​ប្រទេស​អាល្លឺម៉ង់ ​ស្ថិតនៅ​តំបន់​អឺរ៉ុប និង​ម៉ុង​ហ្គោ​លី ​នៅ​ចន្លោះ​មហាអំណាច​រុស្ស៊ី និង​ចិន កំពុង​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​ចូលទៅក្នុង​ភាពជា​ដៃគូ​យុទ្ធ​សាស្ត្រ ខណៈដែល​ប្រទេស​ទាំង​ ២​ ​ចង់​ធ្វើការ​កាន់តែ​ជិត​ស្និទ្ធ​លើ​ផ្នែក​គោលនយោបាយ​មួយចំនួន រួមទាំង​ក្នុង​ឧស្សាហ​កម្ម​រ៉ែ​។ នេះ​បើ​យោងតាម​ទី​ភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។​

​រ៉​យ​ទ័​រដែ​ល​បានឃើញ​កិច្ច​សន្យា​ជាមួយ​ប្រទេស​សម្បូរ​ធនធាន​ម៉ុង​ហ្គោ​លី ​នឹងត្រូវ​ចុះ​​ហត្ថលេខា​នៅ​ថ្ងៃ​ពុធ ​ក្នុងអំឡុង​ពេល​ទស្សនកិច្ច​របស់​ប្រ​ធានា​ធិបតី​អាល្លឺម៉ង់ Frank-Walter Steinmeier ទៅកាន់​ម៉ុង​ហ្គោ​លី​។​

​ក្រៅពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ឧស្សាហកម្ម​រ៉ែ ម៉ុង​ហ្គោ​លី​ចង់​គាំទ្រ​មហិច្ឆតា​របស់​អាល្លឺម៉ង់​សម្រាប់​កៅអី​អចិ​ន្រៃ្ត​យ៍​នៅលើ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ សហប្រជាជាតិ​។​អាល្លឺម៉ង់​ដែលជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អឺរ៉ុប ចង់​គាំទ្រ​ម៉ុង​ហ្គោ​លី​នៅ​តំបន់​អាស៊ី​​បូព៌ា​នេះ​ជាមួយនឹង​កំណែទម្រង់​ប្រព័ន្ធតុលាការ និង​ផ្លូវច្បាប់​។​


​លើសពីនេះ សក្តានុពល​ដ៏​ធំ​សម្បើម​របស់​ប្រទេស​ម៉ុង​ហ្គោ​លី​ សម្រាប់​ថាមពលខ្យល់ និង​ថាមពល​ពន្លឺព្រះអាទិត្យ​គឺ​ត្រូវបាន​ពង្រីក​ដើម្បី​ជួយ​ប្រទេស​នេះ​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​។​

​អាល្លឺម៉ង់​ក៏​ចង់​ជួយ​ប្រទេស​នៅ​ចន្លោះ​មហាអំណាច​ចិន និង​រុស្ស៊ី​ ជាមួយនឹង​ការអប់រំ​កាន់តែ​ប្រសើរឡើង និង​ការលើកកម្ពស់​ក្រុមហ៊ុន​ខ្នាតតូច និង​មធ្យម ដែលជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ផងដែរ​។​​ កិច្ចព្រមព្រៀង​វត្ថុធាតុដើម​ត្រូវបាន​សម្រេច​រួចហើយ​ជាមួយ​ម៉ុង​ហ្គោ​លី​ក្នុង​ឆ្នាំ​ ២០១១ ​ក្រោម​ការដឹកនាំ​របស់​អធិការបតី​ដ៏​មាន​ឥទ្ធិពល Angela Merkel​។​


​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ម៉ុង​ហ្គោ​លី ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ ​ក្នុង​ឆ្នាំ ២០២២ អធិការបតី​អាល្លឺម៉ង់ Olaf Scholz បាន​រំឭក​ឡើងវិញ​នូវ​បំណងប្រាថ្នា​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទាំង​នេះ​៕