ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួ បានរាយការណ៍ថា ប្រទេសចិន នៅថ្ងៃពុធ បានបើកសម្ពោធស្ថានីយស្រាវជ្រាវវិទ្យាសាស្ត្រនៅសមុទ្ររ៉ូសនៃទ្វីបទឹកកកអង់តាក់ទិក នាភាគខាងត្បូងនៃប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ជាលើកដំបូង។
បើតាមស៊ីនហួ ស្ថានីយស្រាវជ្រាវ ដែលមានឈ្មោះថា Qinling នឹងដាក់បុគ្គលិកប្រចាំការពេញ ១ ឆ្នាំ ជាមួយនឹងគ្រឿងផ្គត់ផ្គង់សម្រាប់មនុស្សរហូតដល់ ៨០ នាក់ នារដូវក្ដៅ។ ស្ថានីយនេះមានទីតាំងនៅលើឆ្នេរថ្មនៃកោះ Inexpressible ក្នុងសមុទ្ររ៉ូស (Ross Sea) និងស្ថិតនៅជិតស្ថានីយ៍ស្រាវជ្រាវរបស់អាមេរិក McMurdo ដែលមានមនុស្សប្រចាំការជាអចិន្ត្រៃយ៍។
ក្នុងរបាយការណ៍មួយចេញផ្សាយកាលពីខែមេសា មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បាននិយាយថា ស្ថានីយ Qinling រំពឹងថានឹងមានកន្លែងសង្កេតដោយប្រើផ្កាយរណបនៅលើដីមួយ ហើយវានៅចំទីកន្លែងយ៉ាងល្អដើម្បីប្រមូលសញ្ញាស៊ើបការណ៍រំលងលើប្រទេសអូស្ត្រាលី និងនូវែលសេឡង់។
អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីខែមេសា ឆ្នាំមុន បាននិយាយថា ការព្រួយបារម្ភពីបណ្តាប្រទេសរួមទាំងអូស្ត្រាលី ដែលថាចិនអាចប្រើប្រាស់ស្ថានីយ៍ស្រាវជ្រាវរបស់ខ្លួន សម្រាប់ការឃ្លាំមើលប្រទេសដទៃ គឺជាការមិនចាំបាច់ ហើយថា ស្ថានីយ៍នេះកសាងឡើងសម្រាប់ការអភិវឌ្ឍដោយសន្តិភាពនៃប៉ូលខាងត្បូង។
ស៊ីនហួបានរាយការណ៍ថាប្រធានាធិបតីចិន លោក ស៊ី ជីនភីង នៅថ្ងៃពុធនេះ បានបើកស្ថានីយស្រាវជ្រាវនេះ និងបានជំរុញឱ្យបុគ្គលិកស្ថានីយ៍ត្រូវតែដឹង ការពារហើយប្រើប្រាស់តំបន់ប៉ូលខាងត្បូង រួមជាមួយនឹងសហគមន៍អន្តរជាតិ។
ការសាងសង់ស្ថានីយ Qinling បានចាប់ផ្តើមដំណើរការដំបូងក្នុងឆ្នាំ ២០១៨ ប៉ុន្តែត្រូវបានពន្យារពេលដាក់ឱ្យដំណើរការដោយសារតែការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩។ ក្នុងខែវិច្ឆិកា ឆ្នាំមុន ប្រទេសចិនបានបញ្ជូនកងនាវាចម្បាំងដ៏ធំបំផុតរបស់ខ្លួននៅទ្វីបអង់តាក់ទិក ដែលមានយោធាជាង ៤៦០ នាក់ ទៅកាន់ទីតាំងផ្ទាល់ ដើម្បីជួយបញ្ចប់ការសាងសង់ស្ថានីយនេះ។
ស្ថានីយ Qinling គឺជាស្ថានីយស្រាវជ្រាវទី៥ របស់ចិន នៅអង់តាកទិក ដោយប្រទេសនេះមានស្ថានីយ៍ស្រាវជ្រាវចំនួន ៤ ផ្សេងទៀត នៅតាមផ្នែកផ្សេងៗនៃទ្វីបទឹកកកដដែល ដោយបានសាងសង់ចន្លោះពីឆ្នាំ ១៩៨៥-២០១៤ ដែលក្នុងនោះរួមមានស្ថានីយ Zhongshan ស្ថានីយTaishan ស្ថានីយ Kunlun និងស្ថានីយ Great Wall ជាដើម៕