អ៊ីស្រាអែល​​ ដែល​កំពុង​​​​ប្រយុទ្ធ​​​ក្នុងសង្គ្រាម​កម្ចាត់​ក្រុមហាម៉ាស់​ នៅ​តំបន់ហ្គាហ្សា ​ដែនដី​ប៉ាឡេស្ទីន បាន​ជូន​ដំណឹង​​នៃ​ការ​ស្លាប់​របស់​ចំណាប់ខ្មាំង​ដែល​ត្រូវបាន​ចាប់​ពង្រត់​​ទៅ​កាន់​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​ ដែល​​មនុស្ស​ជាច្រើន​នៅក្នុង​ប្រទេស​ស្លុត​ចិត្តកាលពី​ថ្ងៃទី៦ ខែកុម្ភៈ ​ខណៈពេលដែលវត្តមាន​របស់​​​រដ្ឋមន្ត្រី​ការបរទេសអាមេរិក​​​​​នៅ​តំបន់​មជ្ឈិមបូព៌ា​​ដើម្បី​​សម្រេច​បាន​នូវបទ​ឈប់បាញ់​ថ្មី​មួយ។ 


ដំណឹង​​ដែល​ប្រកាស​ដោយ​យោធា​​អ៊ីស្រាអែល ដែល​ថា​៖​«យ៉ាងហោចណាស់ ​១​ ភាគ ​៥ ​នៃ​​ចំណាប់ខ្មាំង ដែល​នៅសេសសល់បាន​បាន​ស្លាប់​ហើយ​»​ទំនង​ជា​ធ្វើ​ឲ្យ​មានការ​ខឹងសម្បា​កាន់​តែ​អាក្រក់​ឡើង​នៅក្នុង​ប្រទេស​អ៊ីស្រាអែល ដែល​ការជជែក​ដេញដោល​ជុំវិញ​សកម្មភាព​របស់​រដ្ឋាភិបាល​នៅ​តំបន់ហ្គាហ្សា​ទាក់ទង​នឹង​ចំណាប់ខ្មាំង​បានក្លាយ​ជាការ​បែកបាក់។

មន្ត្រី​ចារកម្ម​អ៊ីស្រាអែល ​បាន​សន្និដ្ឋានថា យ៉ាងហោចណាស់​ចំណាប់​ខ្មាំង ​៣០​ នាក់​​ ក្នុងចំណោម​ចំណាប់ខ្មាំង១៣៦​ នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​ក្រុម​ហា​ម៉ាស់ និង​សម្ព័ន្ធមិត្ត​កាលពី​ថ្ងៃទី៧ ខែតុលា បាន​ស្លាប់​​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​សង្គ្រាម។ នេះ​បើ​យោងតាម​ការវាយតម្លៃ​សម្ងាត់​​ដែល​ត្រូវបាន​ពិនិត្យ​ដោយ​កាសែត The New York Times ។


សាកសព​របស់​ជនជាតិ​អ៊ីស្រាអែល ​២ នាក់​ ផ្សេងទៀត​ ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ឆ្នាំ២០២៤ ក្នុងអំឡុងពេល​សង្គ្រាម​ពីមុន​រវាង​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស់ ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ទឹកដី​ចាប់តាំងពី​ពេលនោះ​មក ដែលនាំឱ្យ​ចំនួន​ចំណាប់ខ្មាំង​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ហ្គា​ហ្សា ​សរុប​មាន​យ៉ាងហោចណាស់ ៣២​ នាក់។


រដ្ឋាភិបាល​អ៊ីស្រាអែល​ កាលពី​ល្ងាច​ថ្ងៃទី៦​ ខែកុម្ភៈ​ បានចេញ​សេចក្តី​ថ្លែងការណ៍​​មួយ​ដោយ​និយាយថា​មនុស្ស ៣១នាក់​ត្រូវបាន​បញ្ជាក់ថា​បាន​ស្លាប់។ ភាពខុសគ្នា​រវាងតួ​លេខ​ទាំង២​មិនអាច​ផ្សះផ្សា​បានភ្លាមៗទេ។


