ស្ថានទូតចិនប្រចាំប្រទេសហូឡង់ បានច្រានចោលការចោទប្រកាន់ក្នុងរបាយការណ៍ថ្មីមួយដែលអះអាងថា រដ្ឋាភិបាលចិននៅពីក្រោយការវាយប្រហារតាមអ៊ិនធឺណិតលើបណ្ដាញយោធាហូឡង់ កាលពីឆ្នាំមុន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ស្ថានទូតបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនាថ្ងៃពុធនេះថា ប្រទេសចិន នឹងមិនអនុញ្ញាតឱ្យអង្គភាព ឬបុគ្គលណាមួយរបស់ចិន ធ្វើសកម្មភាពខុសច្បាប់ ដូចជាការវាយប្រហារតាមអ៊ិនធឺណិត ឬប្រើប្រាស់មធ្យោបាយអ្វីមួយរបស់ចិន សម្រាប់ការវាយប្រហារបែបនេះឡើយ។
អ្នកនាំពាក្យស្ថានទូតចិន បាននិយាយយ៉ាងដូច្នេះថា៖ «ចិនប្រឆាំងនឹងការលើកឡើងបែបព្យាបាទ និងការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ហើយធ្វើការតស៊ូមតិសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការពារសន្តិសុខតាមអ៊ិនធឺណិតតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ»។
អ្នកនាំពាក្យដដែលបន្តថា៖ «រដ្ឋាភិបាលចិនតែងតែប្រឆាំងដាច់ខាត និងបង្ក្រាបរាល់ទម្រង់នៃការវាយប្រហារតាមអ៊ិនធឺណិត ស្របតាមច្បាប់របស់ខ្លួន»។
កាលពីថ្ងៃអង្គារ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ហូឡង់បាននិយាយថា ចារកម្មតាមអ៊ិនធឺណិតដែលគាំទ្រដោយរដ្ឋចិន បានហ៊ែកចូលប្រើប្រាស់បណ្តាញយោធាហូឡង់កាលពីឆ្នាំមុន ដោយចាត់ទុកថា សកម្មភាពបែបនេះគឺជាផ្នែកមួយនៃនិន្នាការចារកម្មនយោបាយរបស់ចិន ប្រឆាំងនឹងហូឡង់ និងសម្ព័ន្ធមិត្ត។
នេះជាលើកទី១ហើយ ដែលប្រទេសហូឡង់បានចោទប្រកាន់ជាសាធារណៈថាចិនជាប់ពាក់ព័ន្ធនឹងចារកម្មតាមអ៊ិនធឺណិត ខណៈភាពតានតឹងផ្នែកសន្តិសុខជាតិកើនឡើងរវាងប្រទេសទាំង ២។
បើតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ហូឡង់ដដែល ពួកជនអនាមិក (ហ៊ែកឃើរ) បានដាក់មេរោគសូហ្វវែរចូលទៅក្នុងបណ្ដាញអ៊ិនធឺណិតកងកម្លាំងប្រដាប់អាវុធហូឡង់ ដែលប្រើសម្រាប់ការស្រាវជ្រាវសម្ងាត់ដោយមនុស្ស ៥០ នាក់។
ការច្រានចោលរបស់ចិនលើការចោទប្រកាន់របស់ហូឡង់នេះ ធ្វើឡើងបន្ទាប់ពីចិនកាលពីថ្ងៃអង្គារ បានច្រានចោលអំពីទំនាក់ទំនងជាមួយក្រុមហ៊ែកឃើរចិន ដែលរដ្ឋាភិបាលហ្វីលីពីនអះអាងថា ប៉ុងប៉ងហ៊ែកចូលគេហទំព័ររដ្ឋាភិបាលហ្វីលីពីន៕