ត្រី​បា​ឡែ​ន​ពិឃាត​​​ជាង​​ ១០ ក្បាល ត្រូវបាន​គេ​រាយការណ៍​ថាបាន​ជាប់​នៅក្នុង​​​​ផ្ទាំង​​ទឹកកក​ដ៏​ក្រាស់​មួយ​នៅឯ​ឆ្នេរសមុទ្រហុក​កៃ​ដូភាគ​ខាងជើង​ប្រទេស​ជប៉ុន ខណៈ​ដែល​​ក្រុមអ្នកស្រាវជ្រាវ​​​ព្យាករ​ថា វា​អាច​​​បាត់​បង់​ជីវិត​ដោយសារ​​​ស្ថានភាព​ទឹក​កក​កាន់តែ​កើន​ឡើង​​​នៅតំបន់​នោះ​។


​ត្រី​បា​ឡែ​ន​ពិឃាតឬ​​ហៅ​ម្យ៉ាង​ទៀតថាអ័​រកា (orcas) ត្រូវ​បាន​គេ​មើលឃើញថាកំពុង​តស៊ូ​ជម្នះ​ និង​លោត​ចេញពី​ចន្លោះ​តូច​មួយ​នៅផ្ទៃ​​​ខាង​លើ​​​ផ្ទៃ​​ទឹកនៅក្នុង​ឃ្លី​ប​ដែល​ចាក់ផ្សាយ​ដោយ​ទូរទស្សន៍​សាធារណៈ NHK កាលពី​ថ្ងៃទី ៦ ​ខែកុម្ភៈ។

លោក Seiichiro Tsuchiya ដែល​បាន​ថត​វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​ទំព័រហ្វេសប៊ុក​របស់Wildlife Pro LLC បាន​​ប្រាប់​ទូរទស្សន៍​ NHK ថា៖ «ខ្ញុំ​បានឃើញ​ត្រី​បា​ឡែ​ន​​ពិឃាតប្រហែល ១៣​ ក្បាល ​​ដែល​យក​​​​ក្បាល​របស់​វាបុក​​ចេញពី​រន្ធ​​ផ្ទៃ​​​ទឹកកក»។


អ្នកជំនាញ​ជីវិត​សមុទ្រ​ស្ថិតក្នុង​តំបន់​ធ្វើការ​ស្រាវជ្រាវ​លើ​ចំនួន​សត្វ​តោ​សមុទ្រ​ក្នុង​តំបន់​។


លោក Tsuchiya បាន​និយាយថា៖ «ត្រីបាឡែន​​ទាំង​នោះ​​ហាក់ដូចជា​ពិបាក​ដកដង្ហើមហើយ​វា​​ហាក់ដូចជា​ពួកវា​រួមបញ្ចូល​កូន​​ ៣ ឬ​ ៤ ផង»។


មន្ត្រី​ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​និយាយថា ពួកគេ​ត្រូវបាន​ជូនដំណឹង​ដោយ​អ្នកនេសាទ​ក្នុង​តំបន់​នៅ​ព្រឹក​ថ្ងៃទី ៦​ ខែកុម្ភៈ​ថា orcas ត្រូវបាន​ជាប់​នៅ​ចន្លោះ​ផ្ទាំង​ទឹកកក​ចេញពី​ទីក្រុង Rausu ភាគ​ខាង​កើត​កោះ​ហុក​កៃ​ដូ។ ផ្ទាំង​ទឹកកក​ គឺជា​ផ្ទាំង​ទឹកកក​អណ្តែត។

ទោះបីជា​យ៉ាងណាក៏ដោយមន្ត្រី​មកពី​​​​តំបន់​​ Rausu បាន​និយាយថាពួកគេ​គ្មាន​មធ្យោបាយ​ ដើម្បី​ជួយ​សង្គ្រោះ​សត្វ​ដែល​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ចម្ងាយ​ប្រហែល ១​ គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​​នោះទេ។

មន្ត្រី​ក្រុង​តំបន់ ​Rausu បាន​ប្រាប់ NHK ថា៖ ​«យើង​​គ្មាន​​​​ជម្រើសអ្វី​ក្រៅពី​រង់ចាំ​ឱ្យផ្ទាំង​ទឹកកក​បែកហើយ​ដើម្បីឱ្យ​ពួកវា​គេច​ចេញពី​ផ្លូវ​នោះ»។

មន្ត្រី​ឧតុនិយម​ក្នុង​តំបន់​ក៏បាន​និយាយ​ផងដែរ​ថាផ្ទាំង​ទឹកកក​​ប្រហែល​ជា​កាន់តែ​​ធំ​​ជាង​មុនខណៈដែល​ទឹក​​រលក​​​កក។

Orcas គឺជា​ថនិកសត្វ​សមុទ្រហើយពួកវា​អាច​អត់​ដង្ហើម​បាន​រហូតដល់ ១៥ ​នាទី​នៅ​ក្រោម​ទឹក។ នេះ​បើ​យោងតាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ត្រី​បា​ឡែ​ន​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។

ក្នុង​​ឆ្នាំ ២០០៥​ ក្រុមត្រី​បាឡែន Orcas ១ ក្រុម ​​ត្រូវ​បាន​​ជាប់​​នៅក្នុង​ស្ថានភាពស្រដៀង​គ្នា​នេះហើយ​​ភាគច្រើន​នៃ​ពួកវា​ត្រូវបាន​គេ​រាយការណ៍​ថា​ បាន​ងាប់។នេះ​បើ​យោងតាម NHK ដោយ​ដកស្រង់​សម្តី​មន្ត្រី​ក្រុង Rausu។

Rausu គឺជា​កន្លែង​មើល​ត្រី​បា​ឡែ​ន​ដ៏​ពេញនិយម​នៅក្នុង​ប្រទេស​ជប៉ុនហើយ​ទឹកកក​សមុទ្រ​ដែល​​រសាត់​គឺជា​ទិដ្ឋភាព​ទូទៅ​ក្នុង​រដូវរងា៕