រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល បានបង្ហាញ​​គម្រោង​​​ផែនការ​មួយ ដើម្បី​ប្រែក្លាយ​ឃ្លាំង​ថែទាំ​រថភ្លើង​ ដែល​គេ​បោះបង់ចោល​នៅ​កណ្តាល​ទីក្រុងយ៉ុងសាន (Yongsan) ទៅជា​​តំបន់​​ពាណិជ្ជកម្ម​អន្តរជាតិ ដោយមាន​ការសាងសង់​អគារខ្ពស់​កប់ពពក​​ដែល​មាន​​កម្ពស់​រហូត​​ ១០០ ​​ជាន់ និង​ផ្លូវ​​​លើ​អាកាស​​​ត​ភ្ជាប់​អគារខ្ពស់ៗនៅ​ទីនោះ​ធ្វើជា​ចំណុចកណ្តាល។

​យោង​កា​រផ្សាយ​របស់ Korea Herald នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី៥​ខែកុម្ភៈ អភិបាលក្រុង​សេ​អ៊ូ​ល លោក Oh Se-hoon បាន​និយាយថា រដ្ឋាភិបាល​នឹង​ប្រែក្លាយ​តំបន់​ដី​ដែល​មិនបាន​ប្រើប្រាស់​នៅ​ជិត​ស្ថានីយ៍ យ៉ុងសាន ទៅជា «សង្កាត់​​ពាណិជ្ជកម្ម​​អន្តរជាតិ ជា​មជ្ឈមណ្ឌល​ថ្មី​សម្រាប់​ការប្រកួតប្រជែង​ទីក្រុង​សកល និង​ការច្នៃប្រឌិត​បច្ចេកវិទ្យា»។


នៅ​ក្រោម​​ផែនការ​​នេះ​ រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​​នឹង​​អភិវឌ្ឍ​ផ្ទៃដី​ប្រហែល ៥០ ម៉ឺន​ ម៉ែត្រការ៉េ ទៅជា​ទីក្រុងដ៏«ស្កឹមស្កៃ​»ដ៏​ធំ​បំផុត​របស់​ពិភពលោក ជាមួយនឹង​កន្លែង​បៃតង​យ៉ាង​ទូលំ​ទូលាយ។

លោក​អភិបាល​ក្រុង​ បាន​សង្កត់ធ្ងន់ថា៖«មិនមាន​ករណី​នៃ​ផែនការអភិវឌ្ឍន៍​លើ​ទំហំ​នេះ​ទេ ក្នុងចំណោម​ទីក្រុងធំៗរបស់​ពិភពលោក»។ វា​បាន​និយាយថា​ សង្កាត់​​នោះ​នឹង​មាន​​ទំហំ​ប្រហែល ៤,៤​ ដង​នៃ​តំបន់​ Hudson Yards ដែលជា​កន្លែង​អភិវឌ្ឍន៍​ចម្រុះ​ដ៏​ធំ​បំផុត​របស់​ញូវ​យ៉ក។


​សង្កាត់​ពាណិជ្ជកម្ម​នេះ​គ្រោង​នឹង​សាងសង់​នៅ​ឆ្នាំ២០៣០ ដូច្នេះ​អាជីវកម្ម​នឹង​ចាប់ផ្តើម​ផ្លាស់​ទី​ទៅក្នុង​ទីប្រជុំជន​នាពេល​អនាគត​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ២០៣០​។ ការ​សាងសង់​នឹង​ចាប់​ផ្តើម​នៅ​​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ២០២៥​។ សង្កាត់​នោះ​នឹង​កើតជា​ថ្មី​ជា «ទីក្រុង​​ប្រមូល​ផ្តុំ» ជាមួយ​នឹង​​តំបន់​ទី​ក្រុង​ដែល​រួមបញ្ចូល​គ្នា​នូវ​មុខងារ​ជាច្រើន​ដូចជា​ការងារ ការ​លំហែ និង​លំនៅឋាន​ ដែល​អាច​ដើរ​បាន។

លោក​បាន​បន្តថា ផែនការ​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​កាន់តែ​​ធំ​ទូលាយ​ដើម្បី​ធ្វើឱ្យ​ទីក្រុង​កាន់​តែមាន​ភាពងាយស្រួល​សម្រាប់​អ្នក​ថ្មើរជើង។ ការិយាល័យ​របស់លោក​បាន​បន្ថែមថា ដោយ​អាស្រ័យ​លើ​គោលបំណង​ដែល​បាន​គ្រោងទុក តំបន់​នោះ​​នឹងត្រូវ​បែងចែក​ជា​បី​តំបន់​គឺ ​ធុរកិច្ច​អន្តរជាតិ បរិវេណធុរកិច្ច​​ និង​ការគាំទ្រ​ធុរកិច្ច​។

ទីក្រុង​នេះ​មាន​គោលបំណង​សាងសង់​អគារ​ខ្ពស់១០០​ជាន់ ដោយ​អភិបាលក្រុង​បាន​និយាយថា វា​នឹង​ក្លាយជា​កន្លែង​សម្គាល់​របស់​ទីក្រុង​សេ​អ៊ូ​ល។ ដល់ទី​បញ្ចប់​នេះ រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​គ្រោង​នឹង​អនុញ្ញាត​ឱ្យមាន​សមាមាត្រ​ផ្ទៃ​ជាន់ ១៧០០​ភាគរយ ដែលជា​សមាមាត្រ​អតិបរមា​នៅក្រោម​ច្បាប់​បច្ចុប្បន្ន។ អគារ​ខ្ពស់​នេះ​នឹងមាន​កន្លែង​កម្សាន្ត​នៅ​ជាន់​ខាងលើ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ដូចជា កន្លែង​សង្កេត និង​ជិះ​កម្សាន្ត​ជាដើម៕​