ខណៈពេល​ប្រទេស​ប៉ា​គី​ស្ថាន​ នឹង​រៀបចំ​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅ​ថ្ងៃទី​ ៨ ខែកុម្ភៈ​នេះ និង​ដែលមាន​ប្រជាជន ​១២៨​ លាន​នាក់​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​គណបក្ស​ចុះ​ឈ្មោះ​រហូតដល់​ ១៦៧ អំពើហិង្សា​បាន​ផ្ទុះ​ឡើងជា​ញឹកញាប់ ដែល​តម្រូវឱ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​។​


​ការបោះឆ្នោត​នៅ​ប្រទេស​ប៉ា​គី​ស្ថាន ​ដែល​គ្មាន​វត្តមាន​អតីត​នាយករដ្ឋមន្ត្រី​ដ៏​មាន​ប្រជាប្រិយ​ដែល​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​ត្រូវបាន​បណ្តេញ​ចេញពី​អំណាច​ក្នុង​ឆ្នាំ​ ២០២២ និង​ទើបត្រូវ​តុលាការ​កាត់ទោស​ជាប់ពន្ធនាគារ​រហូតដល់ ១០​ ឆ្នាំ​។​

​អាជ្ញាធរ​ប៉ា​គី​ស្ថាន​ បាន​និយាយថា ក្រុម​សកម្មប្រយុទ្ធ​ប្រដាប់​ដោយ​គ្រាប់​​រ៉ុក្កែត កាំភ្លើង និង​គ្រាប់បែកដៃ​បាន​វាយប្រហារ​ប៉ុស្តិ៍​ប៉ូលិស​មួយកន្លែង​នៅក្នុង​អតីត​បន្ទាយ​ដ៏​រឹងមាំ​របស់​ពួក​តា​លី​បង់​ប៉ា​គី​ស្ថាន​ នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស មុន​ព្រឹក​ព្រលឹម​ថ្ងៃទី​ ៥ ខែកុម្ភៈ ដោយបាន​សម្លាប់​មន្ត្រី​ចំនួន ១០​ នាក់ ហើយ​រត់គេចខ្លួន​។​


​មន្ត្រីប៉ូលិស​នៅក្នុង​តំបន់ Draban របស់​ប្រទេស​ប៉ា​គី​ស្ថាន ក្នុង​ខេត្ត Khyber-Pakhtunkhwa បាន​និយាយថា នៅ​ម៉ោង​ប្រហែល ៣ ​ទៀប​ភ្លឺ ម៉ោង​ក្នុងស្រុក ក្រុម​សកម្មប្រយុទ្ធ​បានចាប់ផ្តើម​វាយប្រហារ​ប៉ុស្តិ៍​ប៉ូលិស​ជាមួយនឹង​ការបាញ់រះ ហើយ​បន្ទាប់មក​ចូលទៅក្នុង​អគារ​។


​ភ្លាមៗ​នេះ​គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា​ក្រុម​មួយណា​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ ហើយ​ថា​តើ​វា​ទាក់ទង​នឹង​ការបោះឆ្នោត​ឬ​អត់ ខណៈ​មន្ត្រីប៉ូលិស​ជាន់ខ្ពស់ លោក Anees-ul-Hassan បាន​និយាយថា កងកម្លាំង​កំពុងធ្វើការ​ស្វែងរក និង​ចាប់ខ្លួន​អ្នក​វាយប្រហារ​។​


​ការវាយប្រហារ​នេះ​បានកើត​ឡើង​មុន​ការបោះឆ្នោត​សភា​នៅ​សប្តាហ៍​នេះ និង​កើតឡើង ​២ ​ខែ​បន្ទាប់ពី​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដែល​បាន​បំផ្ទុះ​រថយន្ត​ផ្ទុក​សារធាតុ​ផ្ទុះ​នៅ​ខាងក្រៅ​ប៉ុស្តិ៍​ប៉ូលិស​ក្នុង​សង្កាត់​ដូចគ្នា ដោយបាន​សម្លាប់​ទាហាន​យ៉ាងហោចណាស់ ២៣ ​នាក់ និង​ ៣២​ នាក់​របួស​។​

​វា​ក៏បាន​កើតឡើង​ប្រហែល ១ ​សប្តាហ៍​បន្ទាប់ពី​ក្រុម​បះបោរ​បាន​វាយប្រហារ​ទៅលើ​កងកម្លាំង​សន្តិសុខ​នៅក្នុង​ខេត្ត Baluchistan ភាគ​និរតី ដោយបាន​សម្លាប់​មនុស្ស ៦​ នាក់​រួម​ទាំង​បុគ្គលិក​សន្តិសុខ ៤​ នាក់​ផងដែរ​។ យោធា​ក៏បាន​សម្លាប់​ពួក​បះបោរ ២៤ ​នាក់​ផងដែរ​កាលពី​សប្តាហ៍​មុន​។​

​ប្រទេស​ប៉ា​គី​ស្ថាន កំពុង​ប្រឈមមុខ​ខ្លាំង​នឹង​ការកើនឡើង​ការវាយប្រហារ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។ ភាគច្រើន​នៃ​ការ​វាយ​​ប្រហារ​បែបនេះ​ បាន​កើតឡើង​នៅក្នុង​ខេត្ត Khyber Pakhtunkhwa ជា​កន្លែង​ដែល​ពួក​សកម្មប្រយុទ្ធ បានសម្លាប់​មនុស្ស​យ៉ាងតិច ១០១​ នាក់ ដែល​ភាគច្រើន​ជា​មន្ត្រីប៉ូលិស​។​

​មន្ត្រី​រដ្ឋាភិបាល និង​គណបក្សនយោបាយ​ដែល​កំពុង​ចូលរួម​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​ ៨ ខែកុម្ភៈ បានត្រឹមតែ​ថ្កោលទោស​ការវាយប្រហារ​នេះ ខណៈ​អាជ្ញាធរ​បាន​និយាយថា ការបោះឆ្នោត​នឹងមិន​ត្រូវបាន​ពន្យារពេល​ដោយ​សារ​តែ​ការកើនឡើង​នៃ​ការ​វាយ​​ប្រហារ​ទាំងនេះ​ទេ​៕