គណៈកម្មការអ៊ឺរ៉ុប​ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេចនា​ថ្ងៃ​អង្គារ​នេះ​​ ដើម្បី​ចេញ​​អនុសាសន៍​ស្ដី​ពី​ការ​​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​​​របស់​សហភាព​អឺរ៉ុប (EU)​ ឱ្យ​បាន​រហូត​ដល់​ ៩០ ភាគ​រយ​ នៅ​ត្រឹម​ឆ្នាំ​ ២០​៤០​ ដែល​ជា​គោល​ដៅ​ចម្បង​ដើម្បី​ប្រយុទ្ធ​ប្រឆាំ​ង​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។ ​


ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​​ បាន​រាយការណ៍​ថា​ សេចក្ដី​​ព្រាង​នៃ​អនុសាសន៍ ​របស់​គណៈ​កម្មការ​​ប្លុក​អឺរ៉ុប​ដែល​មាន​២៧​ប្រទេស​​​ ប​ង្ហា​ញ​ថា​ ​សហភាព​អឺរ៉ុបនឹង​គាំទ្រ​ដល់​គោលដៅ​​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​​ ៩០ ភាគរយ​ បើ​​ធៀប​​នឹង​​កម្រិត​នៃ​ការ​បំ​ភាយ​​​​ឆ្នាំ​​ ១៩៩០​​។  ​​

គោល​ដៅ​ឆ្នាំ​ ២០៤០​​ មាន​គោល​បំណង​រក្សា​បណ្តា​រដ្ឋ​សមាជិក​​ ឱ្យ​បន្តស្ថិត​​​នៅ​លើ​​ផ្លូវ​​នៃ​​គោល​ដៅ​អា​កាសធាតុ​ឆ្នាំ​ ២០៣០​​​ដែល​មាន​ស្រាប់​​​ និង​គោលដៅ​រយៈ​ពេល​វែង​របស់​ EU​ ដើម្បី​​​ឆ្ពោះ​ទៅ​​រក​ការ​បំភា​យ​ឧស្ម័ន​​ផ្ទះ​កញ្ចក់​សុទ្ធ​​នៅ​ឆ្នាំ​២០៥០​​ហើយ​បញ្ចប់​ការ​រួម​ចំណែកក្នុង​ការ​ប្រែ​ប្រួល​​អាកាស​ធាតុ​របស់​ប្លុ​ក​​នេះ​​។ 


ការផ្ដល់​​អនុសាសន៍​នេះ​ នឹង​ធ្វើ​ឡើង​ចំ​ពេល​ដែល​​មាន​ការតវ៉ា​របស់​កសិករ​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​ និង​ការ​ប្រឆាំង​​​​ផ្នែក​នយោបាយ​លើ​ច្បាប់​ស្ដី​ពី​បរិស្ថាន​​​​មួយ​ចំនួន​របស់​​សហភាព​​អឺរ៉ុប​ ខណៈ​​ផែនការ​នេះ​ ​​ត្រូវ​បាន​កំណត់ថា​នឹង​​​​ផ្តោត​លើ​ការ​រក្សា​ការ​គាំទ្រ​​ពី​​សាធារណៈ ​និង​ឧស្សាហកម្ម​អឺរ៉ុប​។


សេចក្តី​ព្រាង​អនុសាសន៍ដែល​រ៉យទ័រ​បាន​ឃើញ​ និង​មិន​ទាន់​បាន​ចេញ​ផ្សាយ​នៅ​ឡើយ​នោះ​ ​​បាន​និយា​យ​ថា​​៖ «​ដើម្បី​ឱ្យ​​​កិច្ច​ព្រម​ព្រៀង​បរិស្ថាន​​អឺរ៉ុប​ អាច​បន្ត​ទៅ​ដល់​​រហូត​ដ​ល់​ឆ្នាំ​ ២០៤០​​ ការ​ផ្តោត​អារម្មណ៍​បន្ថែម ​នឹង​ក្លាយ​​​ជា​តម្រូវ​ការ​​​​​​លើ​​​លក្ខខណ្ឌ​អនុញ្ញាតដើម្បី​ឱ្យ​​​​អាជីវកម្ម​ និង​ប្រជាពលរដ្ឋ​ ​​ធ្វើ​ជា​ម្ចាស់​នៃ​ការ​ផ្លាស់​ប្តូរ​»​។ សេចក្ដី​ព្រាង​បន្ត​ថា​៖ ​«​សកម្មភាព​អាកាសធាតុ​ ត្រូវ​តែ​ទទួល​យក​ដោយ​មនុស្ស​គ្រប់​គ្នា​»​។


