រូស (KrisadangNutcharus)។


លោក​មេធាវី​បានឱ្យដឹងថា ការចោទប្រកាន់​នេះ​កើតចេញពី​ការតវ៉ា​ដែល​ពួកគេ​បានរៀបចំ​ធ្វើបាតុកម្ម​កាលពី​ខែធ្នូ ឆ្នាំ ២០១៩ នៅ​ទីក្រុង​បាងកក ដែលមាន​ការចូលរួម​ពី​អ្នកគាំទ្រ​រាប់ពាន់នាក់។


លោក​មេធាវី​ខាងលើ​បាន​បញ្ជាក់ថា មនុស្ស​ចំនួន ៨ រូប ក្នុងនោះ​ក៏មាន​នាយក​ប្រតិបត្តិ​ធុរកិច្ច​ដ៏​ល្បីល្បាញ លោក​ថា​ណា​ថន ចួ​ង​រូង​រួ​ង​គិត (Thanathorn Juangroongruangkit) និង​សមាជិកសភា លោក ពី​យ៉ា​ប៊ុត សែង​កា​ណូ​គុល (PiyabutrSaengkanokkul) មានបំណង​បន្ត​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្ដីសម្រេច​សាលក្រម​នេះ។


ប្រសិនបើ​បណ្តឹងឧទ្ធរណ៍​របស់លោក ភិ​ថា មិនអាច​ទទួលបាន​ជោគជ័យ ហើយ​តុលាការ​តម្កល់​សាលក្រម នោះ​លោក​អាច​នឹង​ប្រឈមមុខ​នឹង​ការដក​សិទ្ធិ​ចេញពី​សភា ព្រោះ​ច្បាប់​នៅ​ប្រទេស​ថៃ​មានការ​ហាមប្រាម​បុគ្គល​ដែល​ត្រូវបាន​កាត់ទោស​ពីបទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​មិន​ឱ្យមាន​អាសនៈ​នៅក្នុង​សភា។

ម្យ៉ាងវិញទៀត គណបក្សប្រឆាំង​មួយ​នេះ​កំពុង​ស្ថិតនៅ​ក្នុងស្ថានភាព​ពិបាក​ដែល​អាច​ឈានដល់​ការរំលាយ ហើយ​មេដឹកនាំ​របស់ខ្លួន​អាច​ត្រូវបាន​រារាំង​មិនឱ្យ​ធ្វើ​នយោបាយ ដោយសារតែ​បញ្ហា​ប្រឈម​ផ្លូវច្បាប់​ថ្មី​បន្ទាប់ពី​សេចក្តីសម្រេច​របស់​តុលាការ​ធម្មនុញ្ញ។ 

គណបក្ស​ឈានទៅ​មុខ​ដែលជា​គណបក្ស​ធំជាងគេ​នៅក្នុង​សភា មាន​ភាព​លេចធ្លោ​ខ្លាំង ដោយបាន​ទទួលបាន​ជ័យជម្នះ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៅក្នុង​ការបោះឆ្នោត​កាលពី​ឆ្នាំមុន។ គណបក្ស​នេះ​បាន​ផ្ដោតលើ​របៀបវារៈ​នយោបាយ​លុបបំបាត់​ភាពផ្តាច់មុខ​អាជីវកម្ម និង​កាត់បន្ថយ​ឥទ្ធិពល​រប​ស់​យោធា​នៅក្នុង​នយោបាយ​ថៃ។

គំនិត​សេរីនិយម​របស់​គណបក្ស និង​ការគាំទ្រ​ខ្លាំង​ពី​អ្នកបោះឆ្នោត​វ័យក្មេង​នៅតាម​បណ្ដា​ទីក្រុង​នានា បាន​បង្កឱ្យមាន​ការផ្លាស់​ប្ដូរ​សណ្តាប់ធ្នាប់​សង្គម​នយោបាយ​ថៃ​ដែល​ធ្លាប់មាន​កន្លងមក។ យ៉ាងណាក៏ដោយ កាលពី​ឆ្នាំមុន ការព្យាយាម​បង្កើត​រដ្ឋាភិបាល​របស់​គណបក្ស​ឈានទៅ​មុខ បាន​បរាជ័យ​ដោយមាន​ការរារាំង​ពី​សមាជិក​ព្រឹទ្ធសភា​ដែល​ត្រូវបានតែងតាំង​ដោយ​របប​យោធា និង​ជា​ក្រុម​អភិរក្សនិយម៕