ឧ​ត្ត​មនា​វី​ទោ Daniel Hagari អ្នកនាំពាក្យ​របស់​យោធា​អ៊ីស្រាអែល ប​​បាន​និយាយ​នៅ​ថ្ងៃទី៦ ​ខែកុម្ភៈ បន្ទាប់​ពី​​​សារព័ត៌មានផ្សព្វផ្សាយ​​របាយការណ៍​​​អំពី​ការ​ស្លាប់​ចំណាប់ខ្មាំង​ ដែល​មិនបង្ហាញ​​​ពី​មុន​ថា៖​ «យើង​បាន​ជូនដំណឹង​ដល់​គ្រួសារ​ចំណាប់​ខ្មាំង​​ចំនួន ៣១ ​នាក់​​​ ថា​ មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​ដែល​ត្រូវបាន​ចាប់ខ្លួន​គឺ​លែង​ស្ថិត​ក្នុង​​ចំណោម​អ្នក​ដែល​នៅ​រស់ ហើយ​ថា​យើង​បានប្រកាសថា​ពួកគេ​បាន​ស្លាប់»។​

មន្ត្រី​​ ៤​​ នាក់​​ បាន​​និយាយ​ថា មន្ត្រី​ចារកម្ម​អ៊ីស្រាអែល ​ក៏​កំពុង​វាយ​តម្លៃ​ព័ត៌មាន​​ដែល​​មិនបាន​បញ្ជាក់​ដែល​បង្ហាញថា​ចំណាប់ខ្មាំង​យ៉ាងហោចណាស់ ២០​នាក់​​ផ្សេង​ទៀត​​ ប្រហែលជា​ត្រូវបាន​សម្លាប់​ផងដែរ។

ចំណាប់ខ្មាំង​ជាង ២៤០ ​នាក់ ​ត្រូវបាន​ចាប់ខ្លួន​ដោយ​ក្រុម​ហា​ម៉ាស់​ និង​សម្ព័ន្ធមិត្ត​​របស់​ខ្លួន​​ក្នុង​អំឡុងពេល​ការ​វាយឆ្មក់​កាលពី​ថ្ងៃទី៧ ​ខែតុលា ទៅលើ​ភាគ​ខាងត្បូង​អ៊ីស្រាអែល ដែល​ជំរុញ​ឱ្យ​អ៊ីស្រាអែល​សងសឹក​ជាមួយនឹង​ការ​វាយ​ប្រហារ​តាម​អាកាស​ដ៏​ខ្លាំង​ក្លា ហើយ​បន្ទាប់មក​មានការ​ឈ្លានពាន​លើដី។

ប្រហែល​ពាក់កណ្តាល​នៃ​ចំណាប់ខ្មាំង​ត្រូវបាន​ដោះលែង ស្ទើរតែ​ទាំងអស់​ក្នុង​អំឡុង​ពេល​បទ​ឈប់​បាញ់​បណ្តោះអាសន្ន​​​កាល​ចុង​ខែវិច្ឆិកា​២០២៣​ នៅ​ពេល​ដែល​​ពួកគេ​​ត្រូវបាន​ប្តូរ​សម្រាប់​អ្នកទោស​និង​អ្នក​ឃុំឃាំង​ប៉ា​ឡេ​ស្ទី​ន ២៤០ នាក់​​ ដែល​​ត្រូវ​បាន​​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​អ៊ីស្រាអែល។

ចាប់តាំងពី​បទ​ឈប់​បាញ់​នោះមក រដ្ឋាភិបាល​អ៊ីស្រាអែល​ បាន​និយាយថា ប្រតិបត្តិការ​យោធា​របស់ខ្លួន​នៅក្នុង​តំបន់​ហ្គា​ហ្សា​នឹង​ត្រួសត្រាយ​ផ្លូវ​ដល់​ការ​ដោះ​លែង​​ចំណាប់ខ្មាំង​បន្ថែមទៀត។

ប៉ុន្តែ​អ្នក​នៅរស់ និង​ក្រុមគ្រួសារ​នៃ​ចំណាប់ខ្មាំង​បាន​និយាយថា យុទ្ធនាការ​យោធា​កំពុង​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ៕​​