រ៉យទ័រ​ផ្សាយ​ថា​ សំណើ​​នៅ​​ថ្ងៃ​អង្គារ​នេះ​ នឹ​ង​បង្កើត​ឱ្យ​មាន​​ការ​ជជែក​ដេញ​ដោល​ន​យោបា​យ​លើ​គោលដៅ​ ប៉ុន្តែ​វា​​ក៏​នឹង​អាស្រ័យ​ទៅ​លើ​គណៈកម្មការ​សហភាព​អឺរ៉ុប​ថ្មី​ ដែល​នឹង​បង្កើត​ឡើង​​ក្រោយ​​ពី​ការ​បោះ​ឆ្នោត​របស់​ប្លុក​នេះ​នៅ​​ខែ​មិថុនា​ ដើម្បី​ធ្វើ​សំណើ​ផ្នែក​ច្បាប់​ចុង​ក្រោយ​។

គេ​មើល​ឃើញ​ថា​ របៀប​វារៈ​អាកាស​ធាតុ​របស់​អឺរ៉ុប​ កំពុង​ឈាន​ចូល​ដំណាក់​កាល​នយោបាយ​ដ៏​លំបាក​មួ​យ​ ដោយ​សា​រ​វា​ចាប់​ផ្តើម​ប៉ះ​វិស័យ​សំខាន់​ៗ​ ដូច​ជា​វិស័យ​​​កសិកម្ម​ ​​​និង​ឧស្សាហកម្ម​ប្រពៃណី​ ដែល​ប្រ​ឈ​ម​​នឹង​ការ​ប្រកួ​ត​ប្រជែង​បច្ចេកវិទ្យា​ «ដែល​ល្អ​សម្រាប់​បរិស្ថាន​» ​​ពី​ប្រទេស​ចិន​។​

​សេចក្តី​ព្រាង​អនុសាសន៍​​ ​បាន​និយាយ​ថា​វិស័យ​កសិកម្ម​នឹង​ត្រូវ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូនិក​ ៣​០​ភាគរយ​​នៅ​ឆ្នាំ​ ២០៤០​ ​ពី​កម្រិត​នៃ​ការ​បំភាយ​ឆ្នាំ​ ២០១៥​​​ ប៉ុន្តែ​មន្ត្រី​សហភាព​អឺរ៉ុប ​កាល​ពី​ថ្ងៃ​ច​ន្ទ​ បាន​បង្ហាញ​ថា​ការ​ដាក់​គោលដៅ​នេះ​លើ​​វិស័យ​ដែល​មាន​ភាព​តាន​តឹង​ផ្នែក​នយោបាយ​ ​អាច​នឹង​ត្រូវ​លុប​ចោ​ល​​នៅ​ក្នុង​ឯកសារ​សម្រេច​ចុង​ក្រោយ​។

​ឯកសារ​ទី​២​ របស់​ EU ​ដែល​នឹង​ចេញ​​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ផង​ដែរ​នោះ​ នឹង​បង្ហាញ​ពី​ផែនការ​ចាប់​យក​ និង​រក្សា​ទុក​ការ​បំភាយ​ឧស្ម័ន​​កាបូនិក​​រាប់​រយ​លាន​តោន​នៅ​ឆ្នាំ​ ២០៥០​​ ដែល​នេះ ​គឺ​​ជា​ផ្នែក​មួយ​ក្នុង​ចំណោ​ម​ផ្នែក​ជា​ច្រើន​ ដែល​ទាមទារ​ការ​វិនិយោគ​ដ៏​ធំ​នៅ​ក្នុង​វិស័យ​បច្ចេកវិ​ទ្យា​ថ្មី​។​

​គោលដៅ​ឆ្នាំ​២០៤០ ​​នឹង​ផ្លាស់​ប្តូរ​ថាមពល​ចម្រុះ​របស់​អឺរ៉ុប​ ដោយ​​​ថាមពលចេញ​ពី​​ធ្យូង​​នឹង​ត្រូវ​កាត់​ចេ​ញ​ហើយ​ការ​ប្រើ​ប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​ទាំង​មូល​ត្រូវ​​កាត់​បន្ថយ​ ៨០ភាគរយ​ រួច​ជំនួស​ឡើង​វិញ​ដោយ​ថាម​ពល​កកើត​វិញ​ និង​នុយក្លេអ៊ែរ​។ ​​

​សហភាព​អឺរ៉ុប​ បាន​​កាត់​​បន្ថយ​​កា​រ​​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​ខ្លួន​ ចំនួន​ ៣០ ភាគរយ​ក្នុង​ឆ្នាំ​ ២០២២ ពី​កម្រិត​បំភាយ​ក្នុង​ឆ្នាំ​ ១៩៩០៕